ខេត្តមណ្ឌលគិរី ប្រារព្វពិធីពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងទិវាកំណើត កងយោធពលខេមរភូមិន្ទ

 វិទ្យុជាតិកម្ពុជា៖ ស៊ីផុន ហ៊ុងគ្រី ខេត្តមណ្ឌលគិរី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០

MC៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានប្រារព្វពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ  ក្រោមអធិបតីភាពឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រួមទាំងមានការអញ្ជើញ ចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្រ្តីរាជការជុំវិញខេត្ត យុវជនក្នុងខេត្ត និងប្រជាពលរដ្ឋជាង ៥០០នាក់ នៅលើសួនច្បារសែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

    ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា ការប្រារព្ធធ្វើពិធីបុណ្យឯករាជ្យជាតិនាពេលនេះ ដើម្បីរំឭកដល់ការទាមទារមកវិញនូវ អធិបតេយ្យភាព និងឯករាជ្យពេញលេញរបស់កម្ពុជា ពីពួកអាណានិគមនិយមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម និងថ្លៃថ្លាបំផុតរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ហើយក៏ជាការរំលឹកដល់ថ្ងៃ ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេស ប្រទេសខ្មែរទាំងមូល បានរួចចាកផុតពីនឹមអាណានិគមនិយមបារាំង ដែលបាន ដាក់នឹមត្រួតត្រាមកលើប្រទេសកម្ពុជាអស់រយៈពេលជិត ០១សតវត្សរ៍ ចាប់ពីឆ្នាំ១៨៦៣ រហូតដល់ឆ្នាំ ១៩៥៣ ។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ទិវាជាប្រវត្តិសាស្ត្រនេះ ជាទិវាមួយដែលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចងចាំមិនភ្លេចនូវ ព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងឧត្តុង្គឧត្តមបំផុត របស់ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណ ភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៃយើង ដែលព្រះអង្គបានបូជាព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជារាស្ត្ររបស់ព្រះអង្គ។ ឯកឧត្តម បន្ថែមថា ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋ ក្នុងខេត្តមណ្ឌលគិរីទំាងមូល សូមសម្តែងនូវការអបអរសាទរ និង សម្តែងនូវទឹកចិត្តសោមនស្សរីករាយ និងថ្លែងនូវអំណរ ព្រះគុណចំពោះ ព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងឧត្តុង្គឧត្តមបំផុតរបស់ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាព ទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៃយើង ដែលព្រះអង្គបានបូជាអស់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជារាស្ត្ររបស់ព្រះអង្គ បានរស់នៅសុខក្សេមក្សាន្តមកដល់បច្ចុប្បន្ន៕