អាជ្ញាធរខេត្តសៀមរាប ព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះក្លឹបកម្សាន្តណាមិនព្រមបិទតាមការណែនាំរបស់រាជរដ្ឋាភិបាល

AKP សៀមរាប ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០–

ដើម្បីទប់ទល់ការរីករាលដាលនៃជំងឺកូវីដ-១៩ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប កាលពីរាត្រីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារចម្រុះទៅពិនិត្យមើលតាមបណ្តាក្លឹបកម្សាន្តនានានៅក្នុងក្រុងសៀមរាបដើម្បីបានដឹងថា តើមានក្លឹបកម្សាន្តណាខ្លះមិនទាន់បានបិទបានការណែនាំរបស់រាជរដ្ឋាភិបាល។

បន្ទាប់ពីបានចុះពិនិត្យមើលជាក់ស្តែងឃើញថា ទីតាំងអាជីវកម្ម ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀរហ្គាឌិន ភាគច្រើនគឺបានបិទទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ហើយក៏នៅមានមួយចំនួនតូចមិនទាន់បិទ ដែលពាក់ព័ន្ធបញ្ហានេះ លោកអភិបាលរងបានធ្វើការណែនាំដល់ម្ចាស់អាជីវកម្មទាំងនោះ ត្រូវតែបិទរហូតដល់មានការជូនដំណឹងជាថ្មី បើករណីក្លឹបកម្សាន្តណាមិនគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្តនឹងចាត់វិធានការតាមច្បាប់ ដូចជា ដកអាជ្ញាប័ណ្ណធ្វើអាជីវកម្មជាដើម។

សូមបញ្ជាក់ថាកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានផ្ញើលិខិតទៅក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយតម្រូវឱ្យបិទ KTV ក្លឹបកម្សាន្ត ខារ៉ាអូខេ រោងភាពយន្ត សារមន្ទីរ នៅទូទាំងប្រទេស ក្នុងស្ថានភាពជំងឺកូវីដ-១៩រីករាលដាលជាសកល ជាពិសេសបន្ទាប់ពីប្រជាពលរដ្ឋខ្មែរមួយចំនួនបានឆ្លងជំងឺដ៏កាចសាហាវនេះ បន្ទាប់ពីបានប៉ះពាល់ប្រតិភូហុងគ្រី ដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា កន្លងមកនេះ៕

ដោយ ឃុត សៅ