យុវជនងាយរងគ្រោះក្នុងខេត្តសៀមរាប នឹងទទួលបានឱកាសសិក្សាជំនាញពីគម្រោងជំនាញដើម្បីភាពជោគជ័យ

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្ត 

សៀមរាប៖ យុវជនងាយរងគ្រោះក្នុងខេត្តសៀមរាប នឹងទទួលបានឱកាសសិក្សាជំនាញពីគម្រោងជំនាញដើម្បីភាពជោគជ័យ ដែលអាចរួមចំណែកធ្វើឱ្យប្រសើរឡើងនូវអំណាចផ្នែកសេដ្ឋកិច្ច និងលើកកម្ពស់សមភាពយេនឌ័រដល់យុវជនងាយរងគ្រោះ។

ថ្លែងក្នុងសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយការដាក់ឱ្យដំណើរការគម្រោងជំនាញដើម្បីភាពជោគជ័យ នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២០នេះ លោក យី គីមថាន នាយករងប្រចាំប្រទេសផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជាយុវជនចេះតែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែពួកគេមានតែ កម្លាំងពលកម្ម នៅខ្វះជំនាញពិតប្រាកដ ពិបាករកការងារធ្វើ និង ប្រាក់កម្រៃមិនសមរម្យជាដើម។

លោកបញ្ជាក់ថា អង្គការបានសហការជាមួយអាជ្ញាធរខេត្ត អនុវត្តន៍គម្រោងដ៏មានសារៈសំខាន់មួយក្នុងការគាំទ្រ និង ផ្តល់វគ្គបណ្តុះបណ្តាល ទាំងជំនាញទន់និងជំនាញរឹងដល់យុវជនទាំងនោះ  ដើម្បីមានឱកាសទទួលបានការងារល្អៗ នៅក្នុងសង្គម។

សំឡេង៖«សម្រាប់អង្គការភ្លែន និងដៃគូអង្គការបណ្តុះកុមារ មើលឃើញថា មានសារៈសំខាន់ណាស់ពិសេសយុវជន ដោយសារយើងឃើញថាយុវជន បើយើងមើលនៅក្នុងប្រទេសកម្ពុជាយើងនេះ ឃើញថាយុវជនមានច្រើន កំណើនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ តាមតួលេខដែលបានឃើញនេះគឺថាប្រហែលជា១៨%នៃប្រជាជនសរុប គឺជាប្រជាជនដែលមានអាយុចន្លោះពី១៥ទៅ២៩ឆ្នាំ។អ៊ីចឹងចំនួនកើនឡើងនៃយុវជនអ្នកដែលមានកម្លាំងការងារកើនពីមួយឆ្នាំទៅមួយឆ្នាំ យើងឃើញថាពួកគាត់សព្វថ្ងៃ នៅខ្វះជំនាញ គាត់មានកម្លាំងពលកម្ម គាត់ទៅធ្វើការនៅទីកន្លែងផ្សេងៗ ប៉ុន្តែភាគច្រើនកម្លាំងពលកម្មនោះ គឺជាកម្លាំងពលកម្មដែលមិនមានជំនាញពិតប្រាកដ ដូច្នេះធ្វើឱ្យគាត់រកការងារធ្វើក៏មិនបានជាការងារសមរម្យ និងកម្រៃមិនសមរម្យ ដូច្នេះការផ្តល់នូវជំនាញពិតជាមានសារៈសំខាន់»។

លោកនាក់ ណេ រ៉ុន អភិបាលរងខេត្តសៀមរាបបានបង្ហាញការគាំទ្រចំពោះ ការដាក់ឱ្យដំណើរការគម្រោងជំនាញ ដើម្បីភាពជោគជ័យ ព្រោះថាស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយធម្មជាតិដែលបានកើតឡើងកន្លងមក និងធ្វើឱ្យយុវជនមានឱកាសទទួលបានជំនាញមួយដ៏សមស្របសម្រាប់ពួកគេ និងជៀសផុតពីភាពអវិជ្ជាផ្នែកបច្ចេកវិទ្យា ផងដែរ។                                                                                                                                                                                                  សំឡេង៖ ស្របគ្នានេះដែរ វគ្គបណ្តុះបណ្តាលដែលអង្គសិក្ខាសាលាបានប្រារព្ធធ្វើនេះដែរ គឺដើម្បីដាក់ឲ្យដំណើរការនូវ គម្រោងជំនាញដើម្បីភាពជោគជ័យសម្រាប់យុវជន ក៏ជាឱកាសមួយនៅក្នុងស្ថានភាពដែលប្រទេសយើង កំពុងប្រុងប្រៀប ឈរប្រយុទ្ធនឹងកូវីដ-១៩ ហើយក៏កំពុងប្រយុទ្ធនឹងគ្រោះធម្មជាតិ អ៊ីចឹងយើងក៏ត្រូវត្រៀមលក្ខណៈមួយ ដើម្បីរំដោះយុវជនរបស់ យើងឱ្យផុតពីភាពអវិជ្ជាផ្នែកបច្ចេកវិទ្យា ជាពិសេសផ្នែកទន់និងផ្នែករឹងក្នុងបច្ចេកវិទ្យា ដើម្បីចាប់ឱកាស ធ្វើយ៉ាងណាឱ្យយុវជន របស់យើងទទួលបាននូវជំនាញដែលសមស្របក្នុងការផលិត ឲ្យមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា  គម្រោង “ជំនាញដើម្បីភាពជោគជ័យនេះ នឹងត្រូវអនុវត្តន៍រយៈពេល៣ឆ្នាំ (២០២០-២០២៣) ដើម្បីរួមចំណែក ធ្វើឱ្យប្រសើរឡើងនូវអំណាចផ្នែកសេដ្ឋកិច្ច និងលើកកម្ពស់សមភាពយេនឌ័រដល់យុវជនងាយរងគ្រោះក្នុងខេត្តសៀមរាប និង រតនគិរី។ ក្នុងគោលបំណងចម្បងពីរ គឺគាំទ្រប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈឱ្យកាន់តែប្រសើរ និងបង្កើត ឱកាសទទួលបានការងារសមរម្យ និងបង្កើនប្រាក់ចំណូលដល់យុវវ័យ ទាំងបុរស និងស្រ្ដី ដែលងាយរងគ្រោះ ជាពិសេសអ្នកដែលមានកម្រិតជំនាញទាប៕​