ខេត្តប៉ៃលិន ប្រារព្ធខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ

វិទ្យុជាតិកម្ពុជា៖អត្ថបទ លោក ហឿន គឹមហុន


នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នាបរិវេណវិមានឯករាជ្យ រដ្ឋបាលខេត្តប៉ៃលិនបានប្រារព្ធខួបលើកទី៦៧ នៃទិវាបុណ្យឯក រាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ( ៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា២០២០ ) ដែលប្រទេសកម្ពុជាយើង ទទួលបានឯករាជ្យពេញបរិបូរណ៍ ពីអាណានិគមនិយមបារាំង ។ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២០នេះ ប្រារព្ធធ្វេី ឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាយរិទ្ធ និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត បានថ្លែងថា៖ ថ្ងៃ៩វិច្ឆិកា ជាទិវាឯករាជ្យជាតិ និងជាកំណើតនៃកងយោធពល ខេមរភូមិន្ទ ដែលជាថ្ងៃប្រវត្តិសាស្រ្តនៃការប្រកាសឯករាជ្យពេញលេញរបស់កម្ពុជា ក្រោមព្រះរាជបូនីយកិច្ច និងព្រះ រាជបេសកកម្មទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំងរបស់ព្រះករុណាព្រះបាទព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នាឆ្នាំ១៩៥៣។ប្រជារាស្រ្ត របស់ព្រះអង្គទាំងអស់គ្នាតែងតែចងចាំ និងចារឹកជាប់ជានិច្ចក្នុងជីវិត នូវព្រះមហាករុណាទិគុណ ប្រកបដោយព្រហ្មវិហារធម៌ យ៉ាងជ្រាលជ្រៅរបស់ព្រះករុណា ដែលកន្លងមកព្រះអង្គបានបូជាព្រះកាយពល និងបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ដើម្បីធ្វើ ការតស៊ូក្នុងក្របខណ្ឌ នៃព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យនៅកម្ពុជាឲ្យរួចផុតពីអាណានិគមនិយមបារាំង។
ឯកឧត្តម បានឲ្យដឹងទៀតថា៖ ព្រះអង្គបានបន្សល់ទុកនូវស្នា ព្រះហស្ថដោយពុំអាចកាត់ថ្លៃបាន រហូតមកដល់សព្វថ្ងៃ ព្រមទាំងបានត្រួសត្រាយមាគ៌ាសន្តិភាព សាមគ្គីភាព និងវឌ្ឍនភាព សង្គមជាតិខ្មែរទាំងមូល ដែលយើងទាំងអស់គ្នា ជាកូន ជាចៅ ចៅទួត របស់ព្រះអង្គបានដង្ហែរតាមមាគ៌ាដ៏ថ្លៃថ្លានេះរហូតមក ទោះបីព្រះអង្គយាងចូលព្រះទិវង្គតហើយក៏ដោយ។ ទន្ទឹមនឹងនេះយើងទាំងអស់គ្នា ចូលរួមអបអរសាទរ ខួបលើកទី៦៧ នៃថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ដោយ បានចាត់ទុកថាសមិទ្ធផលដ៏ធំធេងទាំងឡាយ ដែលយើងសម្រេចបាននេះ ពិតជាបានមកតាមរយៈការខិតខំពង្រីកនូវ វប្បធម៌សន្តិភាព ការផ្សះផ្សាបង្រួបបង្រួមជាតិ ការលើកស្ទួយ លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូរ របស់មនុស្ស រក្សាការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម កែលម្អអភិបាលកិច្ច លើកស្ទួយវិស័យសាធារណៈ និងការ អភិវឌ្ឍជាតិ។ប្រការនេះបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាមូលដ្ឋានដ៏រឹងមាំគ្រប់ផ្នែក គ្រប់វិស័យ ធ្វើឲ្យកិត្យានុភាពរបស់ប្រទេស មានការផ្លាស់ប្តូរមុខមាត់ថ្មី ស្រស់បំព្រងទាំងលើផ្ទៃប្រទេសក៏ដូចនៅលើពិភពលោក។

ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន បានមានប្រសាសន៍ថា៖ ថ្ងៃនេះគឺជាថ្ងៃមោទនភាពរបស់ប្រជាជាតិខ្មែរយើងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលយើងទាំងអស់គ្នា បានរួមចិត្តរួមថ្លើមប្រារព្ឋខួបអនុស្សាវរីយ៏លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាខួបកំណើតនៃកងយោធពល ខេមភូមិមិន្ទឆ្នាំ២០២០ផងដែរ។ ឯកឧត្តមថ្លែងបន្តថា៖ សម្រាប់ខេត្តប៉ៃលិនមានមោទនភាពចំពោះស្មារតីមហាសាមគ្គី ដែលយើងទាំងអស់គ្នាបានរួមគ្នា កសាងវិមានឯករាជ្យជាតិ ដែលបានផុសចេញឡើងមកនេះ ដោយសារតែឆន្ទះ នៃស្មារតីមហាសាមគ្គីរបស់ប្រជាជនខេត្តប៉ៃលិនយើង។ ដូច្នេះយើងជួបជុំគ្នាពេលនេះចំពោះមុខវិមានឯករាជ្យ តំណាងអោយឯករាជ្យជាតិខ្មែរ ជាស្នាព្រះហស្ថដ៏មហាថ្លៃថ្លារបស់ព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ព្រះបិតាឯករាជ្យជាតិខ្មែរ គឺដើម្បីបង្ហាញពីទឹកចិត្តដឹងគុណ ភក្តីភាព និងការប្តេជា្ញចិត្តការពារដាច់ខាត នូវរបបរាជានិយម។ ថ្វីត្បិតតែព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យជាតិខ្មែរយើង ព្រះបរមរតនកោដ្ឋ ព្រះអង្គទ្រង់បានយាង សោយទិវង្គតទៅក៏ពិតមែន ប៉ុន្តែព្រះអង្គបានបន្សល់ទុកនៅស្នាព្រះហស្ថដ៏មហាថ្លៃថ្លា គឺព្រះរាជបូជនីយកិច្ចតស៊ូដណ្តើម ទាមទារឯករាជ្យពីនឹមអាណានិគមនិយមបារាំងសេសនិងបាននាំជាតិមាតុភូមិកម្ពុជា ចូលទៅក្នុងប្លុកនៃចលនាប្រទេស មិនចូលបក្សសម្ព័ន្ឋថែមទៀត ដែលជាកត្តាធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាយើងកាន់តែមានមុខមាត់ស្មើរនឹងប្រទេសនានា ក្នុងតំបន់ និងក្នុងសកលលោក។ ព្រះរាជតម្រិះ និងព្រះរាជបទពិសោធន៍ ដែលព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈនៃយើង បានបំពេញព្រះរាជកិច្ចដឹកនាំប្រទេសជាតិទទួលបានជោគជ័យ ឆ្ពោះដល់ត្រើយសន្តិភាពពេញលេញបរិបូរណ៍នេះ បានក្លាយទៅជាមហាមរតត នៃមាគ៌ាដឹកនាំប្រកបដោយសច្ចធម៌ គឺនយោបាយមហាសាមគ្គីជាតិ ផ្សះផ្សាបង្រួបបង្រួមជាតិ ដែលយើងទាំងអស់គ្នាជាកូនចៅ ចៅទួត ចៅលួតចៅលា ត្រូវតែដើរតាមលំអាននេះ។ យើងទាំងអស់គ្នាបន្តចងចាំជានិច្ច មិនអាចបំភ្លេចបានឡើយ ចំពោះគុណូបការៈដ៏មហាធំធេងរបស់ព្រះមហាវីរក្សត្រព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈនៃយើង ដែលមួយព្រះជន្មរបស់ព្រះអង្គ ព្រះអង្គបានលះបង់ដើម្បីតែជាតិមាតុភូមិ និងប្រជារាស្រ្តរបស់ព្រះអង្គ រស់ក្នុងភាពថ្លៃថ្នូរ ឯករាជ្យ និងសេចក្តីសុខក្សេមក្សាន្ត។
ឯកឧត្តម អ៊ី ឈាន ក៏បានសង្កត់ធ្ងន់ផងដែរថា៖ ប្រទេសកម្ពុជាយើងសព្វថ្ងៃនេះកំពុងជួបនូវវិបត្តិកូវីដ-១៩ ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន សូមបន្តរួមគ្នាទប់ស្កាត់ និងការពារ ជម្ងឺកូវីដ-១៩ តាមវិធានការ ការការពាររបស់ក្រសួងសុខាភិបាល និងអនុវត្តន៍តាមសេចក្តីប្រកាសរបស់ រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានក្រុមការងារចុះជួយខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ បានដាក់កម្រងផ្កា ដុតទៀនជ័យ និងបានធ្វើការបង្ហោះប៉េងប៉ោង ដែលជានិមិត្តរូប នៃការទទួលបាន ឯករាជ្យជាតិយើងផងដែរ៕​