ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត តំណាង​សម្តេច​តេ​ជោ នាំយក​ពូជស្រូវ​និង​អំណោយ​ចែកជូន​ពលរដ្ឋ​រងគ្រោះ​ជំនន់​ទឹកភ្លៀង នៅ​ខេត្តបន្ទាយមានជ័យ​

AKP បន្ទាយមានជ័យ ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០–
​ពលរដ្ឋ​ជាង ១​ម៉ឺន​គ្រួសារ​នៅក្នុង​ខេត្ត បន្ទាយមានជ័យ ដែល​ទទួលរង​ដោយសារ​ជំនន់​ទឹកភ្លៀង កាលពី​ខែតុលា​កន្លងមកនេះ​បាន ទទួល​ពូជស្រូវ​និង​អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ជួយ​ស្តារ​ការ​បង្កបង្កើនផល​ដំណាំ​ស្រូវ និង​បន្លែបង្ការ​ឡើងវិញ​និង​សម្រួល​ដល់​ជីវភាព​រស់នៅ ដែល​កំពុង​ជួប​ការលំបាក​ដោយ សារ​តែ​ការបំផ្លាញ​ពី​គ្រោះមហន្តរាយធម្មជាតិ​នេះ​។​

​អំណោយ​ដ៏​ថ្លៃថ្លា​នេះ​ត្រូវបាន​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេ​បញ្ជា ការរង​កងយោធពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កងទ័ពជើងគោក តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​នឹង​ក្រុម ការ ងារ​បាន​អញ្ជើញ​សួរសុខទុក្ខ ដោយ​ចែក​ពូជស្រូវ និង​អំណោយ​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្តបន្ទាយមានជ័យ ចំនួន ១១.០០០​គ្រួសារ​នេះ ដែល​បានរៀបចំ​នៅក្នុង បរិវេណ​ផ្សារ​ធំថ្មី​បូរី​ជ័យ​II ភូមិ​ចំការ​តា​ដោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ព្រឹក​ថ្ងៃ​១០​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។​
​ក្នុងឱកាស​នោះ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា​សម្តេច​តេ​ជោ​ទោះ​នាពេលនេះ​មិនបាន​អញ្ជើញ​មក​ផ្ទាល់​ក៏ដោយ ក៏​សម្តេច​តែងតែ​គិតគូរ​ជា និច្ច​ដល់​សុខទុក្ខ ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ជាពិសេស​នោះ​ចំពោះ​ប្រជាពលរដ្ឋ​រង គ្រោះ ងាយ​រងគ្រោះ​ដែល​ជួប​ការលំបាក​ដោយ​ប្រការ​ផ្សេងៗ នៅ​គ្រប់​ទីកន្លែង​ទាំងអស់​។​​ក្នុងនាម​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែងអំណរគុណ ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ អាជ្ញាធរ កងកម្លាំង​គ្រប់​ប្រភេទ​ដែល​បាន​ខិតខំ​ជួយសង្គ្រោះ​ប្រជា ពលរដ្ឋ​ពី​គ្រោះទឹកជំនន់ និង​ជួយ​សម្រួលការ​ចាប់ផ្ដើម​ជីវភាព​ឡើងវិញ ពិសេស​ការបង្កបង្កើន ផល​។​

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​ទៀតថា ថ្នាក់ដឹកនាំ និង​មន្ត្រី​រាជ​រដ្ឋា​ភិ បាល កើតចេញពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្រជាពលរដ្ឋ​បោះឆ្នោត​គាំទ្រ​បាន​ប្រកាន់ ខ្ជាប់​នូវ​ប្រពៃណី​ផ្សាភ្ជាប់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដោយបាន​បែងចែក​ការទទួល​ខុស ត្រូវឱ្យ​មន្ត្រី​ចុះ​តាម​គ្រប់​មូលដ្ឋាន ដើម្បី​តាមដាន​បញ្ហា​ប្រឈម សំណូមពរ​នានា និង​ដោះ ស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា​។ ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា យើងទាំងអស់គ្នា រួមសុខ​រួមទុក្ខ​ជាមួយគ្នា និង​មិនមាន​ទម្លាប់​រត់ចោល​គ្នា​នោះទេ​។​ជាមួយ​នោះដែរ​ឯកឧត្តម ក៏បាន​ថ្លែង​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា សុខភាព អនុវត្តន៍​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ឱ្យបាន​ជាប់​ជាប្រចាំ​ដើម្បី​ទប់ ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺ​រាតត្បាត​ផ្សេងៗ​ទៀត​។ ចូលរួម​ប្រយុទ្ធប្រឆាំង គ្រឿងញៀន​តាមរយៈ​ការអប់រំ​ណែនាំ​កូនចៅ​ចៀសឱ្យផុត​ពី​គ្រឿងញៀន ។ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន​ដើម្បី​ចៀស​ផុតពី​គ្រោះថ្នាក់​ចរាចរណ៍​នោះ​។ ឯកឧត្តម​ក៏បាន លើកទឹកចិត្ត ជំរុញ​ឱ្យ​កសិករ​យើង​ត្រូវ​ជម្នះ​គ្រប់​ឧបសគ្គ តស៊ូ​ព្យាយាម​ដើម្បី​ស្តារ​ផលិតកម្ម​ដំណាំ​ស្រូវ ដំណាំ​រួមផ្សំ និង​ចិញ្ចឹមសត្វ ត្រី ឡើងវិញ​បន្ទាប់ពី​ទឹក​ស្រក​ចុះ​។​

​សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​មក​ទទួល​អំណោយ​នាឱកាស​នេះ មាន មកពី​ស្រុក​មង្គល​បូរី​, ព្រះនេត្រព្រះ​, និង​ក្រុង​សិរី​សោ​ភ​ណ័​ណ ដោយ​ក្នុង​មួយ​គ្រួសារ ៗ​ទទួល បាន​ស្រូវពូជ ១០០​គីឡូក្រាម​, អង្ករ ២៥​គីឡូក្រាម​, ទឹកស៊ីអ៊ីវ​១​យួរ​, ត្រីខ ១​យួរ​, ទឹកត្រី​១​យួរ​, មី​មួយ​កេស​, ទឹកបរិសុទ្ធ​១​កេស​, ភួយ​១, មុង​១, កន្ទេល​១, និង​ថវិកា ៥​ម៉ឺន រៀល​៕​ដោយ​៖ ឈុន សា​រ៉ា​ត សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​