លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នការពារជំងឺឆ្លងកូវីដ-១៩

វិទ្យុជាតិកម្ពុជា ៖​ ហ៊ាង ចាន់ថា


កំពង់ចាម៖ លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន ក្នុងការថែរក្សាខ្លួន ឱ្យបានត្រឹមត្រូវ តាមគោលការណ៍របស់ក្រសួងសុខាភិបាល ដើម្បីការពាររួចផុតពីជំងឺឆ្លងកូវីដ-១៩ ។

ការថ្លែងក្រើនរំលឹកបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈដែលលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត ចុះពិនិត្យដំណើរការ សាងសង់សមិទ្ធផលនានា ក្នុងវត្តព្រះមហោសថសុវណ្ណគិរីបឹងដែង ហៅវត្តឈូកមាស ស្ថិតនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋនាឱកាសនោះថា សូមបងប្អូន ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នអំពីសុវត្ថិភាពខ្លួនឯង ក្នុងការទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ-១៩ ចូលមកក្នុងគ្រួសារ និង ក្នុងសហគមន៍ ។
លោកជំទាវបានមានប្រសាសន៍បន្តថា វត្តព្រះមហោសថសុវណ្ណគីរីបឹងដែង ហៅវត្តឈូកមាស គឺជារមណីយដ្ឋានបែបវប្បធម៌ ទេសចរណ៍ ដែលមានចម្ងាយប្រមាណជាជិត ៤០ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម។ ទីអារាម ដែលជារមណីយដ្ឋានបែប វប្បធម៌ផងនេះ ពិតណាស់ត្រូវការកសាងសមិទ្ធផលជាច្រើននៅក្នុងទីអារាមនេះ ជាក់ស្ដែង ព្រះអង្គធំមួយអង្គនៅក្នុង ព្រះវិហារនេះ និងសមិទ្ធផលជាច្រើនទៀត ត្រូវបានកសាងរួចរាល់ជាស្ថាពរហើយ ដែលសមិទ្ធផលទាំងនេះគឺជាការ ផ្ដួចផ្ដើមឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងមាន សមិទ្ធផលជាច្រើនទៀតដែលកំពុងដំណើរការសាងសង់ ៕​​