ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ កំពុងរងការគំរាមកំហែងពីសត្វមូស ក្រោយទឹកសម្រកទៅវិញ

វិទ្យុជាតិកម្ពុជា ៖ស៊ឹង សុផារី ០៩.១១.២០២០


MC ៖ ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ កំពុងរងការគំរាមកំហែងពីសត្វមូសក្រោយទឹកសម្រកទៅវិញ ដោយសារមានទឹកដក់ នៅតាមសំបកកំប៉ុង សំបកកង់ឡាននិងជង្ហុកដក់ទឹកជាច្រើនកន្លែង ដែលជាកត្តាបង្កើតជាជម្រកសម្រាប់សត្វមូស ។
លោកស្រី សុខលីម ប្រជាពលរដ្ឋរស់នៅសង្កាត់អូរស្តៅក្រុងពោធិ៍សាត់ បានឱ្យដឹងថា កាលពីខែមុនជំនន់ទឹកភ្លៀងបានបង្កើត បញ្ហាដល់ពួកគាត់ជាច្រើន ដោយបានជន់លិចភូមិឋាន ផ្ទះសម្បែង ដំណាំស្រូវ និងដំណាំរួមផ្សំនានា និងបានបំផ្លាញស្ទើរ តែទាំងស្រុង ។
លោកស្រី បានបន្តថា ក្រោយពីបញ្ហាទឹកជំនន់បានធូរស្រាល អ្វីដែលជាបញ្ហាប្រឈមបន្តទៀត ដែលគាត់កំពុងតែមានការ ព្រួយបារម្ភនោះ គឺពាក់ព័ន្ធទៅនឹងសត្វមូស ដោយសារតែមានបញ្ហាទឹកកខ្វក់ដក់តាមសំបកកង់ឡាន សំបកដូង និងសំបកវត្ថុផ្សេងៗ ដែលបង្កើតទៅជាជម្រកសត្វមូសបង្កឱ្យមានការព្រួយបារម្ភ ខ្លាចកើតមានឡើងនូវជំងឺផ្សេងៗ ។
លោក​ស្រី​បញ្ជាក់​ថា​ «មូសច្រើនខុសពីធម្មតាមានចំនួនច្រើនហើយធំទៀត ទំហំវាគឺមានទំហំធំជាងធម្មតា ដោយកាលពីទឹក មិនទាន់ឡើងនោះមិនសូវមានធំហើយក៏មិនសូវច្រើនអញ្ចឹងដែរ តែឥឡូវនេះមានច្រើនណាស់ហើយធំៗខ្លាំងទៀត គួរឱ្យបារម្ភ» ។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា បញ្ហាសុខភាពរបស់ ប្រជាពលរដ្ឋនៅក្រោយទឹកជំនន់នេះ គឺអាចកើតមានជំងឺដូចជា ជំងឺរាគ ជំងឺផ្លូវដង្ហើម ជំងឺគ្រុនឈាម គ្រុនឈីក និងគ្រុនចាញ់ ជាដើម ដែលទាមទារឱ្យប្រជាពលរដ្ឋសម្អាតបរិវេណជុំវិញផ្ទះឱ្យបានស្អាត ពិសេសលុបបំបាត់ជម្រកមូស ។
»នៅពេលដែលទឹកចាប់ផ្ដើមស្រកទៅនេះ ទឹកវាអាចដក់នៅតាមសំបកកង់ឡាន សំបកកំប៉ុង សំបកដូង សំបកកង់ម៉ូតូ ហើយក៏មានការកកើតមូសចេញពីពាងទឹក ហើយនឹងអាងទឹកដែរ ហើយតាមការសិក្សារបស់ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រនិងបាណកសាស្ត្រនៃក្រសួងសុខាភិបាលនេះ គេសង្កេតឃើញថា ប្រហែលជា៦០ ទៅ៦៥ភាគរយនៃដង្កូវទឹក ដែលកើតចេញជាមូសនេះ វាកើតចេញពីសំបកកង់ឡាន សំបកកង់ម៉ូតូ ហើយនិងចានស្នោ នៅពេលដែលប្រជាពលរដ្ឋបរិភោគហើយគាត់មិនបានវេចខ្ចប់ទុកដាក់ត្រឹមត្រូវទេនោះ ចឹងនៅពេលដែលមានភ្លៀងធ្វើឱ្យវត្ថុនោះដក់ទឹក ធ្វើឱ្យពពួកមូសចូលចិត្តរស់នៅចន្លោះពី៦០ ទៅ៦៥ភាគរយ ដែលនេះគឺជាចំណុចសំខាន់នៃការលុបបំបាត់នូវភ្នាក់ងារចម្លងជំងឺគ្រុនចាញ់ផង ភ្នាក់ងារចម្លងជំងឺគ្រុនឈាម ក៏ដូចជាជំងឺគ្រុនឈីក ហើយក៏ដូចជាជំងឺផ្សេងទៀត»។
សូមបញ្ជាក់ថា នៅក្នុងអំឡុងពេលនេះ ក្រុមគ្រូពេទ្យខេត្តពោធិ៍សាត់និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងចុះផ្សព្វផ្សាយ ការងារអប់រំសុខភាព និងចែកក្លរ៉ូមីនថ្នាំបំបាត់មូសនិងថ្នាំបំបាត់ដង្កូវទឹកនានា ដើម្បីជំរុញឱ្យ ប្រជាពលរដ្ឋបង្កើនការ ប្រុងប្រយ័ត្នឱ្យកាន់តែខ្ពស់បន្ថែមទៀត ចៀសវាងការកើតជំងឺឆ្លងនានា៕​