ព្រះសង្ឃ និងប្រជាពលរដ្ឋមួយចំនួន នៅខេត្តសៀមរាប នៅតែគោរពនិងមានជំនឿទៅលើ ពិធីអន្ទងព្រលឹង

AKP ខេត្តសៀមរាប ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០-

ព្រះគុណ្ណវិឌោ សន សារិទ្ធ ព្រះសមុហ៍អនុគណក្រុងសៀមរាប និងជាព្រះគ្រូចៅអធិការវត្តព្រឹន្ទ ខេត្តសៀមរាបកាលពីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានរៀបចំពិធីបួងសួង ដើមី្បបន់ស្រន់សុំសេចក្តីសុខសេចក្តីចម្រើន  និងធ្វើពិធីអន្ទងព្រះព្រលឹង ប្រគេនថ្វាយសព្វសាធុការដល់សម្តេចអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានរោគាពាធ សូមឱ្យព្រលឹងព្រះអង្គចូលមកសណ្ឋិតនៅក្នុងព្រះកាយរបស់ព្រះអង្គ និងឱ្យព្រះអង្គបានរួចចាក់ផុតពីទុក្ខភ័យទាំងឡាយទាំងពួង ដែលកំពុងតែយាយីដោយព្រះរោគាព្យាធិនៃព្រះកាយរបស់ព្រះអង្គ។ ដោយមានការនិមន្តចូលរួមពីមន្រ្តីជាន់ខ្ពស់ព្រះសង្ឃ និង ឯកឧត្តម ទេព សំអាន អគ្គរងហិរញ្ញវត្ថុ និងភស្តុភាក្រសួងការពារជាតិ និងព្រះសង្ឃសិស្សគុណព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

នៅក្នុងកិច្ចពិធីនេះលោកអាចារ្យបានប្រកាសអំពាវនាវដល់ពពួកទេវតា អារុកអារក្ស អ្នកសច្ចំបាំងបទ និងវត្ថុស័ក្កសិទ្ធិក្នុងលោក ដើម្បីអញ្ជើញយាងមកប្រោសព្រហ្មសណ្តោសដល់ព្រះជន្មាយុសង្ខារ និងអន្ទងព្រលឹងសុំព្រះព្រលឹងព្រះអង្គយាងនិមន្តចូលព្រះរាងកាយរបស់សម្តេចសង្ឃរាជ ទេព វង្ស និងសូមឱ្យព្រះអង្គទទួលបានតែសេចក្តីសុខសប្បាយ។

ការរៀបចំពិធីអន្ទងព្រលឹងនេះ គឺបានបង្ហាញអំពីវប្បធម៌ ប្រពៃណីរស់នៅរបស់ប្រជាជនខ្មែរ ដែលបានបង្កប់ជ្រៅនៅក្នុងជំនឿ និងសង្គម។ ការធ្វើពិធីអន្ទងព្រលឹងឬហៅព្រលឹង គឺដើមី្បឱ្យព្រះអង្គបានឆាប់ជាសះស្បើយពីព្រះរោគា ដើម្បីឱ្យព្រះអង្គបំពេញព្រះរាជកិច្ចដឹកនាំវិស័យសាសនា ព្រះសម្មាសាម្ពុទ្ធព្រះបរមគ្រូនៃយើងបន្តទៅទៀត។

តាមការជឿតៗគ្នា របស់ចាស់ៗពីបុរាណពីមួយជំនាន់ទៅមួយជំនាន់ តែងតែមានជំនឿទៅលើរឿងបែបអបិយជំនឿជាច្រើនដូចជាការបន់ស្រន់ អារុក្ខអារក្សអ្នកតា ខ្មោចព្រាយបិសាចជាដើម។ បើទោះបីជារហូតមកទល់ពេលនេះគ្មានអ្នកវិទ្យាសាស្ត្រណាអាចបញ្ជាក់បានថាជំនឿទាំងនេះពិតឬយ៉ាងណាតែវាក៏នៅតែមានឥទ្ធិពលមកលើផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែររហូតមកទល់នឹងពេលបច្ចុប្បន្ននេះផងដែរ។ ពិធីអន្ទងព្រលឹង គឺជាជំនឿបែបអរូបីយមួយ តាំងពីបុរាណកាលមកម្ល៉េះ ហើយក៏មានប្រជាពលរដ្ឋ នៅតាមទីជនបទជាពិសេសក្នុងតំបន់ អង្គរ និងភូមិស្រុកមួយចំនួនក៏នៅតែមានជំនឿ និងរៀបចំធ្វើពិធីមួយនេះឡើងមកផងដែរ។ បើតាមចាស់ៗថា ពិធីអន្ទងព្រលឹងនេះ មានច្រើនបែបច្រើនយ៉ាង។ ចំណែកឯការរៀបចំ ក៏មានការខុសគ្នាទៅតាមគ្រូដែលរៀបចំពិធីនោះដូចគ្នាដែរ៕

ដោយ: ឃុត សៅ

សម្រួលផ្សាយ៖ កន ចំណាន