ក្រសួង​អប់រំ​ប្រកាស​រកឃើញ អង្គភាព​ក្រោម​ឱវាទ​ពាក់ព័ន្ធ​នឹង​ករណី​គណៈប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​បន្ថែមទៀត​

AKP ភ្នំពេញ ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២០–
​ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP​ថា គិត​ត្រឹម​យប់​ថ្ងៃទី​០៧ វិច្ឆិកា ២០២០ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​រកឃើញ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង​កីឡា សរុប​មាន​៖ ក្លឹប​ហាត់​កីឡា​កា​រ៉ា​តេ​ដូ​ចំនួន​១ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ចំនួន​០១ និង​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​០៨ ពាក់ព័ន្ធ​នឹង​ករណី​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។​

​ឯកឧត្តម អ្នកនាំពាក្យ​បាន​បញ្ជាក់ថា គណ​:​គ្រប់គ្រង​ក្លឹប​ហាត់​កា​រ៉ា​តេ​ដូ មន្ទីរអប់រំ យុវជន និង​កីឡា និង​គ្រឹះស្ថានសិក្សា​បាន​ចាត់ចែង​អនុវត្ត​វិធានការ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​យ៉ាង​ខ្ជាប់​ខ្ជាន់​។ គ្រឹះស្ថានសិក្សា​បាន​ផ្អាក​ដំណើរ​ការសិក្សា​ក្នុង​ថ្នាក់រៀន​តាម​ការចាំបាច់ និង​បន្ត​ការសិក្សា​តាម​អន​ឡាញ​រយ​:​ពេល​១៤​ថ្ងៃ​។ លទ្ធផល​តេស្ត​កូ​វីដ​-១៩ របស់​អ្នកពាក់ព័ន្ធ​ស្ថិតក្នុង​ការផ្សព្វផ្សាយរ​បស់​ក្រសួងសុខាភិបាល​។
​ឯកឧត្តម អ្នកនាំពាក្យ​បាន​បន្តថា ស្ថានភាព​នៃ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​គិត​ត្រឹម​យប់​ថ្ងៃទី​០៧ វិច្ឆិកា ឆ្នាំ​២០២០៖
-​ក្លឹប​ហាត់​កា​រ៉ា​តេ​ដូ​១÷ គ្រូបង្ហាត់​កីឡា​កា​រ៉ា​តេ​ដូ​ដែលជា​អង្គរក្ស​ជនជាតិខ្មែរ​ការពារ​ផ្ទាល់​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។​
-​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​១÷ បុគ្គលិក​និង​សមាជិកគ្រួសារ​ចំនួន​២៣​រូប​បាន​ទទួលទាន​អាហារ​ជាមួយ​អ្នក​ដែល​បាន​ប៉ះពាល់​ជាមួយ​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។​
-​គ្រឹះស្ថានសិក្សា​៨÷ សិស្ស​២​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។​
-​គ្រឹះស្ថានសិក្សា​៧÷ សិស្ស​១​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។

​ស្ថានភាព​នៃ​គ្រឹះស្ថានសិក្សា​គិត​ត្រឹម​យប់​ថ្ងៃទី​០៦ វិច្ឆិកា ឆ្នាំ​២០២០៖
-​គ្រឹះស្ថានសិក្សា​៦÷ សិស្ស​២​រូប​មាន​មាតាបិតា​ដែល​បានទទួល​ទាន​អាហារ​ជាមួយ​អ្នក​ដែល​បាន​ប៉ះពាល់​ជាមួយ​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។​
-​គ្រឹះស្ថានសិក្សា​៥÷ សិស្ស​២​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។

​ស្ថានភាព​នៃ​គ្រឹះស្ថានសិក្សា​គិត​ត្រឹម​យប់​ថ្ងៃទី​០៥ វិច្ឆិកា ឆ្នាំ​២០២០៖
-​គ្រឹះស្ថានសិក្សា​៤÷ សិស្ស​២​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។​
-​គ្រឹះស្ថានសិក្សា​៣÷ សិស្ស​២​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។
-​គ្រឹះស្ថានសិក្សា​២÷ សិស្ស​២​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។​
-​គ្រឹះស្ថានសិក្សា​១÷ បុគ្គលិក​១​រូប​បាន​ប៉ះពាល់​ជាមួយ​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។

​ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង​កីឡា​ទាំងអស់ មេត្តា​បន្ត​រាយការណ៍​ជូន​ក្រសួង​តាមរយ​:​លេខ​ទូរស័ព្ទ​០១២៣៣៥៩៩៩​។ ចំពោះមុខ​នេះ គណ​:​គ្រប់គ្រង​គ្រឹះស្ថានសិក្សា លោកគ្រូ​-​អ្នកគ្រូ បុគ្គលិក​អប់រំ សិស្សានុសិស្ស មាតាបិតា និង​គ្រប់ភាគី​ពាក់ព័ន្ធ ត្រូវ​បន្ត​ការអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុវត្ថិភាព​សុខភាព​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។

​ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​គោរព​ថ្លែងអំណរគុណ​ជូន​គ្រប់ភាគី​ពាក់ព័ន្ធ​ដែល​បានផ្តល់​កិច្ចសហការ​ទាន់ពេលវេលា​៕ ដោយ​៖ គង់ សិរី​រ័ត្ន សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​