ទិវាឯករាជ្យជាតិជាស្មារតីឱ្យប្រជាពលរដ្ឋ កាន់តែស្រលាញ់ប្រទេសជាតិ និងរក្សាសុខសន្តិភាព

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ៩ ១១ ០២០

MC៖  ទិវាឯករាជ្យជាតិជាស្មារតីឱ្យប្រជាពលរដ្ឋកាន់តែស្រលាញ់ប្រទេសជាតិ និងរក្សាសុខសន្តិភាព បន្ទាប់ពីកម្ពុជាទទួល បានឯករាជ្យពេញបរិបូរណ៍ពីអាណានិគមនិយមបារាំង ។

  នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ទី៦៧ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា(៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២០)នេះ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈនៅតែចាត់ទុកបុណ្យឯករាជ្យជាតិគឺជានិមិត្តរូបដ៏សំខាន់ ដែលនាំឱ្យប្រទេសជាតិ និងប្រជាពលរដ្ឋបានរស់នៅដោយសុខក្សេមក្សាន្ត សប្បាយរីករាយក្រោមម្លប់សុខសន្តិភាព រហូតមកដល់សព្វថ្ងៃនេះ។ 

ការដណ្តើមបានឯករាជ្យពីបារាំងមកវិញជូនជាតិមាតុភូមិជាទីស្នេហានៃយើងនេះ គឺក្រោមព្រះរាជបូជនីយកិច្ច និងព្រះរាជបេសកកម្មដ៏ឧត្តុងឧត្តម របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះ មហាវីរៈក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ធ្វើការតស៊ូសាមគ្គីភាពជាធ្លុងមួយរវាងរាជរដ្ឋាភិបាលកម្ពុជា ព្រះសង្ឃ ប្រជានុរាស្រ្ត និងកងជីវពលនារីក្លាហាន ដែលបានលះបង់ សាច់ស្រស់ឈាមស្រស់ដើម្បីជាតិមាតុភូមិ។

 លោកស្រី សោម វណ្ណី មន្រ្ដីនៃក្រសួងកិច្ចការនារីបានប្រាប់វិទ្យុជាតិឱ្យដឹងថា ប្រជាពលរដ្ឋ និងមន្ដ្រីរាជការ គឺពិតជាមាន មោទនភាព ដែលព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យពីអាណានិគមនិយមបារាំង ។

លោកស្រីបានបញ្ជាក់ថា ការទាមទារបានឯករាជ្យពីអាណានិគមនិយមបារាំងរហូតមកដល់ពេលនេះ បានធ្វើឱ្យប្រទេសកម្ពុជា ទទួលបានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ។ ពិសេសប្រជាពលរដ្ឋទទួលបានសុខសន្ដិភាព សិទ្ធិសិរីភាព  និងរស់នៅប្រកបដោយសុខុដុមរមនា។

លោក​ស្រី​បញ្ជាក់​ថា​«ក្នុងនាមប្រជាពលរដ្ឋខ្មែរគ្រប់រូប នៅតែបន្ដរួបរួមកម្លាំងសាមគ្គីភាពផ្ទៃក្នុងដើម្បីតស៊ូ និងការពារសមិទ្ធផលទាំងអស់នៅកម្ពុជា ហើយបន្ដរក្សាសុខសន្ដិភាព ដើម្បីឱ្យប្រទេសមានការអភិវឌ្ឍ និងរីកចម្រើន»។

លោក ហួត សិរីរ័ត្ន មន្រ្ដីនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ បានឱ្យដឹងដែរថា ការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ នាពេលនេះ គឺជាការរំលឹកស្នាព្រះហស្ថរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលមានស្នាដៃឯកមិនអាចកាត់ថ្លៃបាន ដែលធ្វើឱ្យប្រទេសមានឯករាជ្យភាព សុខសន្ដិភាព និងការអភិវឌ្ឍ ។

លោក​បញ្ជាក់ថា​«គឺមានមើលឃើញថា បច្ចុប្បន្ននេះប្រទេសយើងមានការប្រែប្រួល និងការអភិវឌ្ឍរីកចម្រើនច្រើនមែនទែន ចាប់តាំងពីយើងទទួលបានឯករាជ្យមក ដែលយើងមានលទ្ធភាពកសាងប្រទេស ដោយប្រជាជាតិយើងផ្ទាល់ ជាពិសេសភ្ជាប់ជាមួយ ស្នាដៃសម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្ដិភាពមួយ ដែលមានលទ្ធភាពឱ្យយើងបន្ដ ស្នាព្រះហស្ថរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ»។

សូមបញ្ជាក់ថា ថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ១៩៥៣ គឺជាមហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ របស់ប្រទេសកម្ពុជា ដែលទទួលបាននូវឯករាជ្យជាតិពេញលេញពីប្រទេសបារាំង ក្រោយស្ថិតនៅក្រោមរបបអាណានិគម និយមបារំាងអស់រយៈកាលជិតមួយសតវត្សពីឆ្នាំ(១៨៦៣ដល់ឆ្នាំ១៩៥៣)៕