រដ្ឋបាលខេត្ត​បាត់ដំបង ប្រារព្ធ​ខួប​លើក​ទី ៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​

AKP បាត់ដំបង ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០–
​នៅ​ព្រឹក​ថ្ងៃ​១១​រោច ខែកត្តិក ឆ្នាំជូត ទោ ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ឯកឧត្តម អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ ឯក សំ​អូន មេ​បញ្ជា ការរង​កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៥ បាន​អញ្ជើញ​ចូលរួម​ខួប​លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ទិវា​កំណើត នៃ​កងយោធពល​ខេមរភូមិន្ទ នៅមុខ​សាលាខេត្ត ដោយមាន​ការចូលរួម​ពី​ដឹកនាំ មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ផងដែរ ។​

​ឯកឧត្តម ងួន រតន​: អភិបាលខេត្ត​បាត់ដំបង បាន​អាន​សារលិខិត​ទាំងស្រុង និង​បាន​ថ្លែងថា ៩​វិច្ឆិកា ជា​ទិវា​ឯករាជ្យ​ជាតិ និង​ជា​កំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ ដែលជា​ថ្ងៃ​ប្រវត្តិសាស្ត្រ នៃ​ការប្រកាស​ឯករាជ្យ​ពេញលេញ​របស់​កម្ពុជា ក្រោម​ព្រះរាជ​បូនីយកិច្ច និង​ព្រះរាជ​បេសកកម្ម​ទាមទារ​ឯករាជ្យ ពី​អាណានិគមនិយម​បារាំង​នា​ឆ្នាំ​១៩៥៣ របស់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​វ​រាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ​។ ប្រជារាស្ត្រ​របស់​ព្រះអង្គ​ទាំងអស់គ្នា តែងតែ​ចងចាំ និង​ចារឹក​ជាប់​ជានិច្ច​ក្នុង​ជីវិត​នូវ​ព្រះមហា​ករុណា​ទិ​គុណ ប្រកបដោយ​ព្រហ្ម​វិហារធម៌​យ៉ាង​ជ្រាលជ្រៅ របស់​ព្រះករុណា ដែល​កន្លងមក​ព្រះអង្គ​បាន​បូជា ព្រះកាយពល និង​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ដើម្បី​ធ្វើការ​តស៊ូ ក្នុង​ក្របខ័ណ្ឌ នៃ​ព្រះរាជ​បូជនីយកិច្ច ទាមទារ​ឯករាជ្យ​នៅ​កម្ពុជា ឱ្យ​រួច​ផុតពី​អាណានិគមនិយម​បារាំង​។

​ឯកឧត្តម​អភិបាលខេត្ត បានបញ្ជាក់​ទៀតថា ព្រះអង្គ​បាន​បន្សល់ទុក​នូវ​ស្នា​ព្រះហស្ត​ដោយ​ពុំ​អាច​កាត់ថ្លៃ​បាន រហូតមកដល់​សព្វថ្ងៃ ព្រមទាំង​បាន​ត្រួសត្រាយ​មាគ៌ា សន្តិភាព សាមគ្គីភាព និង វឌ្ឍនភាព សង្គមជាតិ​ខ្មែរ​ទាំងមូល ដែល​យើងទាំងអស់គ្នា ជា​កូន ជា​ចៅ ចៅទួត របស់​ព្រះអង្គ​បាន​ដង្ហែ​តាម​មាគ៌ា​ដ៏​ថ្លៃថ្លា​នេះ​រហូតមក ទោះបី​ព្រះអង្គ​យាង​ចូល​ព្រះ​ទិវង្គត​ហើយក៏​ដោយ ។​

​ក្នុងនាម​រដ្ឋបាលខេត្ត សូម​ជំរុញ​ឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ខិតខំ​ប្រឹងប្រែង​ក្នុងការ​ចាត់វិធានការ​នានា​ដើម្បី​បង្ការ​ទប់ស្កាត់ នូវ​ផែនការ​ទុច្ចរិត​របស់​ក្រុមប្រឆាំង​រាជរដ្ឋាភិបាល សំដៅ​ថែរក្សា​នូវ​សុខសន្ដិភាព ស្ថិរភាព​នយោបាយ និង​ភាព​សុខក្សេមក្សាន្ត​របស់​ប្រជាជាតិ​ទាំងមូល​របស់​យើង​៕​ដោយ​៖ ណ​យ នឿន ប្រភព​៖ រដ្ឋបាលខេត្ត​បាត់ដំបង សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​