អ្នកនាំពាក្យ​ក្រសួង​អប់រំ​៖ សិស្ស​ថ្នាក់​ទី​១២ អាច​សាកល្បង​ប្រឡង​មុខវិជ្ជា​បាក់​ឌុប តាម​ប្រព័ន្ធ​ពង្រឹងសមត្ថភាព​

AKP ភ្នំពេញ ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០
​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​លើកឡើងថា ក្រសួង​បាន​បង្កើត​ប្រព័ន្ធ​ពង្រឹងសមត្ថភាព​សិស្ស​ថ្នាក់​ទី​១២ សម្រាប់​ឱ្យ​សិស្ស​អាច​តេស្ត​សមត្ថភាព ដើម្បី​ចង់ដឹង​ពី​កម្រិត​ចំណេះដឹង​របស់​ពួកគេ សម្រាប់​ត្រៀមខ្លួន​ប្រឡង​បាក់​ឌុប​នៅ​ថ្ងៃ​ខាងមុខ​។ ទន្ទឹមនេះ សិស្សានុសិស្ស​អាច​តេស្ត​សមត្ថភាព​លើ​មុខវិជ្ជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង​ប្រវត្តិវិទ្យា តាមរយៈ​៖ https://exam.moeys.gov.kh​។​

​ឯកឧត្ដម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បញ្ជាក់ថា ប្រព័ន្ធ​នេះ​នឹងធ្វើ​ឱ្យ​សិស្ស​ថ្នាក់​ទី​១២​ទាំងអស់ អាច​ពង្រឹង និង​តេស្ត​សមត្ថភាព​ខ្លួនឯង​នៅ លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត តាមរយៈ​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន និង​កុំព្យូទ័រ ទៅលើ​មុខវិជ្ជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង​ប្រវត្តិវិទ្យា​។ ឯកឧត្ដម​បាន​បន្ថែម​ថា គិត​មកដល់ពេលនេះ ជា​ដំណាក់​កាលដែល​ក្រសួង​អប់រំ យុវជន និង​កីឡា​បន្ត​ស្វាគមន៍​សិស្សានុសិស្ស​ឱ្យចូល​មកប្រើប្រាស់​យន្តកា​រ ប្រព័ន្ធ​ពង្រឹងសមត្ថភាព​សិស្ស​ថ្នាក់​ទី​១២ ដែល​បង្កើតឡើង សម្រាប់​សិស្ស​ពង្រឹង និង​តេស្ដ​សមត្ថភាព​ខ្លួនឯង​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​។ ជាមួយគ្នានេះ ប្រព័ន្ធ​នេះ សិស្ស​អាច​ពង្រឹង និង​តេស្ដ​សមត្ថភាព​ដោយ​ខ្លួនឯង​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ដោយ​អាច​ប្រើប្រាស់​បាន​ទាំង​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​កុំព្យូទ័រ និង​កុំព្យូទ័រ​បន្ទះ​ផងដែរ​។​
​ ​
​ឯកឧត្ដម​បាន​អះអាងថា ក្នុងករណី​សិស្សានុសិស្ស​មាន​ចម្ងល់​លើ​ការប្រើប្រាស់​ប្រព័ន្ធ​ធ្វើតេស្ត​សមត្ថភាព​នេះ ពួកគេ​អា​ចខ​ល​ទាក់ទង​ក្រសួង​អប់រំ ដើម្បី​សុំ​ការពន្យល់​បន្ថែម​តាមរយៈ​លេខ​ទូរ​សព្ទ (០៦៦ ៩០១ ៨០០)​។
​ ​
​សូមបញ្ជាក់​ផងដែរ​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ (​ឌី​ប្លូ​ម​) នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ហើយ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) ធ្វើឡើង​នៅ​ថ្ងៃទី​២១-២២ ខែធ្នូ ឆ្នាំ​២០២០​។ ចំពោះ​បេក្ខជន​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​មាន​ជាង​១២​ម៉ឺន​នាក់ ដោយមាន​មណ្ឌល​ប្រឡង​ចំនួន​២១០​មណ្ឌល​៕ ដោយ​៖ រិទ្ធី ប្រភព​៖ ក្រសួង​អប់រំ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល