ជម្លោះរវាងមនុស្ស និងសត្វដំរីព្រៃកើតឡើង ខណៈការបរបាញ់មានការថយចុះក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១០ ១១ ២០២០


MC: មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន លើកឡើងថា ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ កម្រិតនៃការបាញ់សម្លាប់សត្វដំរីព្រៃ ដើម្បីយកភ្លុក និងកន្ទុយ មានការថយចុះ ប៉ុន្តែទីជម្រកនិងប្រភពផ្តល់ចំណីនៃពួកគេ ត្រូវបានរំខានដោយមនុស្ស។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ដល់អ្នកសារព័ត៌មាន តាមប្រព័ន្ធតេឡេក្រាមថា ជម្លោះរវាងមនុស្ស និងសត្វដំរីព្រៃ បានកើតឡើងនៅតាមតំបន់ការពារធម្មជាតិមួយចំនួន ដោយសារតែការផ្លាស់ទីតាមរដូវកាល ដើម្បីស្វែងរកចំណី។ ឯកឧត្តម មានប្រសាសន៍ថា សត្វដំរីព្រៃអាចរងការរំខានដោយសារតែវត្តមានរបស់មនុស្សនៅក្នុងតំបន់ដែនជម្រករបស់ពួកវា និងលើសពីនេះ ដំរីព្រៃអាចទទួលរងការវាយតបពីសំណាក់ប្រជាជនរហូតដល់រងរបួស ឬឈានដល់ការសម្លាប់ ជាការសងសឹកនឹងដំរីព្រៃដែលបានចូលមកស៊ីដំណាំរបស់ពួកគេ។
បើយោងតាមរបាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថាន និងអង្គការធ្វើការងារផ្នែកអភិរក្សសត្វព្រៃ និងធនធានធម្មជាតិ បានបង្ហាញថា ក្នុងពេលបច្ចុប្បន្ន សត្វដំរីអាស៊ីដែលមានវត្តមានកម្ពុជានៅសល់ប្រហែលចន្លោះពី៤០០ ទៅ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី ដោយសារទីនោះជាតំបន់ជីវៈចម្រុះដ៏សម្បូរបែប មានប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅដល់ពួកវា និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុក ត្រូវបានប៉ាន់ស្មានថា មានចំនួន៧១ក្បាល។
បើតាមការបញ្ជាក់ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា ដំរីអាស៊ីកំពុងតែទទួលរងការគំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វានៅលើសកលលោក ហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN)។ ការរេចរឹលទីជម្រកបានធ្វើឱ្យដំរីអាស៊ីរស់នៅបែកខ្ញែកពីគ្នា និងជះឥទ្ធិពលអវិជ្ជមានដល់ស្ថិរភាពយូរអង្វែងរបស់ប្រភេទដ៏សំខាន់នេះ។
យោងតាមរបាយការណ៍សិក្សា បង្ហាញថា នៅក្នុងតំបន់ជួរភ្នំក្រវាញមិនមានរបាយការណ៍ណាមួយស្តីពីឧបទ្ទវហេតុនៃការបរបាញ់សត្វដំរីខុសច្បាប់តាំងពីឆ្នាំ២០០៣ មកម៉្លេះ។ ចំណកនៅក្នុងតំបន់ទេសភាពភាគខាងកើត មានការកត់សម្គាល់ថា មានដំរីស្លាប់ចំនួន៨ក្បាល ក្នុងនោះមានទាំងកូនដំរី និងដំរីធំ ដែលករណីដំរីធំស្លាប់ត្រូវបានសង្ស័យថា មានការពាក់ព័ន្ធនឹងការបរបាញ់។
កាលពីដើមឆ្នាំ២០១៩ សត្វដំរីព្រៃវ័យចំណាស់មួយក្បាល ត្រូវបានប្រទះឃើញស្លាប់ ដោយត្រូវគេបាញ់នឹងគ្រាប់កាំភ្លើងកែច្នៃនៅចំណុចចម្ការស្វាយចន្ទីរបសប្រជាពលរដ្ឋ នៅក្បែរដែនជម្រកសត្វព្រៃកែសីមា ស្ថិតក្នុងខេត្តមណ្ឌលគិរី ហើយភ្លុកនិងកន្ទុយរបស់វា ត្រូវបានគេលួចកាត់យកទៅបាត់។ ចំណែកនៅឆ្នាំ២០២០នេះ កូនដំរីព្រៃចំនួន២ក្បាល ត្រូវបានរកឃើញស្លាប់នៅក្នុងខេត្តមណ្ឌលគិរី ដោយនៅក្នុងនោះ ចំនួន១ក្បាល លង់ទឹកស្លាប់ដោយសារជើងជាប់នឹងល្បាក់ថ្ម និងមួយទៀត កើតមកមិនមានសុខភាពល្អ ហើយបានស្លាប់ទៅវិញក្រោយក្រុមមន្ត្រីជួយសង្គ្រោះ។
យោងតាមការប៉ាន់ស្មានផែនការសកម្មភាពរយៈពេល១០ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះ ត្រូវការថវិកាចំនួន៤០,៥លានដុល្លារអាមេរិក ដែលជាគម្រោងថវិកា រំពឹងថា នឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា៕