ព្រឹកនេះព្រឹទ្ធសភា បើកកិច្ចប្រជុំអចិន្រ្តៃយ៍ពិនិត្យ និង ពិភាក្សា លើសេចក្ដីព្រាងច្បាប់ចំនួន៦

 

វិទ្យុជាតិកម្ពុជា លោកជួន បូណា


MC៖
ព្រឹទ្ធសភាកម្ពុជា បានបើកកិច្ចប្រជុំអចិន្រ្តៃយ៍ពិនិត្យ និង ពិភាក្សា លើសេចក្ដីព្រាងច្បាប់ចំនួន៦ ដើម្បីបើកផ្លូវ ឱ្យរាជរដ្ឋាភិបាលយកទៅអភិវឌ្ឍន៍ប្រទេសជាតិ និងបម្រើផលប្រជាពលរដ្ឋ ។
នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានបើកសម័យប្រជុំអចិន្ដ្រៃយ៍ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈ ដូចខាងក្រោម៖

១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៤ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ ព្រឹទ្ធសភា នីតិកាលទី៤។

២- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៤ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើសន្ធិសញ្ញា ស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ ព្រឹទ្ធសភា នីតិកាលទី៤។

៣-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋ ជាសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ ព្រឹទ្ធសភា នីតិកាលទី៤។

៤-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ អាស៊ានស្តីពីសេវាកម្ម ទៅក្នុងរបៀបវារៈសម័យ ប្រជុំលើកទី៦ ព្រឹទ្ធសភា នីតិកាលទី៤។

៥- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៣ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ ព្រឹទ្ធសភា នីតិកាលទី៤ ។ និង
៦- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៣ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគរវាងបណ្តារដ្ឋជាសមជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់ រដ្ឋបាល ពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ ព្រឹទ្ធសភា នីតិកាលទី៤៕