ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ចុះចែកអំណោយជូនពលរដ្ឋក្រីចំនួន៦៧ គ្រួសារនៅស្រុកកំចាយមារ 

(ព្រៃវែង)៖ ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១០ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនពលរដ្ឋក្រីក្រចំនួន៦៧គ្រួសារ នៅឃុំស្មោងខាងជើង ស្រុកកំចាយមារ ដោយមានការចូលរួមពីលោក ឌុច គន្ធា អភិបាលរងខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងមន្ត្រីរាជការជុំវិញស្រុក ។

ជាកិច្ចចាប់ផ្ដើម លោក សឿង សុជាតិ អភិបាលស្រុកកំចាយមារ បានឡើងមានមតិស្វាគមន៍ គណៈអធិបតី ដែលលះបង់ពេលវេលាដ៏មានតំលៃ អញ្ជើញ ចូលរួម ក្នុងសកម្មភាពមនុស្សធម៌ ដ៏ប្រពៃ និងមានអត្ថន័យ នាឱកាសនេះ ។

មានប្រសាសន៍ក្នុងឱកាសនោះដែរឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ នៅទូទាំងប្រទេសដោយមិនមានការរើសអើង ប្រកាន់វណ្ណៈ ជាតិសាសន៏ ពណ៍សម្បុរ ឬនិន្នាការនយោបាយឡើយ ជាពិសេសនោះគឺការដោះស្រាយឲ្យបានទាន់ពេលវេលានិងឆាប់រហ័ស មិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ រងការលំបាកខ្វះខាត និងស្លាប់ដោយអត់ស្បៀងអាហារ ដោយគ្មានអាជ្ញាធរមូលដ្ឋានដឹងឭនោះឡើយ ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាអគ្គីភ័យ និងមិនត្រូវធ្វេសប្រហេសចំពោះជំងឺឆ្លងកូវីដ-១៩ នោះទេ ត្រូវបំផុសឲ្យជាពលរដ្ឋទាំងអស់មានទំលាប់ធ្វើអនាម័យទប់ស្កាត់ការចម្លងក្នុងសហគមន៍ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លាងសំអាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬជែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ ឬក្រមាឱ្យបានជាប់ជាប្រចាំអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ និងត្រូវបង្កបង្កើនផល ដាំដំណាំ បន្លែ ចិញ្ចឹមសត្វផ្សេងៗ ដើម្បីចូលរួមលើកស្ទួយជីវភាពគ្រួសារ សង្គម និងប្រទេសជាតិក្នុងបរិបទជម្ងឺកូវីដ១៩ ។

អំណោយដែលចែកជូនប្រជាពលរដ្ឋក្រីក្រទាំង៦៧គ្រួសារ រួមមានអង្ករ២៥គ.ក មី១កេស និងថវិកា៤០.០០០រៀល ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង