អាជ្ញាធរខេត្តកំពង់ចាម ប្រារព្ធបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកាខួបអនុស្សាវរីយ៍លើកទី៦៧

 

វិទ្យុជាតិកម្ពុជា៖ ហ៊ាង ចាន់ថា ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២០


ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ១៩៥៣-៩ វិច្ឆិកា ឆ្នាំ២០២០ គឺជាខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិដែល
ព្រះរាជាណាចក្រកម្ពុជាប្រារព្ធឡើងដើម្បីរំឭកពីការទទួលបានឯករាជ្យពីអាណានិគមបារាំង ក្រោមព្រះ រាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណាព្រះសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ បានអញ្ជើញចូលរួមប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃការដណ្តើមបានឯករាជ្យសម្រាប់កម្ពុជានៅមុខសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីមហាជនជាច្រើនទៀត។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ថ្ងៃនេះកាលពី ៦៧ ឆ្នាំមុន ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំ កងជីវពលក្នុងព្រះរាជបេសកកម្ម ដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្ដម សី ហនុ ព្រះមហាវីរក្សត្រ ព្រះវីរបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរម
រតនកោដ្ឋ ក្នុងការទាមទារឯករាជ្យពីអានិគមនិយមបារាំង។
ឯកឧត្តមអភិបាលខេត្តបានថ្លែងបន្តថា ពេលវេលាបានកន្លងទៅជាង ៦០ឆ្នាំហើយ ប៉ុន្តែប្រជានុរាស្ដ្រទូទាំងនគរ នៅតែចងចាំជានិច្ច និងបានចារទុក ក្នុងក្រាំងមាស នៃប្រវត្តិសាស្ត្រជាតិ នូវមហាករុណាទិគុណ ប្រកបដោយ ព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅរបស់ព្រះករុណា សម្ដេចព្រះនរោត្ដម សី ហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណ ដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុ ឯករាជ្យជាតិ បូរណភាពទឹកដី សេចក្តីថ្លៃថ្នូរ សេចក្តីសុខសាន្ត និងការរីកចម្រើន នៃសង្គមជាតិ ។ ព្រះអង្គបានបង្រួបបង្រួមអ្នកនយោបាយ ដែល
បែកបាក់គ្នា ឬអ្នកមាននិន្នាការនយោបាយផ្សេង ឱ្យរួបរួមគ្នា ចូលរួម បម្រើប្រជារាស្រ្ត អស់ពីកម្លាំងកាយចិត្ត និងបានស្ថាបនាសង្គមរាស្រ្តនិយមដែលជាស្នាព្រះហស្ថ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ជាពិសេសព្រះអង្គបាន ត្រួសត្រាយមាគ៌ាសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍ សម្រាប់សង្គមជាតិខ្មែរទាំងមូល ដែលប្រជារាស្ត្រជំនាន់ក្រោយ ពិសេសថ្នាក់ដឹកនាំ និងអ្នកនយោបាយតែងដង្ហែ
តាមមាគ៌ាដ៏ថ្លៃថ្លានេះ រហូតមក ធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ៕