ប្រជាពលរដ្ឋខ្មែរចងចាំជានិច្ចចំពោះគុណូបក្ការៈដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះបរមរតនកោដ្ឋដែលបាន រំដោះប្រទេសជាតិឱ្យមានឯករាជ្យជាតិពេញបរិបូរណ៍

 

វិទ្យុជាតិកម្ពុជា អត្ថបទ ៖វ៉ែន សុវុទ្ឋី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០២០


ប្រជាពលរដ្ឋខ្មែរនៅតែចងចាំក្នុងក្រអៅបេះដូងមិនអាចបំភ្លេចបានឡើយនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ សម្តេចតា សម្តេចតាទួត
នៃយើង ក្នុងការតស៊ូទាមទារឯករាជ្យជូនជាតិមាតុភូមិ ពីអាណានិគមនិយម
បារាំង ។
នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺជាខួប៦៧ឆ្នាំហើយ ដែលប្រទេសកម្ពុជាទាំងមូលបានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមនិយម
បារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញា
ញាណ សាច់ស្រស់ ឈាមស្រស់ក្នុងការដឹកនាំតស៊ូដណ្តើមឯករាជ្យជូនជាតិមាតុភូមិ។
អ្នកស្រី លឹម វណ្ណឌី ជាប្រជាពល
រដ្ឋ ដែលបានមកចូលរួមក្នុងកម្មវិធីអបអរសាទរ ទិវាបុណ្យឯករាជ្យជាតិ៩
វិច្ឆិកា ខួបលើកទី ៦៧ នេះបានឱ្យដឹងថា ទំាងរូបអ្នកស្រីផ្ទាល់ក៏ដូចជាប្រជាពលរដ្ឋទាំងអស់មាន ចិត្តសប្បាយ
រីករាយក្រៃលែង ដែលប្រទេសកម្ពុជាយើងបានរួចផុតពីនឹមអាណា
និគមនិយមបារាំងនៅឆ្នាំ១៩៥៣ ។
អ្នកស្រីបានបន្តថា បើទោះបីជាព្រះមហា វីរក្សត្រ ព្រះបរមរតនកោដ្ឋបានយាងសោយព្រះទិវង្គត់ក៏ពិតមែន ប៉ុន្តែស្នាព្រះហស្ថនៃការដណ្តើមបានឯករាជ្យជាតិជូនជាតិមាតុភូមិនេះគ្មានពលរដ្ឋណាម្នាក់អាចបំភ្លេចបានឡើយ ចំពោះការប្តូរផ្តាច់យកអស់ព្រះកាយពលដណ្តើមឯករាជ្យពីអាណានិគមនិយមបារំាងមកវិញ ព្រមទំាងធ្វើឱ្យប្រទេសជាតិមានការរីកចំរើនលើ
គ្រប់វិស័យ ប្រជានុរាស្រ្តរស់នៅដោយសុខក្សេមក្សាន្តក្រោមម្លប់នៃសុខសន្តិភាព។ ប្រទេសកម្ពុជា ទទួលបានការអភិវឌ្ឍរីកចម្រើនគ្រប់ទីកន្លែង ហើយសព្វថ្ងៃប្រជាពលរដ្ឋខ្មែរទទួលបានសុខសន្តិភាពសិទ្ធិសេរីភាព និងការប្រកបរបររកស៊ីផ្សេងៗឃើញថាមានសុខសុវត្ថិភាពគ្រប់ស្ថាប័ន គ្រប់ទីកន្លែងទាំងអស់ ។
លោក ចាន់រឿន អង្គារ៉ា មេបញ្ជាការរងបញ្ជាការដ្ឋានទ័ពពិសេសបានឱ្យដឹងថា ក្នុងនាមកម្លាំងប្រដាប់អាវុធទាំងអស់នៅតែបន្តចូលរួមការពារនៅសុខសន្តិភាព ថែរក្សាការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងបងប្អូនប្រជាជនកម្ពុជានៅទូទាំងប្រទេសឱ្យបានស្ថិតស្ថេរគង់វង្ស ទោះក្នុងកាល:ទេស:ណាក៍ដោយ ។
ក្រោមការដឹកនាំរបស់សម្តេចតេជោលោកតែងតែបន្តខំប្រឹងដើម្បី ធ្វើឱ្យប្រទេសមានសន្តិភាពហើយយើង
ជាកងកម្លាំងប្រដាប់អាវុធ នៅតែប្រឹងប្រែងពុះពារដើម្បីជាតិមាតុភូមិជានិច្ច ។
ចំណែកលោក ហង្ស ពិសិទ្ធ ជានិស្សិតរៀននៅវិទ្យាស្ថានជាតិអប់រំបានឱ្យដឹងថា ក្នុងនាមយើងជាយុវជនជំនាន់ក្រោយ យើងនៅតែចងចាំចំពោះស្នាព្រះហស្ថរបស់អង្គព្រះមហាវីរក្សត្រចំពោះជាតិ មាតុ ភូមិ ហើយនឹងខិតខំរៀនសូត្របន្ថែមឱ្យបានច្រើន ស្រាវជ្រាវពីវប្បធម៌និងប្រវិត្តសាស្រ្តខ្មែរ ចូលរួមថែរក្សានៅស្នាដៃរបស់សម្តេចតា សម្តេចតាទួតនៃយើង ដែលជាគំរូវីរៈភាព ទុកឱ្យកូនខ្មែរជំនាន់ក្រោយបាន
ដឹងបន្តទៀត។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាតែងតែប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះ ដែលមានពិធីប្រទានភ្លើងទៀនជ័យ រំឭកគុណអ្នកស្នេហាជាតិ ដែលបានពលីជីវិត ទាមទារឯករាជ្យពីពួកអាណានិគមបារាំង ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទី១១ វិច្ឆិកា ជាកំណត់៕