ក្រសួងទេសចរណ៍ណែនាំដល់គ្រប់មន្ទីរទេសចរណ៍រាជធានីខេត្ត បន្តអនុវត្តវិធានសុវត្ថិភាពនៅគ្រប់មូលដ្ឋានអាជីវកម្ម

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១១/១១/២០២០

MC: ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំដល់គ្រប់មន្ទីរទេសចរណ៍រាជធានីខេត្ត បន្តកិច្ចសហការជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នៅគ្រប់មូលដ្ឋានអាជីវកម្ម និងត្រូវរៀបចំជាកម្មវិធីចុះត្រួតពិនិត្យជាប់ជាប្រចាំ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំបន្ថែមផងដែរដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងទេសចរណ៍ឱ្យបន្តចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការងារអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នេះនៅតាមគោលដៅរាជធានីខេត្តទាំង២៥ ឱ្យមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ ក៏ក្រើនរំលឹកដល់គ្រប់អាជ្ញាធរពាក់ព័ន្ធ និងអាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោកទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។
គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២០ អាជីវកម្មទេសចរណ៍នៅកម្ពុជាសរុបចំនួន២.៨៣៨ទីតាំងស្មើនឹង២៩,៦៣ភាគរយ នៃអាជីវកម្មសរុប បានបិទ និងព្យួរ ដែលធ្វើឱ្យប៉ះពាល់ដល់បុគ្គលិកសរុបជាង៥ម៉ឺននាក់។
សូមបញ្ជាក់ថា ដើម្បីដោះស្រាយ និងទ្រទ្រង់ស្ថានភាពអាជីវកម្មទេសចរណ៍ក្នុងដំណាក់កាលកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់នូវវិធានការ គ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ បានចំនួន៦ជុំ រួមមាន វិធានការពន្ធដារ វិធានការគាំពារកម្មករ-និយោជិត និងវិធានការលើកលែងកម្រៃនៃការបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទនៅទូទំាងប្រទេសសម្រាប់ឆ្នាំ២០២១៕