ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់មាតុប្រទសវិញប្រកបដោយព្រះរាជសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០

បន្ទាប់ពីបានគង់ប្រថាប់រយៈពេលមួយខែនៅឯទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពមួយរយៈនោះ នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យស្ដេចយាងនិវត្តន៍មកដល់មាតុប្រទេសវិញហើយ តាមព្រះទីនាំងយន្តហោះពិសេស ប្រកបដោយព្រះរាជសុវត្ថិភាព។

យាងនិងអញ្ជើញថ្វាយព្រះរាជដំណើរយាងមកដល់របស់ព្រះអង្គទាំងទ្វេ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងព្រះរាជវង្សានុវង្ស និងមន្ត្រីរាជការយ៉ាងច្រើនកុះករផងដែរ។ដោយឡែកឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងមន្ត្រីស្ថានទូតក៏មានវត្តមានក្នុងឱកាសនោះផងដែរ។

គួរបញ្ជាក់ដែរថា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេបានយាងទៅកាន់រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី០៦ ខែតុលាឆ្នាំ២០២០ ដែល នេះគឺជាព្រះរាជដំណើរយាងជាទៀងទាត់រៀងរាល់៦ខែម្ដង ដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព។ ក្នុងឱកាសគង់ប្រថាប់នៅសាធារណរដ្ឋប្រជាមានិតចិននេះដែរ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការចំនួន៣ថ្ងៃ នៅខេត្តសានស៊ី តបតាមសេចក្តីក្រាបបង្គំសូមយាង និងរៀបចំថ្វាយដោយ ឯកឧត្តម Xi JinPing ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។ ដោយឡែកនៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២០ នាវិមានមហាប្រជាជនចិន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក៏បានរៀបចំព្រះរាជពិធីថ្វាយគ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយឯកឧត្តម Xi JinPing ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។

គ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត សម្រាប់ឥស្សរជនឆ្នើមបរទេសដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការធ្វើទំនើបភាវូបនីយកម្មសង្គមនិយមចិន ការជំរុញការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការរវាងចិន និងបណ្តាប្រទេសបរទេស និងការពារសន្តិភាពពិភពលោក ។ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គឺជាឥស្សរជនឆ្នើមទី៨ ដែលបានទទួលនូវគ្រឿងឥស្សរិយយស ចាប់តាំងពីថ្ងៃបង្កើតជាផ្លូវការមក។ ការទទួលបាននូវគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តមនេះ គឺបានសបញ្ជាក់ឱ្យឃើញនូវ ព្រះរាជបេសកកម្ម និងព្រះរាជតួនាទីដ៏សំខាន់បំផុតរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចំពោះដំណើរជាប្រវត្តិសាស្រ្ត នៃចំណងមិត្តភាពរវាងមាតុភូមិកម្ពុជា និងមហាមិត្តចិន៕

ដោយ ជឹម ណារី