ក្រសួងអប់រំប្រកាសផ្អាកដំណើរការ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ចំនួន ០២សប្តាហ៍

AKP ភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ —

ឯកឧត្តមបណ្ឌិត ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ក្រសួងអប់រំ សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ចំនួនពីរសប្តាហ៍ ដោយអនុវត្តចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា នេះតទៅ។

ឯកឧត្តម បានសង្កត់ធ្ងន់ថា ៖ «ដោយទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី និងដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងគ្រឹះស្ថានសិក្សា និងនៅក្នុងសហគមន៍ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ត្រូវផ្អាកដំណើរការសិក្សារយៈពេលពីរសប្តាហ៍ ដោយចាប់អនុវត្តចាប់ពីថ្ងៃនេះតទៅ ហើយគ្រឹះស្ថាន ត្រូវអនុវត្តការរៀន និងបង្រៀនតាមអនឡាញ»។

គួររម្លឹកថាកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ក្នុងចំណោមអ្នកដែលបានធ្វើតេស្តប្រមាណជាង ៩០០នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងកម្មវិធីទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តីការបរទេសហុងគ្រី កាលពីថ្ងៃទី០៣ ខែវិច្ឆិកា កន្លងមក ក្នុងនោះគិតត្រឹមយប់ថ្ងៃទី០៧ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញអង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ក្លឹបហាត់កីឡាការ៉ាតេដូ ចំនួន០១ មន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន ០១ និងគ្រឹះស្ថានសិក្សាឯកជនចំនួន ០៨ ពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី។

ជាមួយគ្នានេះដែរ ក្រសួងអប់រំបានប្រកាសផ្អាកការលេងកីឡា និងការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំ និងផ្អាកដំណើរការសកម្មភាព និងការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកជាបណ្តោះអាសន្ន ចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការជូនដំណឹងតាមក្រោយ៕

ដោយ ផែន រតនៈ