ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង នាំយកច្រវាទូកស្តង់ដារអន្តរជាតិប្រគល់ជូនកីឡាករ កីឡាការិនី ដើម្បីបង្កើនគុណភាពបច្ចេកទេស

AKP ភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិកា សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបាននាំយកច្រវាទូកចំនួន៣០ដើមស្តង់ដារអន្តរជាតិ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកន្លែងហ្វឹកហាត់សួនច្បារទីក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីបង្កើនគុណភាពដល់ក្រុមកីឡាករ កីឡាការិនីជម្រើសកាន់តែល្អប្រសើរ ដើម្បីត្រៀមប្រកួតប្រជែង ក្នុងស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ក៏ដូចជាត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅ កម្ពុជាផងដែរ។

ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានប្រគល់ច្រវាកម្រិតស្តង់ដារដល់ក្រុមកីឡាករកីឡាការិនីចំនួន៣០រូប ដោយឯកឧត្តមអគ្គលេខាធិការបញ្ជាក់ថា ច្រវាទាំងនេះសុទ្ធតែមានគុណភាពស្តង់ដារអន្តរជាតិអាចយកទៅប្រើប្រាស់ប្រកួតលើឆាកអន្តរជាតិបាន។

ឯកឧត្ដមបានគូសបញ្ជាក់ថា ក្នុងច្រវាមួយមានតម្លៃជិត៣០០ដុល្លារអាម៉េរិកនាំចូលពីប្រទេសចិន ដោយទទួលបានការឧបត្ថម្ភទាំងស្រុងពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។

ក្នុងឱកាសសំណេះសំណាលជាមួយក្រុមកីឡាករ កីឡាការិនីទាំង៣០រូប ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង បានមើលឃើញពីការរីកចម្រើនយ៉ាងខ្លាំង ក្នុងចំណោមក្រុមកីឡាករ កីឡាការិនីទាំងអស់ ដោយពួកគេបានប្រឹងប្រែងហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ខ្ពស់។

ឯកឧត្តមសម្តែងការសោកស្តាយយ៉ាងខ្លាំង ដែលមិនអាចឈានទៅយកបានមេដាយនៅស៊ីហ្គេម ឆ្នាំ២០១៩ កន្លងទៅ នៅប្រទេសហ្វីលីពីន ដោយដណ្តើមបានត្រឹមលេខ៤ ដោយចាញ់ក្រុមលេខ៣យ៉ាងប្រផុតប្រផើយ។

ចំពោះការចូលរួមប្រកួតស៊ីហ្គេម ២០២១នៅវៀតណាមវិញ ឯកឧត្តម ជា ប៊ុនហេង មិនទាន់ច្បាស់ថា ប្រទេសម្ចាស់ផ្ទះមួយនេះនឹងដាក់វិញ្ញាសាទូកចូលរួមដែរឬយ៉ាងណាទេ។

ឯកឧត្ដមបានផ្ដាំផ្ញើដល់កីឡាករកីឡាការិនីទាំងអស់ធ្វើយ៉ាងណាថែរក្សាច្រវាទាំងនេះឱ្យបានល្អដើម្បីទុកចូលរួមការប្រកួតនានាដោយត្រូវដាក់ឈ្មោះចំណាំឱ្យបានត្រឹមត្រូវ ហើយមិនតែប៉ុណ្ណោះ នៅឆ្នាំ២០២៣ខាងមុខពេលធ្វើម្ចាស់ផ្ទះស៊ីហ្គេម សហព័ន្ធក៏គ្រោងបន្ថែមច្រវាស្តង់ដារបែបនេះកាន់តែច្រើន៕ ដោយ ហេង ណាលីន