ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចុះចែកអាវរងាជាអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់កងកម្លាំងប្រដាប់អាវុធក្នុងទិសយោធភូមិភាគទី៥

AKP បន្ទាយមានជ័យ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រួមនឹងក្រុមការងារបានអញ្ជើញចុះចែកអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងរាជអាវុធហត្ថនគរបាលការពារព្រំដែន ក្នុងទិសយោធភូមិភាគទី៥ នៅទីបញ្ជាការរដ្ឋានកងពលតូចថ្មើរជើងលេខ៥១ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងពិធីនេះឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុកដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ និងជូនពរចំពោះកម្លាំង ប្រដាប់ អាវុធទាំងអស់ ដែលកំពុងបំពេញកាតព្វកិច្ចការពារជាតិមាតុភូមិយ៉ាងអង់អាច ក្លាហានឱ្យ ទទួលបានសុខភាពល្អប្រសើរគ្រប់ៗគ្នា។

ឯកឧត្តមបានបញ្ជាក់ថា ជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ណាស់ដោយធ្វើ យ៉ាងណាឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ទទួលបាននូវសុខភាពជីវភាពរស់នៅឱ្យកាន់តែមានភាពប្រសើរឡើងនោះ។

ក្នុងឱកាសនោះ ឯកឧត្តមក៏បានក្រើនរម្លឹកដល់កងកម្លាំងប្រដាប់អាវុធឱ្យ បន្តការយកចិត្តទុកដាក់ថែមទៀតក្នុងកិច្ចពង្រឹងសមត្ថភាពការហ្វឹកហ្វឺនជាប្រចាំបង្កើនកិច្ចការពារបូរណភាពទឹកដីការពាររាជរដ្ឋាភិបាលស្របច្បាប់ និងជួយដល់ប្រជាពលរដ្ឋឱ្យពួកគាត់រស់ នៅដោយសុខដុមរមនា ដែលកន្លងមកយើងតែងធ្វើជាប្រចាំ រាល់ពេលមានបញ្ហាកើតឡើងដូចជា គ្រោះធម្មជាតិទឹក ជំនន់គ្រោះរាំងស្ងួតនិងការងារសង្គមផ្សេងៗទៀត។

ជាមួយនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានរម្លឹកដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវយកចិត្តទុកដាក់ថែមទៀតចូលរួមថែរក្សាសុខភាពអនុវត្តន៍វិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ និងជំងឺរាតត្បាតផ្សេងៗទៀត៕ ដោយឈុនសារ៉ាត