រដ្ឋបាលខេត្ត រៀបចំ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​

AKP កណ្ដាល ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០–
​នៅ ថ្ងៃ​៩​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្តកណ្ដាល បានរៀបចំ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា និង​ទិវា​កំណើត​កងយោធពល​ខេមរៈភូមិន្ទ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល ដោយមាន​ការអញ្ជើញ​ចូលរួម ពី​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត មន្ត្រីរាជការ​សាលាខេត្ត សិស្សានុសិស្ស និង ប្រជាពលរដ្ឋ ជាច្រើន​នាក់​ផងដែរ ។​

​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​អាន​ប្រវត្តិ​សង្ខេប នូវ​ព្រះរាជ​បេសកកម្ម ដើម្បី​ជាតិ មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ របស់​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​ន​រោ​ត្ដ ម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ “​ព្រះ​បរម​រតន​កោដ្ឋ​” នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ទាមទារ​ឯក​រាជ្យ​ពី​អាណានិគមនិយម​បារាំង នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ កងទ័ព និង​អគ្គសេនាធិការ​របស់​បារាំង បាន​ដក​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​។ ឯករាជ្យ​របស់​ខ្មែរ​បានក្លាយ​ទៅជា​ឯករាជ្យ​អចិន្ត្រៃយ៍ និង​ទាំងស្រុង ក្នុង​ប្រវត្តិ​រវាង​ខ្មែរ និង​បារាំង ត្រូវបាន​បញ្ចប់​។​

​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​ន​រោ​ត្ដម សីហនុ វរ្ម័ន បាន​បំពេញ​នូវ​កិច្ចសន្យា​របស់​ព្រះអង្គ​ចំពោះ​ប្រជារាស្ត្រ​។ ប្រជារាស្ត្រ​ខ្មែរ​បាន​ថ្វាយ​ព្រះ​ឋានៈ​ចំពោះ​ព្រះអង្គ​ថា ជា​ព្រះបិតា​ឯករាជ្យ​ជាតិ និង​បាន​លើក​ព្រះ​អង្គជា វីរបុរស​ជាតិ ស្របតាម​ព្រះមហា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ឧត្តុង្គឧត្តម​របស់​ព្រះអង្គ​។ ការយាង​ចូល​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ “​ព្រះ​បរម​រតន​កោដ្ឋ​” នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​បាន​បូជា​ព្រះកាយពល ព្រះ​បញ្ញាញាណ​ដ៏​ថ្លៃថ្លា ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា​។ ព្រះមហា​ករុណា​ទិ​គុណ​របស់​ព្រះអង្គ បាន​ចារឹក​ទុក​ក្នុង​ទំព័រ​មាស នៃ​ប្រវត្តិសាស្ត្រ និង​ក្នុង​ក្រអៅបេះដូង​របស់​កូន​ខ្មែរ ជា​កូន ចៅ ចៅទួត ចៅលួត របស់​ព្រះ​អង្គជា​និរន្តរ៍​តរៀង​ទៅ​។​

​នាឱកាស​នោះដែរ ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ សិស្សានុសិស្ស បានធ្វើការ​សង្រួម គោរព​វិញ្ញាណក្ខន្ធ ដល់​អ្នកស្នេហាជាតិ យុទ្ធជន យុទ្ធ​នារី ដែល​បាន​ពលី​ជីវិត ក្នុង​បុព្វហេតុ​រំដោះជាតិ​មាតុភូមិ ឱ្យ​រួច​ផុតពី​របប​អាណានិគមនិយម​បារាំង​។ ក្នុង​ពិធី​នោះដែរ​ក៏មាន​ការលែង​សត្វ​ព្រាប និង​បង្ហោះ​ប៉ោង​ប៉ោង​ផងដែរ ៕ ដោយ ណ​យ នឿន ប្រភព​៖ រដ្ឋបាល​ខេត្តកណ្ដាល សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​