ព្រះករុណា ព្រះមហាក្សត្រ ស្ដេចយាង​ប្រទាន​ភ្លើង​ជ័យ​ក្នុងឱកាស​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា និង​ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ ខួប​លើ​ទី​៦៧

AKP ភ្នំពេញ ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០
​ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ស្ដេចយាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ព្រះ​រាជពិធី​ប្រទាន​ភ្លើង​ជ័យ ក្នុងឱកាស​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា និង​ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ ខួប​លើក​ទី​៦៧ (​ថ្ងៃ​០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២០) ដែល​ត្រូវបាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ រៀបចំ​ប្រារព្ធ​ធ្វើឡើង​យ៉ាង​មហោឡារិក នៅ​បរិវេណ​វិមានឯករាជ្យ នា​ព្រឹក​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​វត្តមាន​យាង និង​អញ្ជើញ​ចូលរួម​ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា និង​ទិវា​កំណើត​កងយោធពល​ខេ​មរ​ភូមិ​នេះដែរ មាន​ព្រះរាជ​វត្តមាន សម្ដេចព្រះ​អគ្គ​មហាសង្ឃរាជ​ទាំងពីរ​គណៈ និង​វត្តមាន សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ សម្ដេចចៅហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង ព្រមទាំង ឯកឧត្ដម លោកជំទាវ ជា​សមាជិក​សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និង​តំណាង​ស្ថានទូត​បណ្ដា​ប្រទេស​ជា​មិត្ត​នានា​ប្រចាំ​នៅ​កម្ពុជា ព្រះរាជវង្សានុវង្ស នាម៉ឺន​សព្វ​មុខមន្ត្រី អ្នកមុខអ្នកការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​គ្រប់​ក្រសួង ស្ថាប័ន និង​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​។ នៅក្នុង​ពិធី​នោះដែរ បន្ទាប់ពី​ពិធី​គោរព ទង់ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​បាន សព្វព្រះរាជហឫទ័យ​ស្ដេចយាង​ប្រទាន​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ ព្រមទាំង​យាង​ប្រទាន​ភ្លើង​ជ័យ ដែល​ដង្ហែ​អម​ព្រះរាជដំណើរ​ដោយ​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ សម្ដេច​អគ្គ មហា​ពញា​ចក្រី ហេង សំរិន សម្ដេច​ក្រឡាហោម ស ខេង សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ដែលមាន​ព្រះរាជ​វត្តមាន សម្ដេចព្រះ​មហាសង្ឃរាជ សម្ដេចព្រះ​សង្ឃនាយក សម្ដេច ព្រះសង្ឃ និង​ព្រះ​រាជាគណៈ ៩​អង្គ ស្វាធ្យាយ​ជយ​ន្តោ​ផងដែរ​។ បន្ទាប់ពី​ពិធី​បង្ហោះ​ប៉េងប៉ោង និង​លែង​ព្រាប​ជា​និមិត្តរូប​នៃ​សន្តិភាព ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះអង្គ​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ស្ដេចយាង​តាម​ព្រះទីនាំង​រថយន្ត ដើម្បី​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខអ្នកការ អង្គទូត និង​កងកម្លាំងប្រដាប់អាវុធ កាយរឹទ្ធិ​កម្ពុជា យុវជន​កាកបាទក្រហម​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ព្រមទាំង​សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ ដែល​បាន ចូលរួម​ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ នៅ​ជុំវិញ​វិមានឯករាជ្យ​។​

​គួរ​រម្លឹក​ដែរ​ថា ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ ៩ វិច្ឆិកា ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​ឧទ្ទិស​ដល់​ព្រះរាជ​បូជនីយកិច្ច របស់​អតីតព្រះមហាក្សត្រ ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ​ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ បាន​លះបង់​ព្រះកាយពល និង ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ដើម្បី​តស៊ូ​ក្នុង​ក្របខ័ណ្ឌ នៃ​ព្រះរាជ​បូជនីយកិច្ច ទាមទារ​ឯករាជ្យ ពី​អាណានិគម​បារាំង​។ តាម​ប្រវត្តិសាស្ត្រ បារាំង​បានដាក់​អាណានិគម គ្រប់គ្រង​លើ​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៨៦៣ រហូតដល់​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ទើប​ប្រទេស​បារាំង ប្រកាស​ប្រគល់​ឯករាជ្យ​ពេញលេញ​ដល់​កម្ពុជា​វិញ​។ ប្រទេស​កម្ពុជា​ក្រោយពី​ទទួលបាន​ឯករាជ្យ ដោយមាន​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ជា​ព្រះ​អគ្គម​គ្គុ​ទ្ទេស​ដ៏​ឆ្នើម​បាន​ដឹកនាំ​កម្ពុជា​ប្រកបដោយ​សុខសន្តិភាព និង​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​។ កូនចៅ​ប្រជានុរាស្ត្រ​កម្ពុជា​គ្រប់ៗ​រូប​សូម​ចងចាំ និង​ដឹង​នូវ​ព្រះ​គុណូបក្ការៈ​ដ៏​ធំធេង នៃ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចំពោះ​ប្រជាជាតិ​និង​ប្រជារាស្ត្រ​កម្ពុជា​។ តាម​កម្មវិធី​ដែល​បានគ្រោង​ទុក ព្រះ​រាជពិធី​ពន្លត់ភ្លើង​ជ័យ​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​ព្រះរាជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​៕​ដោយ​៖ ជឹម ណា​រី សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​