សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាល ពិនិត្យតាមដានគ្រប់មនុស្សដែលពាក់ព័ន្ធក្នុងដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសហុងគ្រីជិត៩០០នាក់ដែលកំពុងធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់

AKP ភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០

ដោយហៅការធ្វើចត្តាឡីស័ករបស់មនុស្សដែលពាក់ព័ន្ធដំណើរទស្សនកិច្ចរដ្ឋមន្រ្តីការបរទេសហុងគ្រីនោះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាល ពិនិត្យតាមដានគ្រប់មនុស្សដែលពាក់ព័ន្ធក្នុងដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសហុងគ្រីជិត៩០០នាក់ដែលកំពុងធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់ដោយហៅការធ្វើចត្តាឡីស័ករបស់មនុស្សដែលពាក់ព័ន្ធដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មហុងគ្រីប្រមាណ៩០០នាក់ថាជា«ព្រឹត្តិការណ៍៣វិច្ឆិកា»។ ជមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញបទបញ្ជាឱ្យក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាលពិនិត្យតាមដានគ្រប់មនុស្សដែលបាននិងកំពុងធ្វើចត្តាឡីស័ក ប្រសិនពួកគាត់អនុវត្តន៍មិនបានត្រឹមត្រូវក្នុងការធ្វើចត្តាឡីស័កតាមផ្ទះទេ សូមអញ្ជើញពួកគាត់ទៅធ្វើចត្តាឡីស័ក តាមទីកន្លែងដែលរៀបចំដោយក្រសួងសុខាភិបាល ដោយមានការយាមកាមពីកម្លាំងនគរបាល ឬកងរាជអាវុធហត្ថឱ្យបានហ្មត់ចត់។

នៅលើផេកផ្លូវការ នាថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោបានសរសេរថា “ថ្ងៃនេះ៩ វិច្ឆិកា ២០២០ ក្រុមគ្រូពេទ្យបានយកសំណាកខ្ញុំនិងភរិយា ព្រមទាំងអ្នកនៅជាមួយនិងអ្នកនៅជាប់ខ្ញុំទាំងអស់ទៅធ្វើតេស្តជាលើកទី២។លទ្ធផលគឺអវិជ្ជមានទាំងអស់ គឺជាលទ្ធផលល្អសម្រាប់ដំណាក់កាលទី២ក្នុងចំណោម៤ដំណាក់កាល”។ សម្ដេចតេជោបានបន្តថា ខ្ញុំត្រូវធ្វើចត្តាឡីស័កបន្តទៀត និងរង់ចាំការធ្វើតេស្តជាលើកទី៣នៅថ្ងៃទី១៤ វិច្ឆិកា និងលើកទី៤នៅថ្ងៃទី១៨ ខែវិច្ឆិកា។ ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបងប្អូនជិត ៩០០ នាក់ផ្សេងទៀតដែលបានប៉ះពាល់ដោយផ្ទាល់ឬដោយប្រយោល ពីព្រឹត្តិការណ៍ដែលខ្ញុំសូមដាក់ឈ្មោះថា(ព្រឹត្តិការណ៍៣វិច្ឆិកា)។ សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជា់ថា ព្រឹត្តិការណ៍(៣វិច្ឆិកា) នឹងត្រូវបិទបញ្ចប់នៅក្រោយពេលដែលមនុស្សប្រមាណ៩០០នាក់ដឹងថាវិជ្ជមាន ឬអវិជ្ជមានដែលត្រូវការពេលប្រមាណ៣សប្តាហ៍ទៀត។ ដើម្បីកម្រិតកុំឱ្យមនុស្សកើនឡើង តម្រូវឱ្យអ្នកដែលបាននិងកំពុងធ្វើចត្តាឡីស័ក កុំចេញទៅជួបជាមួយមនុស្សផ្សេងទៀត។ ប្រសិនជួបជាមួយអ្នកណាត្រូវយកអ្នកនោះមកធ្វើតេស្តនិងធ្វើចត្តាឡីស័កថែមទៀត ដែលនឹងធ្វើឱ្យកាន់តែលំបាកប្រើពេលកាន់តែយូរមនុស្សកាន់តែច្រើន។ សម្ដេចតេជោបានថ្លែងបន្ថែមថា ដើម្បីបញ្ចៀសករណីដូចដែលខ្ញុំលើកឡើងខាងលើ ខ្ញុំសូមចេញបទបញ្ជាឱ្យក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាលពិនិត្យតាមដានគ្រប់មនុស្ស ដែលបាននិងកំពុងធ្វើចត្តាឡីស័ក ប្រសិនពួកគាត់អនុវត្តន៍មិនបានត្រឹមត្រូវក្នុងការធ្វើចត្តាឡីស័កតាមផ្ទះទេ សូមអញ្ជើញពួកគាត់ទៅធ្វើចត្តាឡីស័កតាមទីកន្លែងដែលរៀបចំដោយក្រសួងសុខាភិបាល ដោយមានការយាមកាមពីកម្លាំងនគរបាលឬកងរាជអាវុធហត្ថឱ្យបានហ្មត់ចត់។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា នេះគឺជាគន្លឹះក្នុងការឈានទៅបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកាឱ្យបានឆាប់ តាមរយៈកុំឱ្យកើនចំនួនមនុស្សពាក់ព័ន្ធដែលនាំដល់អូសពេលវេលាកាន់តែវែង។ សូមកុំឱ្យកម្ទេចភ្លើងក្លាយជាអគ្គិភ័យ តាមរយៈការធ្វេសប្រហែសរបស់យើង សូមជួយពន្លត់ភ្លើង និង សុំកុំអង្គុយបក់ផ្សែង។ ព្រឹត្តិការណ៍៣វិច្ឆិកានឹងបញ្ចប់ក្នុងខែវិច្ឆិកានេះ ដែលមិនត្រូវពន្យាពេល។ សម្តេចតេជោក៏សូមជូនពរបងប្អូនជនរួមជាតិឃ្លាតឆ្ងាយពីកូវីដ១៩៕

ដោយ ជឹម ណារី