អាជ្ញាធរ​ខេត្តសៀមរាប​ជំ​រុញឱ្យ​ម្ចាស់​ភោជនីយដ្ឋាន​ទាំងអស់​អនុវត្តន៍​វិធាន​សុវត្ថិភាព​ទេសចរ​ឱ្យបាន​ល្អ ខណៈ​ទីតាំង​មណ្ឌល​កម្សាន្ត​នានា​ក្នុង​ខេត្តសៀមរាប​ត្រូវបាន​បិទ​បណ្តោះអាសន្ន

AKP សៀមរាប ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០–
​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​នៅ​រសៀល​ថ្ងៃ​១០​រោច ខែ​ក​ត្ដិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​អញ្ជើញ​ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​ទាំងអស់​នៅក្នុង​ខេត្តសៀមរាប មក​ណែនាំ​បន្ថែម អំពី​ការបិទជា​បណ្តោះអាសន្ន​ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​កូ​វីដ​១៩​ចូលក្នុង​សហគមន៍​។​

​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប បាន​ថ្លែងថា កី​វិដ​-១៩​នៅតែ​តាម​យាយី​និង​ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅលើ​ពិភពលោក​។ នៅក្នុង​ព្រឹត្តិ ការណ៍ ០៣ វិច្ឆិកា បានធ្វើឱ្យ​ប្រជាជន​ខ្មែរ​មួយចំនួន​បាន​ឆ្លង​កូ​វីដ​-១៩ ដែល​ត្រូវឱ្យ​យើងទាំងអស់គ្នា​ចូល​រួមគ្នា​ទប់ស្កាត់​ការរីក​រាលដាល​កូ​វីដ​-១៩ ជាពិសេស​គឺ​ការ​រាលដាល​ចូលក្នុង​សហគមន៍​។ នៅក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ អាជ្ញាធរខេត្ត​បានសម្រេច​បន្ត​បិទ​ជា​បណ្តោះអាសន្ន​អាជីវកម្ម KTV ក្លិប​កម្សាន្ត​ខារ៉ាអូខេ រង្គសាល ឌី​ស្តូ​តែ​ក និង​បៀរហ្គាឌិន តាម​ការប្រកាស​របស់​ក្រសួងសុខាភិបាល ហើយ​បើ​ម្ចាស់​ទីតាំង​មជ្ឈមណ្ឌល​កម្សាន្ត​មួយណា​មិន​គោរ​តាម នឹងត្រូវ​អនុវត្តន៍​តា​ម​ច្បាប់​។ ប៉ុន្តែ​សម្រាប់​ភោជនីយដ្ឋាន គឺ​មិនទាន់​ត្រូវបាន​បិទ​ទេ តែ​លោក​បាន​ជំ​រុញឱ្យ​ម្ចាស់​ភោជនីយដ្ឋាន និង​ផ្ទះសំណាក់ សណ្ឋាគារ ទាំងអស់ ត្រូវ​បន្ត​អនុវត្តន៍​វិធាន​សុវត្ថិភាព​ទេសចរ ដែល​រួមមាន​៖ ការលាង​សម្អាត​ដៃ​នឹង​សាប៊ូ អាល់កុល​ជាប្រចាំ ,​ការរក្សា​គម្លាត​សុវត្ថិភាព​, ត្រូវ​វាស់​កម្តៅ​រាល់​អ្នកចេញ​-​ចូល​របស់​ភ្ញៀវ បុគ្គលិក​ត្រូវ​ពាក់​ម៉ាស និង​វិធាន​ការណែនាំ​សំខាន់ៗ​មួយចំនួនទៀត​។

​លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់ថា ក្រុមការងារ​ចម្រុះ​ដែលមាន​មន្ទីរ​ទេសចរណ៍ មន្ទីរ​សុខាភិបាល រួមជាមួយ​មន្ត្រីនគរបាល​ជាដើម គឺ​នឹង​ចុះ​ពិនិត្យ​ជាប្រចាំ​នៅតាម​ម​ជ្ឈ មណ្ឌល​កម្សាន្ត ដើម្បី​បានដឹងថា បាន​បិទ​ហើយ​ឬ នៅ ចំណែក​នៅ​ភោជនីយដ្ឋាន និង​ផ្ទះសំណាក់ សណ្ឋាគារ ក៏​មន្ត្រី​ជំនាញ​តាមដាន​ផងដែរ​ថា តើ​បាន​អនុវត្តន៍​វិធានការ​សុវត្ថិភាព​ទេសចរ​បាន​ត្រឹមត្រូវ ឬ​អត់​? ៕ ដោយ​៖ ឃុ​ត សៅ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​