អាជ្ញាធរស្រុកគាស់ក្រឡ ខេត្តបាត់ដំបងចាប់ផ្តើមស្តារប្រឡាយឡើងវិញ ក្រោយទឹកជំនន់ស្រកអស់ទៅ

វិទ្យុជាតិកម្ពុជា ៖ស៊ឹង សុផារី ០៩.១១.២០២០


MC ៖ អាជ្ញាធរស្រុកគាស់ក្រឡខេត្តបាត់ដំបង បានចាប់ផ្តើមស្តារប្រឡាយឡើងវិញ ក្រោយទឹកជំនន់ស្រកអស់ទៅ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់និងស្រោចស្រពដំណាំកសិកម្មផ្សេងៗ ។
លោក ញឹក សារ៉ែន អភិបាលរងស្រុកគាស់ក្រឡខេត្តបាត់ដំបង បានមានប្រសាសន៍ថា ទឹកជំនន់នៅក្នុងឆ្នាំ២០២០នេះ បានប៉ះពាល់យ៉ាងច្រើនទៅលើដំណាំកសិកម្ម ផ្ទះសម្បែង ផ្លូវថ្នល់ និងប្រឡាយតូចធំ នៅក្នុងឃុំមួយចំនួនក្នុងស្រុកគាស់ក្រឡ ដែលតម្រូវឱ្យអាជ្ញាធរចាត់វិធានការស្ដារឡើងវិញ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ។
លោកបានបន្តថា ការស្ដារជំហានដំបូងនេះ អាជ្ញាធរស្រុកចាប់ផ្តើមស្តារប្រឡាយចំនួន២ខ្សែ ដោយសារតែប្រឡាយទាំង២នេះ មានសភាពតូច មិនទាន់មានដាក់លូត្រឹមត្រូវ ដូច្នេះហើយអាជ្ញាធរស្រុកនឹងពន្លឿនការស្ដារ ដើម្បីនាំទឹកយកទៅចែកចាយ ដល់តំបន់មួយចំនួនដែលតែងតែខ្វះទឹកប្រើប្រាស់។ បន្ថែមពីលើនេះទៀត អាជ្ញាធរក៏នឹងបន្តពិនិត្យមើលនូវផលប៉ះពាល់ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាបន្ថែមទៀត ។
លោក​បញ្ជាក់ថា​ «នៅពេលដែលយើងបានស្តារប្រឡាយ២ខ្សែនេះសងខាង អត្ថប្រយោជន៍យើងទទួលបានច្រើន គឺប្រឡាយនេះអាចនាំទឹកចេញពីព្រែកផ្ដៅទៅស្តុកទុកនៅខាងភូមិបឹងព្រះ ដើម្បីប្រជាពលរដ្ឋភូមិបឹងព្រះនោះ ប្រើប្រាស់និងស្រោចស្រពប្រព័ន្ធកសិកម្មរបស់គាត់ផ្សេងៗទៀត ហើយក៏ដូចជាប្រឡាយមួយខ្សែនេះក៏នាំទឹកទៅ ដល់បឹងសម្ដេចក្រឡាហោមដូចគ្នា ចឹងនាំទឹកចូលបឹងសម្ដេចក្រឡាហោមផង នាំទឹកចូលទៅខាងភូមិបឹងព្រះផង» ។
សូមបញ្ជាក់ថា ប្រឡាយទាំង២ខ្សែនេះមានប្រវែងសរុប២៦០០ម៉ែត្រ ស្ថិតនៅឃុំព្រះផុស ហើយប្រឡាយទាំង២នេះ អាចនាំទឹកចេញពីផ្នែកខាងលើ យកទៅផ្គត់ផ្គង់ប្រជាពលរដ្ឋនៅក្នុងឃុំមួយចំនួន ដែលតែងតែខ្វះខាតទឹកប្រើប្រាស់ នៅក្នុងរដូវប្រាំង ៕​