ខេត្តសៀមរាបប្រារព្វពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០


MC.រដ្ឋបាលខេត្តសៀមរាបប្រារព្វពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២០) ជាថ្ងៃដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង ស្របជាមួយ នឹងខួប៦៧ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។
នៅព្រឹកថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តសៀមរាបបានប្រារព្វពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០)នៅបរិវេណវិមានរំលឹកគុណអតីតវីរយុទ្ធជន ក្រុងសៀមរាប ដោយមានការអញ្ចើញចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការក្នុងខេត្ត សិស្សានុសិស្ស កងកម្លំាងប្រដាប់អាវុធ ដើម្បីសម្តែងនូវការរំលឹកពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ ក្រោមព្រះរាជបូជនីកិច្ចរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ យ៉ាងក្លៀវក្លាបំផុត។
នៅក្នុងឱកាសនោះ លោកប៊ុន អឿន ជាគ្រូបង្រៀននៅវិទ្យាល័យហ៊ុន សែន សៀមរាប បានឱ្យដឹងថា ទិវានេះពិតជាមាន សារសំខាន់ណាស់ ក្នុងការរំលឹកដល់បុព្វបុរសកម្ពុជា ដែលបានទាមទារឯករាជ្យទាំងស្រុងពីបារំាងមកវិញ។លោកបន្តថាក្នុងនាមកូនចៅជំនាន់ក្រោយ ត្រូវតែចងចាំនៅស្នាដៃនិងវីរៈភាពដែលបុព្វបុរសខ្មែរ បានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីជួយឱ្យប្រទេសយើងទទួលបានឯករាជ្យពេញបរិបូរណ៍។
លោក​បញ្ជាក់ថា​ ដើម្បីរំឮកដល់បុព្វបុរសយើងដែលគាត់បានលះបង់ទាំងកម្លាំងកាយទាំងកម្លាំងចិត្តជួយរំដោះឱ្យប្រទេសកម្ពុជាយើងមានឯករាជ្យភាពរហូតដល់បច្ចុប្បន្ននេះ ហើយនេះជាទិវាប្រវត្តិសាស្រ្តមួយដូច្នេះកូនចៅជំនាន់ក្រោយគួរតែចងចាំនៅស្នាដៃ ក៏ដូចជាការលះបង់ទាំងកំលាំកាយ និងកំលាំចិត្តរបស់បុព្វបុរសយើង ដែលជួយឱ្យយើងរួចផុតពីនឹមអាណានិគមនិយម បារាំង។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាបបានរៀបចំពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកាថ្នាក់ខេត្តជារៀងរាល់ឆ្នាំ
នៅបរិវេណវិមានរំលឹកគុណអតីតវីរយុទ្ធជន ក្រុងសៀមរាប ដើម្បីបង្ហាញពីការដឹងគុណចំពោះគុណូបការៈដ៏ថ្លៃថ្លាបំផុត របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូសាមគ្គីភាពជាធ្លុងមួយរវាងរាជរដ្ឋាភិបាលកម្ពុជា​ ព្រះសង្ឃ ប្រជានុរាស្រ្ត និងកងជីវពលនារីក្លាហាន ដណ្តើមបានឯករាជ្យពេញបរិបូរណ៍ជូនជាតិមាតុភូមិ ឱ្យប្រជាពលរដ្ឋរស់នៅដោយ សុខក្សេមក្សាន្ត សប្បាយរីករាយក្រោមម្លប់សន្តិភាពរហូតមកដល់សព្វថ្ងៃនេះ។​