ក្រុមហ៊ុន SCG និង​ដៃគូ​ចំនួន ១៨០​ស្ថាប័ន រួមគ្នា​ជំរុញ​ការអនុវត្ត​សេដ្ឋកិច្ច​វិលជុំ​ដើម្បី​ដោះស្រាយ​បញ្ហា​បរិស្ថាន​សកល

AKP ភ្នំពេញ ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០
​ក្រុមហ៊ុន SCG ដែលជា​វិស័យ​ឯកជន​នៅក្នុង​ប្រទេស​ថៃ រួមជាមួយ​ដៃគូ​ចំនួន​១៨០ ស្ថាប័ន បាន​អំពាវនាវ​ឱ្យមាន​ការ​ព​ន្លឿ​ន​ការអនុវត្ត​គោលការណ៍​សេដ្ឋកិច្ច​វិលជុំ (circular economy) ដើម្បី​ជំរុញ​ជីវភាព​ប្រសើរឡើង​រប​ស់​ប្រជាជន និង​ដោះស្រាយ​បញ្ហា​ធំៗ ទាក់ទង​នឹង គ្រោះរាំងស្ងួត ភាពក្រីក្រ ធូលី​បំពុល​ខ្យល់ PM 2.5 និង​បញ្ហា​សំណល់​។ ការអំពាវនាវ​នេះ​ធ្វើឡើង​នៅក្នុង​សន្និសីទ SD ឆ្នាំ​២០២០ ស្ដីពី “​សេដ្ឋកិច្ច​វិលជុំ​៖​សកម្មភាព​ដើម្បី​អនាគត​ប្រកបដោយ​ចីរភាព​” ដែល​ឆ្នាំនេះ​ធ្វើតាម​ប្រព័ន្ធ​អន​ឡាញ កាលពី​រសៀល​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​នៅក្នុង​សន្និសីទ​នេះ ក្រុមហ៊ុន SCG និង​ដៃគូ​ទាំង ១៨០ ស្ថាប័ន ផ្សេងទៀត​បានប្រកាស​អំ​ពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​សេដ្ឋកិច្ច​វិលជុំ​នា​ឆ្នាំកន្លងមក និង​សម្រាប់​ឆ្នាំ​២០២០​នេះ ដោយ​ក្រុមហ៊ុន​និង​ដៃគូ​បានដាក់​ចេញ​នូវ​ដំណោះស្រាយ ៤​ចំណុច ដែល​ចាំបាច់​ត្រូវ​ធ្វើការ​ជាបន្ទាន់ ក្នុងនោះ​រួមមាន ១. ដោះស្រាយ​គ្រោះរាំងស្ងួត ដោយ​ប្រើ​ប្រព័ន្ធ​ទឹក​វិលជុំ​។ ២. កាត់បន្ថយ​ធូលី​បំពុល​ខ្យល់ PM 2.5 ដោយ​អនុវត្តន៍​កសិកម្ម​ដែល​គ្មាន​ការដុត​១០០​ភាគរយ ព្រមទាំង​ការផ្ដល់​លទ្ធភាព​ប្រើប្រាស់​គ្រឿង​ម៉ាស៊ីន​កសិកម្ម​ដល់​កសិក​រ ដើម្បី​បង្កើត​ចំណូល​ប្រកបដោយ​និរន្តរភាព​។ ៣. ការ​ស្នើឱ្យ​ដាក់បញ្ចូល​ការគ្រប់គ្រង​សំណល់​ប្លា​ស្ទិ​ក​ទៅក្នុង​របៀបវារៈ​ជាតិ និង ៤. ស្វែងរក​ការយកចិត្តទុកដាក់​ពី​រដ្ឋាភិបាល​ដើម្បី​គាំទ្រ​ដល់​សំណង់​បៃតង និង​បរិស្ថាន​មេត្រី​។​

​លោក Roongrote Rangsiyopash ប្រធាន និង​អគ្គនាយក​ក្រុមហ៊ុន SCG បាន​ថ្លែងថា សន្និសីទ​នេះ ធ្វើឡើង​ក្នុង​បំណង​បំផុសគំនិត​ដើម្បី​ដោះស្រាយ​ភាព​ប្រឈម​ចំពោះ​ជាតិ និង​ប្រជាជន ដែល​កំពុង​កើតមាន ដូចជា របៀប​កាត់បន្ថយ​ផលប៉ះពាល់​ពី​បញ្ហា​អាកាសធាតុ ធូលី​បំពុល​ខ្យល់ PM 2.5 គ្រោះរាំងស្ងួត ទឹកជំនន់ កង្វះ​ធនធានធម្មជាតិ ការកើនឡើង​នូវ​សំណល់​ប្លា​ស្ទិ​ក​ក្នុងអំឡុង​វិបត្តិ​កូ​វីដ​-១៩​។ លោក​បាន​គូសបញ្ជាក់ថា “​ភាពជា​ដៃគូ​ពហុ​វិស័យនេះ បាន​ពង្រីក​ខ្លួន​កាន់តែ​ធំ ពោលគឺ​តាំងពី​មាន​ដៃគូ​ត្រឹម ៤៥​ក្រុមហ៊ុន​-​ស្ថាប័ន កាលពី​ឆ្នាំទៅ​មិញ រហូត​មាន​ដៃគូ​ដល់​ទៅ ១៨០ ក្រុមហ៊ុន​-​ស្ថាប័ន នៅ​ឆ្នាំនេះ ដោយ​ប្រមូល​ស្ថាប័ន​នានា​មក​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហាសំខាន់ៗ និង​ដាក់បញ្ចូល​ទៅក្នុង​កិច្ចសហប្រតិបត្តិការ​នូវ​កត្តា​មូលដ្ឋាន​សំខាន់ៗ​ចំនួន ៤ ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរឡើង ជាមួយនឹង​គោលការណ៍​សេដ្ឋកិច្ច​វិលជុំ​”​។ លោក​បាន​បន្ដថា ចំពោះ​កត្ដា​ទាំង​៤​នោះ រួមមាន ទី​១. កសាង​ប្រព័ន្ធ​ទឹក​វិលជុំ ដែលជា​ការត្រៀម​លក្ខណៈ​ដើម្បី​ទប់ទល់​នឹង​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ​ខាងមុខ កិច្ចសហប្រតិបត្តិការ​នេះ មាន​គោលដៅ​ជំរុញ​កសិករ​ឱ្យមាន​ភាពស៊ាំ​ក្នុងការ​រៀនសូត្រ​អំពី​វិធីសាស្ត្រ​កែសម្រួល​ដី រួមជាមួយ​នឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​។ លើសពីនេះ​ទៀត ដើម្បី​អប់រំ​កសិករ និង​កសិករ​ថ្មី​ដែល​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ដោយសារ​ផលប៉ះពាល់​សេដ្ឋកិច្ច​ពី​កូ​វីដ​-១៩ និង​ពង្រីក​គំនិត​ទាំងនេះ​ទៅ​ទូទាំងប្រទេស យើង​បាន​ស្នើសុំ​រដ្ឋាភិបាល​ចូលរួម​នៅក្នុង​គម្រោង​នេះ​។ លោក​បាន​បន្ដទៀតថា គោលបំណង​នៃ​គម្រោង​នេះ គឺ​ដើម្បី​កាត់បន្ថយ​វិសមភាព​សង្គម ស្ដារ​សេដ្ឋកិច្ច​សហគមន៍ និង​បង្កើន​ផលដំណាំ​កសិកម្ម​របស់​ប្រទេស ដើម្បីឱ្យ​ប្រទេស​ថៃ​ក្លាយជា​ផ្ទះបាយ​របស់​ពិភពលោក ។ ទី​២. ជំរុញ​កសិកម្ម​ដែល​គ្មាន​ការដុត​ភ្លើង ១០០​ភាគរយ នៅក្នុង​ឆ្នាំ​២០២២ ដោយ​អនុវត្តន៍​គោលការណ៍​សេដ្ឋកិច្ច​វិលជុំ ដោយ​ច្នៃ​ប្រើប្រាស់​ឡើងវិញ​នូវ​សម្ភារ​សំណល់ ដូចជា គល់​កញ្ជ្រាំង ស្លឹក​អំពៅ ចម្បើង ដោយ​បំប្លែង​វា​ទៅជា​ថាមពលជំនួស​ជីវម៉ាស ចំណី​សត្វ ជាដើម​។ ចំពោះ​ការ​វេច​ខ្ចប់​ដោយ​ប្រើ​រុក្ខជាតិ នឹង​កាត់បន្ថយ​ធូលី PM 2.5 និង​បង្កើត​ចំណូល​បាន ២៥ ០០០ លាន​បាត ក្នុង​មួយឆ្នាំ​។ បន្ថែម​លើ​នេះ គឺ​ការណែនាំ​អំពី​គោល គំនិត​សេដ្ឋកិច្ច​ចែករំលែក​(sharing economy) នៅក្នុង​ការបង្កើត​មូលនិធិ​គ្រឿងចក្រ​សហគមន៍ ដែល​អនុញ្ញាតឱ្យ​កសិករ​ប្រើប្រាស់​គ្រឿងចក្រ​កសិកម្ម​សម្រាប់​ការកែលម្អ​ការដាំដុះ និង​ការប្រមូល​ផល ព្រមទាំង​បង្កើន​ទិន្នផល​របស់​ពួកគាត់ ដោយ​មិនចាំបាច់​វិនិយោគ​ទៅលើ​គ្រឿងចក្រ​ដោយ​ខ្លួនឯង​ឡើយ ។ ទី​៣. ជំ​រុញឱ្យ​រដ្ឋាភិបាល​ដាក់​ការគ្រប់គ្រង​សំណល់​ផ្លា​ស្ទិ​ក​ជា​របៀបវារៈ​ជាតិ ក្នុងនោះ ប្រទេស​ថៃ​ត្រូវតែ​អនុវត្តន៍​ច្បាប់​គ្រប់គ្រង​សំណល់​ឱ្យបាន​ហ្មត់ចត់ ។ ទន្ទឹមនេះ រដ្ឋាភិបាល​ក៏ត្រូវ​បាន​ជំរុញ​ផងដែរ ឱ្យជួយ​សម្របសម្រួល​និង​ដាក់ចេញ​នូវ​បទ​ប្បញ្ញត្តិ​នានា ដើម្បី​អាចធ្វើ​ការរួម​គ្នា​នៅលើ​បញ្ហា​នេះ​បាន ។ ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការគ្រប់គ្រង​សំណល់​ប្លា​ស្ទិ​ក ត្រូវការ​ចាំបាច់​នូវ​ក្របខ័ណ្ឌ​រឹងមាំ និង​ដំណើរការ​ការងារ​ច្បាស់លាស់​។ ជាមួយគ្នានេះ ស្ថាប័ន​និយ័តកម្ម ត្រូវ​ដឹកនាំ​ភាពម្ចាស់ការ​នៅក្នុង​ការដោះស្រាយ​បញ្ហា​នេះ នៅក្នុង​ខ្សែចង្វាក់​តម្លៃ​ទាំងអស់ ដោយ​រាប់​ចាប់តាំងពី​ការកែសម្រួល​រចនាសម្ព័ន្ធ​ពន្ធ និង​ការផ្ដល់​បុព្វសិទ្ធិ​ពន្ធ​ដល់​ធុរកិច្ច​គ្រប់គ្រង​និង​កែច្នៃ​សំណល់​។ ទី​៤. ជំរុញ​សេដ្ឋកិច្ច​វិលជុំ​នៅក្នុង​វិស័យ​សំណង់ នៅ​ក្នុងការ​ប្រែក្លាយ​វិស័យ​សំណង់​ឱ្យទៅជា​វិស័យ​បៃតង និង​បរិស្ថាន​មេត្រី រដ្ឋាភិបាល​ចាំបាច់​ត្រូវតែដើរ​តួនាទី​ដឹកនាំ​។ រដ្ឋាភិបាល​ត្រូវដាក់​ចេញ​នូវ​គោលការណ៍​ណែនាំ​លទ្ធកម្ម​ថ្មី​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​។​លោក អគ្គនាយក​ក្រុមហ៊ុន SCG បាន​បន្ថែមថា ការប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​គ្រប់គ្រង​ធនធាន​ឱ្យមាន​ប្រសិទ្ធ​ផល​អតិបរមា និង​កាត់បន្ថយ​សំណល់​គ្រឿងសំណង់ ក៏​ចាំបាច់​ត្រូវដាក់​បញ្ចូល​នៅក្នុង​គោលការណ៍​ណែនាំ​នេះ​ផងដែរ ឬ​ម្យ៉ាងទៀត ត្រូវ​ផ្ដល់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធ​ដល់​អ្នកម៉ៅការ​គម្រោង​សាងសង់ ដើម្បី​លើកទឹកចិត្ត​ពួកគេ​ឱ្យ​ងាក​ទៅប្រើ​ប្រាស់​វត្ថុធាតុដើម​បរិស្ថាន​មេត្រី ឬ​ច្នៃ​ប្រើប្រាស់​វត្ថុធាតុដើម​ឡើងវិញ នៅក្នុង​ការសាងសង់​។ លើសពីនេះ​ទៀត SCG បាន​សន្យា​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​ឈានទៅដល់​ការកាត់បន្ថយ​ឱ្យដល់​កម្រិត​សូន្យ នៅក្នុង​ឆ្នាំ​២០៥០ ដោយ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដើម្បី​រឹតត្បិត​កំណើត​សីតុណ្ហភាព​ឱ្យនៅ​ត្រឹម​តិចជាង ១,៥​អង្សា​សេ​។ ក្រុមហ៊ុន SCG ក៏បាន​ដាក់បញ្ចូល​ល​នូវ​គោលការណ៍​សេដ្ឋកិច្ច​វិលជុំ​ទៅក្នុង​ប្រតិបត្តិការ​ធុរកិច្ច​របស់ខ្លួន​ផងដែរ ។

​លោក Roongrote Rangsiyopash បាន​លើកឡើងថា ដើម្បី​សម្រេច​គោលដៅ​និរន្តរភាព SCG បាន​អនុវត្តន៍​នូវ​យុទ្ធសាស្ត្រ​ធុរកិច្ច​វេច​ខ្ចប់ ដោយ​អនុវត្តន៍​គោលការណ៍​សេដ្ឋកិច្ច​វិលជុំ​នៅក្នុង​ទិដ្ឋភាព​នានា​នៃ​ប្រតិបត្តិការ​របស់ខ្លួន​។ “​ក្នុងន័យ​ជា​ដំណោះស្រាយ​ផ្នែក​រចនា​ផលិតផល យើង​ផ្ដោត​សំខាន់​ទៅលើ​ការធ្វើ​រចនាបថ​ផលិតផល​ដែល​ប្រើប្រាស់​ធនធាន​តិចជាង​មុន និង​ប្រើប្រាស់​ធនធាន​ដែល​អាច​ប្រើ​ឡើងវិញ ឬ​កែច្នៃ​ប្រើ​បាន​ឡើង វិញ​។ ចំពោះ​ការគ្រប់គ្រង​ខ្សែ​ង​ចង្វាក់​តម្លៃ យើង​បាន​អនុវត្ត​កម្មវិធី​ទទួលយក​ផលិតផល​មកវិញ ដើម្បី​ធានា​នូវ​ការគ្រប់គ្រង​ធនធាន​និង​សំណល់​ឱ្យមាន​ប្រសិទ្ធ​ផល ព្រមទាំង​បង្កើន​អត្រា​នៃ​ការកែច្នៃ​ប្រើ​ឡើងវិញ នៅក្នុង​ដំណើរការ​ផលិតកម្ម​។​” នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក Roongrote Rangsiyopash​។ ចំពោះ​ផ្នែក​ធុរកិច្ច​គីមី បាន​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ដើម្បី​ដាក់បញ្ចូល​និង​អនុវត្ត​គោលការណ៍​សេដ្ឋកិច្ច​វិលជុំ នៅក្នុង​ខ្សែចង្វាក់​ផ្គត់ផ្គង់​ទាំងមូល ដោយ​រាប់​ចាប់តាំងពី​ការអភិវឌ្ឍ​ផលិតផល (​បង្កើន​សមត្ថភាព​កែច្នៃ​ប្រើ​ឡើងវិញ ដូចជា ផលិតផល​ដែល​ប្រើ​វត្ថុធាតុដើម​តែមួយ​ប្រភេទ (mono-materials)) និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​កែច្នៃ​ប្រើប្រាស់​ប្លា​ស្ទិ​ក (​ដោយ​បង្កើន​អត្រា​នៃ​ការប្រើប្រាស់​សំណល់​ជា​វត្ថុធាតុដើម​) រហូតដល់​ការបង្កើត​កម្មវិធី​ឌីជីថល ដើម្បី​ជា​ឧបករណ៍​សម្រាប់​ញែក និង​ប្រមូល​សំណល់ (​ដោយ​បង្កើត​នូវ​សហគមន៍​គ្មាន​សំណល់ និង​គាំទ្រ​ដល់​ប្រតិបត្តិការ​ធនាគារ​សំណល់​) ។

​លោក​អគ្គនាយក​ក្រុមហ៊ុន​ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា ចំពោះ​ធុរកិច្ច​ស៊ីម៉ងត៍​-​គ្រឿងសំណង់ ក្រុមហ៊ុន​ផ្ដោត​សំខាន់​លើ​បច្ចេកវិទ្យា​ដែលមាន​នវានុវត្តន៍​ស​ម្រា​ប់​ការអភិវឌ្ឍ​ផលិតផល​និង​សេវាកម្ម ដើម្បី​បំពេញ​ទៅតាម​សេចក្ដីត្រូវការ​របស់​អតិថិជន និង​តម្រូវការ​បរិស្ថាន នៅក្រោម​ស្លាក​យីហោ ”​ជម្រើស​បៃតង​របស់ SCG”​។ ស្លាក​យីហោ​នេះ​ផ្ដល់នូវ​ផលិតផល​ដែល​ផលិត​ចេញពី​វត្ថុធាតុដើម​ច្នៃ​ប្រើប្រាស់​ឡើងវិញ ជា​ផលិតផល​សម្រេច​ដែល​កាត់បន្ថយ​សំណល់​នៅក្នុង​ដំណើរការ​ដំឡើង និង​ផលិតផល​និង​សេវាកម្ម​ដែល​ជួយ​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល ឬ​ដែល​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ ដូចជា ថាមពល​ពន្លឺព្រះអាទិត្យ​។ លោក​បាន​ថ្លែង​បន្ថែមថា “​កិច្ចប្រឹងប្រែង​ទាំងនេះ​នាំ​ឆ្ពោះទៅរក​ការរស់នៅ​បៃតង និង​សង្គម​បៃតង ដែល​រួមបញ្ចូល​ការប្រើប្រាស់​វត្ថុធាតុដើម​សំណល់​ឡើងវិញ ក្រោម​យុទ្ធនាការ ប្រែក្លាយ​សំណល់​ទៅជា​ទ្រព្យ ដើម្បី​ផ្ដល់​ផលប្រយោជន៍​ដល់ សង្គមជាតិ​”៕​ដោយ​៖ រិទ្ធី សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​