មន្រ្តីសង្ឃខេត្តសៀមរាប នាំយកស្បៀងអាហារ ចែកជូនដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន៥២០គ្រួសារនៅខេត្តបន្ទាយមានជ័យ

AKP ខេត្តសៀមរាប ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០–

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយសាររងផលប៉ះពាល់ដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ មន្រ្តីសង្ឃខេត្ត និងចៅអធិការនិមន្តមកពីទីអារាមផ្សេងៗគ្នាក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យដឹកនាំដោយ ព្រះមហាវិមលធម្ម ពិន សែម (សិរីសុវណ្ណោ) ព្រះរាជាគណៈថ្នាក់ទោឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភាសង្ឃនៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ បាននាំយកស្បៀងអាហារ និងសម្ភារប្រើប្រាស់មួយចំនួនទៅផ្តល់ជូនដល់ប្រជាពលរដ្ឋចំនួន ៥២០គ្រួសារ មកពី១២ភូមិ ក្នុងឃុំព្រះនេតព្រះនៃស្រុកព្រះនេតព្រះ និងឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលប្រជាពលរដ្ឋទាំងនេះ បានរងផលប៉ះពាល់ដោយទឹកជំនន់ និងបានធ្វើឱ្យមានបញ្ហាខ្វះខាតស្បៀង។

ព្រះមហាវិមលធម្ម ពិន សែម (សិរីសុវណ្ណោ) មានសង្ឃដីកាថា ដោយបានទទួលព័ត៌មានថា ខេត្តបន្ទាយមានជ័យ ជាខេត្តមានភូមិផងរបងជាមួយ មានការរងគ្រោះខ្លាំងដោយទឹកជំនន់នេះ ព្រះអង្គបានគិតគូរខ្វល់ខ្វាយយ៉ាងខ្លាំង និងបានចាត់ចែងមន្ត្រីសង្ឃ មួយក្រុមនៃខេត្តសៀមរាបឱ្យចុះមកសិក្សាសហការជាមួយមន្ត្រីសង្ឃខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំ ជាស្បៀងអាហារ និងសម្ភារប្រើប្រាស់មួយចំនួនយកមកផ្តល់ជូនដល់បងប្អូននៅពេលនេះ។

ព្រះមហាវិមលធម្មមានសង្ឃដីកាបន្តថា ការផ្តល់ស្បៀងអាហាររបស់ព្រះសង្ឃនៅពេលនេះ គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយទៅដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ជាពិសេសគឺការរងគ្រោះដោយទឹកជំនន់នៅពេលនេះ។ ពុទ្ធបរិស័ទទាំងអស់ គឺមិត្តរួមជាតិ រួមសាសន៍ រួមទុក្ខ រស់នៅក្រោមម្លប់នៃព្រះពុទ្ធសាសនា ដូច្នេះនៅពេលដែលពុទ្ធបរិស័ទមានជួបទុក្ខលំបាក ព្រះសង្ឃត្រូវតែខ្វល់ខ្វាយជួយជ្រោមជ្រែងញោមញាតិនិងចូលរួមការរំលែកទុក្ខរបស់ពុទ្ធបរិស័ទ ដោយមានព្រហ្មវិហារធម៌បួន មេត្តា ករុណា មុទិតា និងឧបេក្ខា។ ជាក់ស្តែងនៅពេលនេះ ការនាំយកស្បៀងអាហារមកផ្តល់ជូនដល់ពុទ្ធបរិស័ទដែលកំពុងជួបការលំបាកនេះ ជាការបង្ហាញពីការអាណិតអាសូរក្នុងនាមជាមិត្តរួមជាតិ រួមសាសន៍ជាមួយគ្នា។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៥២០គ្រួសារនេះ ក្នុង១គ្រួសារទទួលបានអង្ករ២៥ គីឡូក្រាម មី១កេស ត្រីខ១យួរ ប្រេងឆា១ដប ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ភួយ១ មុង១ ទឹកបរិសុទ្ធ១កេស អំបិល១កញ្ចប់ ប៊ីចេង១កញ្ចប់ និងថវិកា៤ម៉ឺនរៀល៕

ដោយ ឃុត សៅ