ព្រឹទ្ធសភា​ ដាក់​វិធានការតឹងរឹងដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩​

 

វិទ្យុជាតិកម្ពុជា​ ៖លោកជួន​ បូណបូណា

ភ្នំពេញ៖ព្រឹទ្ធសភា បានដាក់​វិធានការតឹងរឹងដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩​ ក្នុង​ការបញ្ចៀសការឆ្លងរីករាលដាលជំងឺកាចសាហាវមួយនេះចូលមកក្នុងស្ថាប័នព្រឹទ្ធសភា​។

ឯកឧត្តម​ ម៉ម​ ប៊ុននាង​សមាជិក​ និង​ជាអ្នក​នាំពាក្យ​ព្រឹទ្ធសភា​មានប្រសាសន៍ថា​ សម្ដេច​សេនាភក្ដី​ សាយ​ ឈុំ​ ប្រធានព្រឹទ្ធសភា​បានណែនាំ​ឱ្យ​អគ្គលេខាធិការ​ព្រឹទ្ធសភា​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់បំផុត​ តាមរយ:ការបាញ់ថ្នាំសម្លាប់មេរោគឱ្យបានជាប់ជាប្រចាំ​នៅក្នុងបរិវេណព្រឹទ្ធសភា និងក្នុងបន្ទប់ធ្វើការ។

ពិសេស​ត្រូវ​អប់រំ​ណែនាំ​ដល់បុគ្គលិកគ្រប់លំដាប់ថ្នាក់ត្រូវរក្សាអនាម័យ​ លាងសម្អាតដៃជាមួយសាប៊ូ​ ទឹកអាល់កុល​ ឬជែលឱ្យបានញឹកញាប់ និងរក្សាគម្លាតនៅកន្លែងធ្វើឱ្យបានត្រឹមត្រូវ​ ដើម្បី​ធានា​កុំឱ្យមានការឆ្លងជំងឺកូវីដ-១៩នៅក្នុងអង្គភាព​ និងសហគមន៍​។
៉ព្រឹទ្ធសភាបានយកចិត្ដទុកដាក់បំផុត ក្រោមការដឹករបស់សម្ដេចសេនាភក្ដីសាយ​ ឈុំ​ ប្រធានព្រឹទ្ធសភា​ លោកមាន​ការ​ណែនាំ​ឱ្យ​អគ្គលេខាធិការ​ព្រឹទ្ធសភា​ត្រូវ​យកចិត្តទុកដាក់​បាញ់ថ្នាំសម្លាប់មេរោគនៅគ្រប់ទីកន្លែងទាំងអស់​ ដើម្បីកុំឱ្យមេរោគរាតត្បាតនេះចូលមកដល់ស្ថាប័នព្រឹទ្ធសភាយើងនេះ ៉។

ឯកឧត្តម​បានបញ្ជាក់ថា​ ការដាក់វិធានការបែបនេះ​ ដើម្បីទប់ស្កាត់​ និងឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាព​ បន្ទាប់ពី​ស្ថានភាពជំងឺកូវីដ-១៩កំពុងមានភាពតានតឹង​ និងគំរាមកំហែងខ្លាំងនៅកម្ពុជា។

សូមបញ្ជាក់ថា​ មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋ​សភា​មួយរូប​ត្រូវបានឆ្លងជំងឺកូវីដ-១៩​ បន្ទាប់ពី​បានប៉ះពាល់​ផ្ទាល់ជាមួយរដ្ឋមន្រ្ដីការបរទេសហុងគ្រីដែលមកទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២០នេះ​ ហើយក៏មានបុគ្គល​ប៉ះពាល់ផ្ទាល់​ និងប្រយោលសរុបមានប្រមាណជាង១ពាន់នាក់​ ត្រូវដាក់ឱ្យធ្វើចត្ដាឡីស័ករយៈពេល១៤ថ្ងៃផងដែរ៕