សម្តេចតេជោ ហ៊ុន សែន៖ កង្វល់ពិតប្រាកដរបស់ខ្ញុំគឺ ការធ្វើចត្តាឡីស័ករបស់ ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា

AKP ភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវកង្វល់យ៉ាងខ្លាំងអំពីការធ្វើចត្តាឡីស័ក របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលបានចូលរួមដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍ ថ្ងៃ០៣វិច្ឆិកា ដោយរួមបញ្ចូលទាំង ប្រពន្ធ កូន ផងដែរ ខណៈសម្តេចបានសង្កេតឃើញ ភរិយា មន្ត្រីមួយចំនួន បានចូលរួមក្នុងពិធីផ្សេងៗ។ នេះបើយោងតាមសារជាសម្លេងរបស់សម្តេចតេជោ ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជាទើបទទួលបាននាយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។

សម្តេចតេជោ បានគូសបញ្ជាក់ថា៖ “ការយល់ឃើញរបស់ភរិយា ថ្នាក់ដឹកនាំ និងមន្ត្រី ឬអ្នកចូលរួមក្នុងព្រឹត្តិការណ៍ ថ្ងៃ០៣ វិច្ឆិកា ហើយដែលគិតថាខ្លួនបានត្រឹមប៉ះពាល់ដោយប្រយោល ដូច្នេះហើយបានទៅចូលរួមក្នុងពិធីផ្សេងៗ ដែលនេះគឺជាការធ្វេសប្រហែសមួយដ៏ធំ ដែលអាចឈានទៅដល់ការអន្តរាយ។ ខ្ញុំសុំស្នើជាថ្មី និងដោយទទូច ចំពោះអ្នកប៉ះពាល់ដោយផ្ទាល់ រួមទាំងប្រពន្ធកូន និងក្រុមគ្រួសារទាំងអស់ដែលនៅក្នុងផ្ទះ សូមមេត្តាដាក់ខ្លួននៅក្នុងផ្ទះ ដោយធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងម៉ត់ចត់បំផុត ព្រោះថានេះគឺជាបញ្ហាសំខាន់ ដោយយើងមិនត្រូវនាំខ្លួនយើងទៅចម្លងមេរោគឱ្យអ្នកដ៏ទៃ ឬឱ្យទៅសង្គមនោះទេ”។

សម្តេចតេជោ បានបន្ថែមថា៖ “បើចង់បញ្ចប់ព្រឹត្តិការណ៍ ថ្ងៃ០៣ វិច្ឆិកា ឱ្យបានឆាប់នោះ ជម្រើសមានតែមួយគត់គឺ ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ បើមិនដូច្នេះទេយើងនឹងអាចដើរទៅចម្លងនៅខាងក្រៅ និងអ្វីដែលសំខាន់ជាងនេះទៀតនោះ គឺការបាត់ដាននៅខាងក្រៅ ហើយទៅចម្លងនៅទីកន្លែងផ្សេងៗ ដែលនេះហើយគឺជាការចម្លងទៅក្នុងសហគមន៍ដោយគ្មានដានទាល់តែសោះ ដែលនោះហើយគឺជាមហន្តរាយ ដែលនឹងមិនត្រឹមរីករាលដាលត្រឹមតែរាជធានីភ្នំពេញនោះទេ គឺនឹងរាលដល់ទៅដល់ទូទាំងប្រទេសផងដែរ”។

បទពិសោធន៍នៃប្រទេសជិតខាងក្នុងតំបន់អាស៊ាន ដូចជាប្រទេសមីយ៉ាន់ម៉ា បានបង្ហាញយ៉ាងច្បាស់ថា ការរីករាលដាលក្នុងសហគមន៍ និងការបាត់ដាននៃការឆ្លងពីម្នាក់ទៅម្នាក់ បានធ្វើឱ្យប្រទេសនេះ មានកំណើនឆ្លងក្នុងមួយថ្ងៃជាង ១ ០០០នាក់ និងករណីឆ្លងសរុបជាង ៦០ ០០០នាក់ហើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានចេញបទបញ្ជាផងដែរថា រាល់អ្នកទាំងអស់ដែលធ្វើចត្តាឡីស័ក គឺត្រូវធ្វើឱ្យបានត្រឹមត្រូវ និងម៉ត់ចត់បំផុត ហើយចំពោះអ្នកចត្តាឡីស័កតាមផ្ទះ បើសិនអ្នកដែលធ្វើចត្តាឡីស័កពុំបានត្រឹមត្រូវនោះទេ អាជ្ញាធរមូលដ្ឋានត្រូវរៀបចំពិនិត្យតាមដាន ឱ្យបានច្បាស់លាស់ និងនាំពួកគាត់ទៅធ្វើចត្តាឡីស័កនៅផ្នែកដែលរៀបចំដោយក្រសួងសុខាភិបាល មិនថានៅទីក្រុង ឬនៅបណ្តាខេត្តនោះទេ ហើយត្រូវមានការការពារ និងយាមកាមយ៉ាងត្រឹមត្រូវ ដោយសម្តេចតេជោ បានសង្កត់ធ្ងន់ថា នោះមិនមែនជាការដាក់ឃុំនោះទេ ក៏ប៉ុន្តែនោះជាតម្រូវការចាំបាច់ នៃការដាក់ខ្លួនឱ្យដាច់ដោយឡែក ដោយប្រជាពលរដ្ឋមានសិទ្ធិក្នុងការជ្រើសរើសថា ត្រូវចត្តាឡីស័កនៅផ្ទះរបស់ខ្លួន ដោយអនុវត្តឱ្យបានត្រឹមត្រូវនៃវិធានចត្តាឡីស័ក ឬត្រូវធ្វើចត្តាឡីស័ក ដោយមានការចាប់បញ្ជូនទៅកន្លែងចត្តាឡីស័ក៕

ដោយ ផែន រតនៈ