តម្លៃស្រូវសើមនៅពេលនេះ មានតម្លៃ១.១០០រៀលក្នុងមួយគីឡូក្រាម

AKP ភ្នំពេញ ថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២០ —
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអះអាងនៅថ្ងៃនេះថា តម្លៃស្រូវសើមនៅពេលនេះគឺមានតម្លៃប្រមាណជា ១.១០០ រៀល/គីឡូក្រាម។

តម្លៃស្រូវសើមដែលមានតម្លៃនេះ ត្រូវបានឯកឧត្តមរដ្ឋមន្រ្តីលើកឡើងជាពិសេសសម្រាប់តែខេត្តនៅភូមិភាពពាយ័ព្យតែប៉ុណ្ណោះ។

ឯកឧត្តមរដ្ឋមន្រ្តីបានអះអាងថា “ ខ្ញូំសូមចូលរួមអបអរសាទរ ចំពោះការចាប់ផ្តើមប្រមួលផលស្រូវប្រភេទផ្ការំដួលជាបន្តបន្ទាប់ របស់កសិករ នៅក្រុងសំរោង ដោយទទួលបានតំលៃលក់ស្រូវសើម តំលៃ ១១០០ រៀល/គីឡូក្រាម” ។
ក្រៅពីក្រុងសំរោង ខេត្តឧត្តមមានជ័យ ប៉ុន្តែនៅឃុំ រស្មី ស្រុករវៀង ខេត្តព្រះវិហា ឯណោះវិញ ក៏មានតម្លៃដូចគ្នានេះផងដែរ ។

ឯកឧត្តមបានបន្តថា ឯកឧត្តមក៏សូមចូលរួមអបអរសាទរ ជាមួយបងប្អូនប្រជាកសិករនៅក្នុងឃុំរស្មី ស្រុករវៀង ខេត្តព្រះវិហារ ដែលកំពុងមមាញឹកប្រមូលផលស្រូវស្រាល និងស្រូវកណ្តាល ពិសេសស្រូវក្រអូបផ្ការំដួលចាប់ផ្តើមទុំជាបណ្តើរៗហើយ។

ឯកឧត្តមបានបញ្ជាក់ថា “ គិតត្រឹមថ្ងៃទី៦ខែវិឆ្ឆិកាឆ្នាំ២០២០ នេះ តម្លៃស្រូវក្រអូបផ្ការំដូលនៅនឹងស្រែ កសិករលក់បានតម្លៃ ១១០០៛/គ.ក្រ”។

បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានអះអាងថា តម្លៃស្រូវសើមប្រភេទផ្ការំដួល គឺមានតម្លៃពី ១.១០០ ទៅ ១.១៥០ រៀលនៅក្នុងមួយគីឡូក្រាម ស្រូវសែនក្រអូប គឺមានតម្លៃ ប្រមាណជា ពី ៩០០ ទៅ ១.០៦០ រៀល ហើយ ស្រូវ អ៊ីអ៊ែរ/អូអឹម គឺតម្លៃពី ៨០០ ទៅ ៩៨០ រៀល នៅក្នុងមួយគីឡូក្រាម ៕

ដោយ ហេង បញ្ញា,រូបថត ក្រសួងកសិកម្ម