សម្តេចក្រឡាហោម ស ខេង៖ ការប្រកួតប៉េតង់ពាន «គរុគុណ»ជាការបង្កើនគុណភាពឆ្ពោះទៅ ស៊ីហ្គេម ២០២៣

AKP ភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០–

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសហព័ន្ធកីឡា ប៊ូល និងប៉េតង់កម្ពុជាមានប្រសាសន៍ថា ការប្រកួតកីឡាប៉េតង ពានរង្វាន់ «គរុគុណ» លើកទី១ ឆ្នាំ២០២០ ដែលបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ពិតជាមានសារៈសំខាន់ណាស់ ដែលជាការំឭកដល់ស្ថានិបសំខាន់ៗ ដែលបានជួយជ្រោមដល់កីឡាប៉េតង់ឱ្យមានការអភិវឌ្ឍដល់សព្វថ្ងៃនេះ ក៏ដូចជាបង្កើតឱកាសដល់កីឡាករ កីឡាការិនីបានពង្រឹងសមត្ថភាព ដើម្បីត្រៀមការប្រកួតនានានាពេលខាងមុខ ជាពិសេសគឺការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ទៀតថា ជាមួយនឹងការខិតខំរួមគ្នាគ្រប់សមាសភាពភាគីពាក់ព័ន្ធទាំងអស់បានជំរុឱ្យវិស័យកីឡាប៉េតង់កម្ពុជាត្រូវបានទទួលស្គាល់ និងការកោតសរសើរ បានកសាងនូវកិត្យា នុភាពជាតិលើឆាកអន្តរជាតិ តាមរយៈការដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធិអន្តរជាតិជាច្រើន ជាបន្តបន្ទាប់ តាមរបាយការណ៍លើកឡើងរបស់ឯកឧត្តម សុខ សប្បាយណា អគ្គលេខាធិការ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា។

ឯកឧត្តមអគ្គលេខាធិការបានលើកឡើងថា គោលបំណងនៃការប្រកួតកីឡាប៉េតង់ ពានរង្វាន់ គរុគុណ នេះ គឺដើម្បីជាការរំឭកនូវគុណូបការៈដ៏ឧត្តុង្គឧត្តមជូនចំពោះសម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន ព្រមទាំងអតីតថ្នាក់ដឹកនាំដទៃៗទៀត ដែលបានខិតខំជំរុញឱ្យកីឡាប៉េតង់មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលគិតមកដល់បច្ចុប្បន្ន ប៉េតង់កម្ពុជាឈ្នះមេដាយអន្តរជាតិសរុបចំនួន ៣០៦គ្រឿង ក្នុងនោះ មាស ៨៨គ្រឿង ប្រាក់១០៨ និងសំរឹទ្ធិ ១១០គ្រឿង។ ជាមួយគ្នានោះ ក្នុងនាមសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានបង្ហាញ នូវអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលខិតខំធ្វើកំណែទម្រង់វិស័យកីឡា តាមគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យកីឡាឆ្នាំ២០១៩-២០២៣ និងតាមផែនការមេនៃការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

យោងតាមលទ្ធផលរបស់គណៈកម្មការបច្ចេកទេសរៀបចំការប្រកួតបានឱ្យដឹងថា ជ័យលាភីលើវិញ្ញាសាចំនួន៨នេះ រួមមាន៖ ពានធំបុរស (៣ទល់៣) លេខ១ ក្រុមទីស្តីការគណៈរដ្ឋមន្ត្រី, លេខ២ ក្រសួងមហាផ្ទៃ, លេខ៣ ក្លិបវិស្ណុរាជ។ ពានសមាគម (៣ទល់៣) លេខ១ យោធិភូមិភាគពិសេស, លេខ២ ក្រសួងការពារជាតិ, លេខ៣ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ។ យុវនារីក្រោម១៨ឆ្នាំ (២ទល់២) លេខ១ ក្រសួងមហាផ្ទៃ, លេខ២ ក្រសួងការពារជាតិ និងលេខ៣ អប់រំកាយកីឡាបាត់ដំបង។ យុវនារីក្រោម១៥ឆ្នាំ (១ទល់១) លេខ១ ទីស្តីការគណៈរដ្ឋមន្ត្រី, លេខ២ មិត្តភាពតាកែវ និងលេខ៣ មន្ទីរអប់រំខេត្តព្រៃវែង។ យុវជនក្រោម១៥ឆ្នាំ (១ទល់១) លេខ១ ខេត្តកណ្តាល, លេខ២ តាខ្មៅខេត្តកណ្តាល និងលេខ៣ ក្រសួងមហាផ្ទៃ។ ពានធំនារី (៣ទល់៣) លេខ១ ទីស្តីការគណៈរដ្ឋមន្ត្រី, លេខ២ យោធិភមិភាគពិសេស និងលេខ២ ក្រុមសេនារាជសីហ៍។ យុវជនក្រោម១៨ឆ្នាំ (៣ទល់៣) លេខ១ ទីស្តីការគណៈរដ្ឋមន្ត្រី , លេខ២ ក្រសួងការពារជាតិ និងលេខ៣ ក្រសួងមហាផ្ទៃ។ វ័យចាស់៥៥ឆ្នាំ (៣ទល់៣) លេខ១ មន្ទីរអប់រំ ខេត្តស្វាយរៀង, លេខ២ រដ្ឋាករទឹកស្វយ័ត និងលេខ៣ ទីស្តីការគណៈរដ្ឋមន្ត្រី ៕

ដោយ៖ហេង ណាលីន

សម្រួលផ្សាយ៖ កន ចំណាន