ការប្រកួតជើងឯកថ្នាក់ជាតិ ពីរប្រភេទកីឡាក្នុងខែវិច្ឆិកា ត្រូវពន្យាពេល

AKP ភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០–

ការប្រកួតកីឡាជើងឯកថ្នាក់ជាតិចំនួនពីរ គឺកីឡាប្រដាល់គុនខ្មែរ និងអត្តពលកម្ម ដែលគ្រោងនឹងធ្វើក្នុងខែវិច្ឆិកា ត្រូវបានលើកពេល ទៅពេលក្រោយ បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាប្រកាសផ្អាកការលេងកីឡាលក្ខណៈប្រមូលផ្តុំ ដោយសារការរកឃើញនូវអ្នកជំងឺកូវីដ-១៩ថ្មីៗបន្ថែម។

សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តបានប្រកាសជូនដំណឹងដល់សមាគម ក្លឹបកីឡាអត្តពលកម្មគ្រប់ក្រសួង ស្ថានប័ន មន្ទីរអប់រំ យុវជន និងកីឡាខេត្តទាំងអស់ថា ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ សហព័ន្ធបានពន្យារពេលការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលគ្រោងធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ដោយឡែកប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម តែម ម៉ឺន បានលើកឡើងថា ការផ្អាកការលេងកីឡាលក្ខណៈប្រមូលផ្តុំ និងបិទការចេញ-ចូលស្តាតអូឡាំពិក របស់ក្រសួងអប់រំ ដោយការប្រកួតជើងឯកថ្នាក់ជាតិនេះត្រូវលើកពេលរហូតដល់មានការជូនដំណឹងជាថ្មី។

ឯកឧត្ដមបានបន្ដថា ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំ ឆ្នាំ២០២០ គ្រោងនឹងធ្វើពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែដោយសារមានការជូនដំណឹងជាថ្មី ពីក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ទើបសហព័ន្ធជំនាញមួយនេះផ្អាកការប្រកួតជាបណ្តោះអាសន្ន។

ចំពោះប្រភេទកីឡាមួយចំនួនទៀត ដូចជាការប្រកួតកីឡាប្រណាំងកង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ នាចុង ខែវិច្ឆិកានេះ ក៏មិនទាន់ពន្យាពេលដែរ ដោយសារព្រឹត្តិការណ៍នេះគ្រោងនឹងធ្វើឡើងនៅខេត្តសៀមរាប និងរង់ចាំមើល ការបញ្ជាក់ជាថ្មីពីស្ថាប័នជំនាញ ខណៈការប្រកួតកីឡាសិស្សបឋមសិក្សាជើងឯកថ្នាក់ជាតិ ដែលគ្រោងនឹងធ្វើឡើង នាចុងខែវិច្ឆិកានេះដែរ នៅពហុកីឡដ្ឋានជាតិអូឡាំពិក មិនទាន់បញ្ជាក់ថាត្រូវពន្យារពេល ឬបន្តការប្រកួតតាមការគ្រោងទុកនោះទេ៕ដោយ ហេង ណាលីន