ព្រឹទ្ធសភាកំណត់យកថ្ងៃព្រហស្បតិ៍ទី១២ ខែវិច្ឆិកា ខាងមុខដើម្បី បន្តសម័យប្រជុំលើកទី៦ ព្រឹទ្ធ​ស​ភា នីតិកាលទី៤

AKP ភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ  បាន​​អនុម័តកំណត់យកថ្ងៃព្រហស្បតិ៍ទី១២ ខែវិច្ឆិកា ឆ្នាំ២០​២០ វេលាម៉ោង៨ និង០០នាទីព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី៦ ព្រឹទ្ធ​ស​ភា នីតិកាលទី៤។

ឯកឧត្តម ម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យព្រឹទ្ធសភាបានប្រាប់ ដល់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះថា សម័យប្រជុំលើកទី៦ ព្រឹទ្ធ​ស​ភា នីតិកាលទី៤ នេះមានរបៀបវារៈចំនួន៦គឺ៖ ១- ពិនិត្យ និងឱ្យយោបល់លើសេចក្តី ព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជា ណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

២-ពិនិត្យ និងឱ្យយោបល់លើ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការហាមឃាត់អាវុធ នុយក្លេអ៊ែរ។ ៣-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពី ភាពជាដៃគូ សេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋ ជាសមាជិកសមា​គម​ប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។

៤-ពិនិត្យ និងឱ្យយោបល់លើ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ អនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។ ៥-ពិនិត្យ និងឱ្យយោបល់លើសេចក្តី ព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម​លើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគក្រោមកិច្ច ព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិ​បត្តិ​ការសេដ្ឋកិច្ចទូលំ ទូលាយរវាងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។

៦-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគរវាងបណ្តារដ្ឋ សមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាល នៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន៕ ដោយ ប៉ាល់សុង