ប្រជាពលរដ្ឋកម្ពុជា អបអរសាទរថ្ងៃប្រវត្តិសាស្រ្តខួប៦៧ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា

 វិទ្យុជាតិកម្ពុជា៖ 

MC៖ ថ្នាក់ដឹកនាំមន្រ្តីរាជការ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកានេះ បានអបអរសាទរខួបអនុស្សាវរីយ៍ ទី៦៧ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២០) យ៉ាងមហោឡារឹកជាទីបំផុត ដើម្បីរំលឹកដល់ ស្នាព្រះហស្ថដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្ដម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះបរមរតនកោដ្ឋ ដែលទ្រង់បានខិតខំប្រឹងប្រែងទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំងមកវិញ ធ្វើឱ្យកម្ពុជាមានឯករាជ្យភាពពេញ បរិបូរណ៍ សន្តិភាព ប្រជាពលរដ្ឋរស់នៅយ៉ាងសម្បូរសប្បាយ សុខក្សេមក្សាន្តរហូតមកដល់សព្វថ្ងៃនេះ។

ខួបអនុស្សាវរីយ៍ទី៦៧ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២០)នេះ បានប្រព្រឹត្តទៅ យ៉ាងមហោឡារិកជាទីបំផុតនៅបរិវេណវិមានឯករាជ្យ ដែលជាតំណាងនៃឯករាជ្យភាព បូរណភាព សនិ្តភាព របស់កម្ពុជា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការអញ្ជើញចូលរួមពីសំណាក់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា  ព្រមជាមួយនឹងសមាជិក សមាជិការ ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល មន្រ្តីរាជការគ្រប់ក្រសួងស្ថាបន័ ។ ក្រៅពីនេះបណ្តា អង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏មានវត្តមាន នៅក្នុងពិធីនេះដែរ។

នៅជុំវិញបរិវេណវិមានឯករាជ្យ មានមហាជន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ បានចូលរួមក្នុងទឹកមុខសប្បាយរីករាយក្រៃលែង ហើយបានគោរពទៅតាមវិធានការណ៍ថែរក្សាសុខភាព របស់ក្រសួងសុខាភិបាល ដោយមានពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ដើម្បីការពារជំងឺឆ្លងកូវីដ-១៩ផង។ មហាជនបានកាន់បដារអបសាទរថ្ងៃ៩វិច្ឆិកា បុណ្យឯករាជ្យជាតិ និងកាន់ព្រះឆាយាលក្ខណ៍ ព្រះបរមរតនកោដ្ឋ  ព្រះឆាយាលក្ខណ៍ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ និងព្រះឆាយាលក្ខណ៍ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងបាច់ផ្កាចម្រុះពណ៌ ដើម្បីបង្ហាញពីការ អបអរសាទរនៃការបើកទំព័រប្រវត្តិសាស្រ្តក្នុងការប្រកាសឯករាជ្យពេញលេញរបស់កម្ពុជា ក្រោមព្រះរាជបូជនីយកិច្ច និង ព្រះរាជបេសកកម្មដ៏ឧត្តុងឧត្តម របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ជាទីគោរពសក្ការដ៏ខ្ពងខ្ពស់បំផុត ដែលព្រះអង្គបានដណ្តើមឯករាជ្យពីបារាំងមកវិញ ជូនជាតិមាតុភូមិជាទីស្នេហានៃយើង។ 

 នៅក្នុងព្រឹត្តិការណ៍ដ៏មហោឡារឹកនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការដ៏ខ្ពង់ខ្ពស់ បំផុត ព្រះអង្គបានសព្វ ព្រះរាជហឬទ័យថ្វាយកម្រងផ្កា និងប្រទានភ្លើងជ័យ ដើម្បីជានិមិត្តរូបនៃការចាប់ផ្តើមការប្រារព្វពិធីអបអរសាទរខួបលើក ទី៦៧ឆ្នាំ នៃថ្ងៃបុណ្យឯករាជ្យជាតិ៩វិច្ឆិកា(៩  វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២០)។ 

នៅក្នុងពិធីដ៏មហោវិសេសវិសាលនេះថ្នាក់ដឹកនាំមន្រ្តីរាជការប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះសុទ្ធតែបញ្ជាក់ថា             ថ្ងៃ  ៩ វិច្ឆិកាគឺជាទិវាឯករាជ្យពេញលេញដ៏មានអត្ថន័យជ្រាលជ្រៅបំផុតក្នុងក្រអៅបេះដូងខ្មែរគ្រប់ៗរូប មិនអាចបំភ្លេច បានឡើយ ។

លោក រស់ ដន ប្រជាពលរដ្ឋនៅសង្កាត់ច្បារអំពៅដែលបានអញ្ចើញចូលរួមក្នុងពិធីអបអរសាទរថ្ងៃបុណ្យឯករាជ្យជាតិនេះ បានឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាទំាងអស់មានការចង់ចាំជាប់ជានិច្ចក្នុងក្រអៅ បេះដូងចំពោះព្រះមហាវីរក្សត្រដែលព្រះអង្គបាន បូជាព្រះកាយពល និងព្រះបញ្ញាណដ៏ឈ្លាសវៃបំផុត ដើម្បីបុព្វហេតុឯករាជ្យ បូរណភាពទឹកដី សេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋនិងការរីកចម្រើននៃសង្គមជាតិ។

លោក​បញ្ជាក់ថា​ « ថ្ងៃនេះប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស មានការសប្បាយរីករាយដែល ព្រះបរមរតនកោដ្ឋ បានទាមទារឯករាជ្យពីបារាំងមកដល់ប៉ុណ្ណេះ។ ហើយថ្ងៃនេះជាថ្ងៃខួបកំណើតទី៦៧ របស់ពលរដ្ឋ អ៊ីចឹងខ្ញុំឆ្លងកាត់វាច្រើនដែរហើយ យើងទាំងអស់គ្នាសូមថែរក្សាការពារឱ្យបាន កុំឱ្យបាត់បង់នូវឯករាជ្យដែលពួកយើងរស់បានមកប៉ុណ្ណេះ រហូតមកដល់បច្ចុប្បន្ន ។ ហើយបន្តមកទៀតបានសម្តេចតេជោ ដឹកនាំកាន់តែរីកចម្រើនដល់សព្វថ្ងៃនេះអ៊ីចឹងខ្ញុំគ្មានអីទេ សុំឱ្យយើងទាំងអស់គ្នារក្សាឱ្យបាន ការទាមទាររបស់ សម្តេចឪ របស់យើង »។

ចំណែកអ្នកមីង ខៀវ ស្រីពៅ ប្រជាពលរដ្ឋនៅសង្កាត់បឹងត្របែកក៏បានឱ្យដឹងដែរថា បុណ្យឯករាជ្យជានិមិត្តរូបនៃប្រជាពលរដ្ឋខ្មែរៗគ្រប់គ្នា ដែលបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព សម្បូរសប្បាយ និងការរីកចម្រើនអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ ហើយបើទោះបីជាព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋ បានយាងសោយព្រះទិវង្គត់ ក៏ពិតមែន ប៉ុន្តែស្នាព្រះហស្ថនៃការដណ្តើមបានឯករាជ្យជាតិ ជូនជាតិមាតុភូមិនេះគ្មានពលរដ្ឋណាម្នាក់អាចបំភ្លេចបានឡើយ ចំពោះ គុណូបក្ការៈខំប្តូរផ្តាច់យកអស់ព្រះកាយពលក្នុងការដណ្តើមឯករាជ្យពីអាណានិគមនិយមបារំាងមកវិញ ។

 « ថ្ងៃនេះជាថ្ងៃខួបឯករាជ្យ មីងមានមោទនភាព ដែលសម្តេចឪបានរំដោះប្រទេសជាតិ ហើយមានសុខសន្តិភាព អ៊ីចឹងមីងស្រឡាញ់សុខសន្តិភាព ។ ហើយការទាមទាររបស់សម្តេចឪ គឺពញរះអង្គមានស្នាដៃគ្រប់ជំនាន់ទាំងអស់ឱ្យចងចាំថា នេះជាគុណូបការៈ ដែល ព្រះអង្គខិតខំទាមទារមកឱ្យប្រជាពលរដ្ឋកម្ពុជា » ។
នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហោះសារនៅលើ Facebook ផ្លូវការរបស់សម្តេចចូលរួម អបអរសាទរខួបអនុស្សាវរីយ៏លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជា ត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៧ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។
សម្តេចបន្តថា ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឱ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃ ព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។
គួរំលឹកថា ប្រទេសកម្ពុជាបាន ស្ថិតក្រោមនឹមអាណានិគមបារាំង តាំងពីឆ្នាំ១៨៦៣ មកម្ល៉េះ លុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបកម្ពុជាទទួលបានឯករាជ្យពេញបរិបូរណ៍មកវិញ៕​