ខេត្តក្រចេះប្រារព្ធមិទ្ទិញអបអរសារទទបុណ្យឯករាជ្យ០៩ វិច្ឆិកា ឆ្នាំ ២០២០

AKP ក្រចេះ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០–

រដ្ឋបាលខេត្តក្រចេះបានរៀបចំប្រារព្ធមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៧ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ( ៩ វិច្ឆិកា ១៩៥៣ – ០៩ វិច្ឆិកា ២០២០)និងថ្ងៃកំណើតកងយុទ្ធពលខេមរៈភូមិន្ទ កាលពីព្រឹកថ្ងៃចន្ទ ៩រោច ខែ កក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ។
ពិធីនេះធ្វើឡើងក្រោមវត្តមានឯកឧត្តម ហឿ ស៊ីយែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត មន្រ្ដីរាជការ កង កម្លាំងប្រដាប់អាវុធ និស្សិត សិស្សានុសិស្សនិងប្រជាពលរដ្ឋក្នុងក្រុងក្រចេះជាច្រើនផងដែរ ។

នៅក្នុងឱកាសនៃពិធីប្រារពមិទ្ទិញអបអរសា ទរខួបអនុស្សាវរីយ៍លើកទី៦៧ទិវាបុណ្យឯករាជ្យ ជាតិ០៩ វិច្ឆិកានោះដែរ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានអញ្ជើញដាក់កម្រង ផ្កា ដើម្បីគោរពវិញ្ញាណក្ខន្ធដល់ព្រះករុណា ព្រះ បាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងរំលឹកដល់គុណូបការៈយុទ្ធជន យុទ្ធនារីអ្នកស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិមាតុភូមិអោយរួចផុតពីរបបអាណា និគមបារាំង ។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាល ខេត្តក្រចេះបានថ្លែងដោយសង្កត់ធ្ងន់ថា ទំរាំតែប្រទេសកម្ពុជាយើងទទួលបានឯករាជ្យទាំង ស្រុងពីអាណានិគមនិយមបារាំង បុព្វបុរសខ្មែរជាពិសេសព្រះបាទសម្ដេចព្រះនរោត្តម សីហនុ បានលះបង់គ្រប់បែបយ៉ាងរួមទាំងអាយុជីវិតដើម្បីទាមទារឯករាជ្យទាំងស្រុងជូនប្រទេសជាតិទាំងស្រុងនៅថ្ងៃទី០៩ ខែ វិឆ្ឆិកា ឆ្នាំ១៩៥៣ ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា បើទោះបីប្រទេសជាតិយើងទទួលបានឯករាជ្យទាំងស្រុងពីអានាគមន៍បារាំងក៏ដោយ ប៉ុន្តែប្រទេសជាតិយើងបានកើតសង្រ្គាមបង្ហូរឈាមរវាងខ្មែរនិងខ្មែររហូតដល់មានការសម្លាប់ជាតិសាសន៍ឯងអស់ជាង៣លាននាក់នៅក្នុងរបបកម្ពុជាប្រជាធិប តេយ្យខ្មែរក្រហម ។

ឯកឧត្ដម វ៉ា ថន បញ្ជាក់ទៀតថា នៅថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ កម្ពុជាត្រូវបានរំដោះឲ្យរួចផុតពីរបបខ្មែរក្រហមដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានិងឈានទៅបញ្ចប់សង្រ្គាមទាំងស្រុងរវាងខ្មែរនិងខ្មែរនៅឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះៗរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៕

ដោយ: ជួន សុជាតិ