រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ

 

វិទ្យុជាតិកម្ពុជា៖ ខេត្តត្បូងឃ្មុំ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០


រដ្ឋបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានរៀបចំពិធីប្រារព្ធខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃ កងយោធពលខេមរភូមិន្ទ ដែលបានធ្វើឡើងនៅក្នុងសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល
នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមជាង៥០០នាក់។
នៅក្នុងកម្មវិធីនោះក៏បាននិមន្តព្រះសង្ឃសូត្រស្វាធ្យាយ ជយន្តោ និងប្រគេនទេយ្យទាន, ពិធីដាក់កូរោនផ្កា, អានប្រវត្តិសង្ខេប ព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យនៅកម្ពុជារបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះ នរោត្តមសី ហនុ ព្រះបរមរតនកោដ្ឋ និងជាចុងក្រោយ ពិធីបង្ហោះប៉េងប៉ោង ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ថ្ងៃ៩វិច្ឆិកា ជាទិវាឯករាជ្យជាតិ និងជាកំណើតនៃកងយោធពលខេមរភូមិន្ទ ដែលជាថ្ងៃប្រវត្តិសាស្រ្តនៃការប្រកាសឯករាជ្យពេញលេញរបស់កម្ពុជា ក្រោមព្រះរាជបូនីយកិច្ច និងព្រះរាជបេសកកម្មទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង នាឆ្នាំ១៩៥៣ របស់ព្រះករុណាព្រះបាទព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹក
ដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ទៀតថា ប្រជារាស្រ្តរបស់ព្រះអង្គទាំងអស់គ្នាតែងតែចងចាំ និងចារឹកជាប់ជានិច្ចក្នុងជីវិត នូវព្រះមហាករុណាទិគុណ ប្រកបដោយ ព្រហ្មវិហារធម៌ យ៉ាងជ្រាលជ្រៅរបស់ព្រះករុណា ដែលកន្លងមកព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ដើម្បីធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យនៅកម្ពុជាឱ្យរួចផុតពីអាណានិគមនិយមបារាំង។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានឲ្យដឹងទៀតថា ព្រះអង្គបានបន្សល់ទុក
នូវស្នាព្រះហស្ថពុំអាចកាត់ថ្លៃបានជាច្រើន រហូតមកដល់សព្វថ្ងៃ ព្រមទាំងបានត្រួសត្រាយមាគ៌ាសន្តិភាព សាមគ្គីភាព និងវឌ្ឍនភាព សង្គមជាតិខ្មែរទាំងមូល ដែលយើងទាំងអស់គ្នាជាកូន ជាចៅ ចៅទួត របស់ព្រះអង្គបានដង្ហែរតាមមាគ៌ាដ៏ថ្លៃថ្លានេះរហូតមក ទោះបីព្រះអង្គយាងចូលព្រះទីវង្គតហើយក៏ដោយ។ប្រការនេះបានធ្វើឱ្យប្រទេសកម្ពុជាក្លាយជាមូលដ្ឋានដ៏រឹងមាំគ្រប់ផ្នែក គ្រប់វិស័យ ធ្វើឱ្យកិត្យានុភាពរបស់ប្រទេសមានការផ្លាស់ប្តូរមុខមាត់ថ្មី ស្រស់បំព្រងទាំងផ្ទៃប្រទេសក៏ដូចនៅលើពិភពលោក៕