កម្ពុជា មានមនុស្សពេញវ័យច្រើន ដែលត្រូវបណ្តុះបណ្តាល ពួកគេឱ្យក្លាយជាធនធានមនុស្ស មានសមត្ថភាពក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស ឱ្យកាន់តែមានភាពរីកចម្រើន

AKP សៀមរាប ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០–

អង្គការភ្លែនអន្តរជាតិ ក្រោម​កិច្ច​សហប្រតិប្តការ​រវាសមាគមបណ្តុះកុមារ នៃវិទ្យាស្ថាន  ពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តសៀមរាប នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបើកឱ្យដំណើរការគម្រោង “ជំនាញដើម្បីភាព​ជោគជ័យ” ដែល​ត្រូវ​អនុវត្តន៍​រយៈពេល៣ឆ្នាំ (២០២០-២០២៣) ក្នុងខេត្តសៀមរាប និងរតនគិរី ដែលនឹង​រួមចំណែកធ្វើឱ្យប្រសើរឡើង​នូវ អំណាចផ្នែកសេដ្ឋកិច្ច និងលើកកម្ពស់សមភាពយេនឌ័រដល់យុវជនងាយរងគ្រោះ​។

លោក យី គីមថាន នាយករងប្រចាំប្រទេសផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិ កម្ពុជា មានប្រសាសន៍ថា “ភាពខ្វះខាតនូវជំនាញកម្រិតទាប និងមធ្យមក្នុងប្រទេសកម្ពុជា មិនអាច ឆ្លើយតបទៅនឹងតម្រូវការតាមទីផ្សារការងារនៅឡើយទេ ហើយក៏ និងបង្កការគំរាមកំហែង ដល់វឌ្ឍនភាពនិងការអភិវឌ្ឍ។

លោកថា គម្រោងនេះនឹងគាំទ្រដល់យុវជនងាយរងគ្រោះដែលមានអាយុពី១៥ទៅ ២៤ឆ្នាំ ដោយយកចិត្តទុកដាក់ជាពិសេសទៅលើអនីតិជនអាយុពី១៥ ទៅ ១៧ឆ្នាំ និងយុវជន អាយុពី១៨ ទៅ២៤ឆ្នាំ ដើម្បីផ្តល់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារការងារ ដើម្បីទទួលបានការងារសមប្រកប។ លោកបន្តថា គម្រោងនេះ យុវជនងាយរងគ្រោះ ជាពិសេស ស្ត្រីវ័យក្មេងក្នុងខេត្តសៀមរាប និងរតនគិរី នឹងទទួលបានការបណ្តុះបណ្តាល ជំនាញ ដែលឆ្លើយតបទៅនឹងទីផ្សារការងារប្រកបដោយសមភាពយេនឌ័រ។ ជាមួយនឹង បទពិសោធន៍ជាង ៨០ឆ្នាំ នៅទូទាំងពិភពលោក កម្មវិធីរបស់អង្គការភ្លែនអន្តរជាតិមាន គោលបំណងគាំទ្រក្មេងស្រី និងក្មេងប្រុស ឱ្យរៀនសូត្រ ដឹកនាំ សម្រេចចិត្ត និងអភិវឌ្ឍ។ យើងបានចាប់ផ្តើមបេសកកម្មរបស់យើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០០២។

លោក នាក់ ណេរុន អភិបាលរងខេត្តសៀមរាប បាន​មាន​ប្រសាសន៍ថា កម្ពុជាជា ប្រទេសមួយដែលមានមនុស្សពេញវ័យច្រើន ដែលយើងត្រូវតែបណ្តុះបណ្តាលពួកគេឱ្យ ក្លាយជាធនធានមនុស្ស ដែលមានសតម្ថភាពទៅតាមត្រូវការទីផ្សារការងារ និងជាការ ចូលរួមអភិវឌ្ឍប្រទេសឱ្យកាន់តែមានភាពរីកចម្រើន។ ដើម្បីឱ្យគម្រោងជំនាញ ដើម្បីភាព​ជោគជ័យ ទទួលបានលទ្ធផលល្អប្រសើរ លោកអភិបាលរងខេត្តបានជំរុញ ឱ្យគ្រប់ ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការ និងផ្ដល់នូវមុខជំនាញដែលមាន តម្រូវការ ទីផ្សារទៅអ្នកផ្ដល់ការបណ្ដុះបណ្ដាល ដែលមានអង្គការភ្លែនអន្តរជាតិ សមាគមបណ្ដុះកុមារ និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប។ និងត្រូវពង្រឹង និងពង្រីកកិច្ច សហការជាមួយវិស័យឯកជនក្នុងការបណ្ដុះបណ្ដាលសិក្ខាកាម ដែលមានជំនាញប្រកប ដោយគុណភាព និងសមស្របតាមតម្រូវការទីផ្សារការងារផងដែរ៕ ដោយ  ឃុត សៅ