ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ប្រារព្ធពិធីរំឭកខួបលើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ ជាមួយនឹងការរៀបចំពិធីដាល់អំបុក អបអរសាទរផង

 

  វិទ្យុជាតិកម្ពុជា ៖  ដោយ  លោក  ចន  ណារិទ្ធ 

  រាជធានីភ្នំពេញ៖ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានប្រារព្ធពិធីរំឭកខួបអនុស្សាវរីយ៍លើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ និងខួបកំណេីតកងយោធពលខេមរភូមិន្ទ ភ្ជាប់ជាមួយពិធីដាល់អំបុកអបអរសាទរ បង្ហាញពីវប្បធម៍ខ្មែរ ផង។

  ពិធីនេះបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី៨ខែវិច្ឆិកា  ឆ្នាំ២០២០  នៅមជ្ឍមណ្ឌលវប្បធម៌ខ្មែរ ក្នុងទីក្រុងអានសាន  ក្រោមវត្តមាន ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ មន្ត្រីរាជការស្ថានទូត  និងក្រុមគ្រួសារ  និសិ្សត  បងប្អូនខ្មែររស់នៅកូរ៉េ  ពលករ  ពលការិនី  និងភ្ញៀវជនជាតិកូរ៉េចូលរួមប្រមាណជាង៨០នាក់។

     កម្មវិធីនេះក៏បានរៀបចំបញ្ចាំងនូវវីដេអូឯកសារស្ដីពីការតស៊ូដណ្ដើមឯករាជ្យជាតិ រំឭកអំពីប្រវត្តិសាស្ត្រកម្ពុជា អំពីការតស៊ូរបស់បុព្វបុរស ការបង្រួបបង្រួមជាតិ រហូតទទួលបានសន្ដិភាពពេញលេញដូចបច្ចុប្បន្ន និងបានរៀបចំ ឲ្យអង្គពិធីទាំងមូលចូលរួមច្រៀង បទ ពង្សាវតារខ្មែរ, ជនជាតិខ្មែរ និងបទដែនដីខ្មែរ ពោពេញដោយក្ដីរំភើបឥតឧបមា។

  ជាមួយគ្នានេះ  ឯកឧត្តមឯកអគ្គរាជទូត  និងសហការី  ព្រមទាំងភ្ញៀវជាតិ  និងអន្តរជាតិ  ក៏បានប្រារពពិធីដាល់អំបុក និងអកអំបុក បង្ហាញពីវប្បធម៍ខ្មែរ ប្រកបដោយភាពរីករាយ ដោយគោរពតាមវិធានការសុវត្ថិភាពរបស់អាជ្ញាធរ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩៕​