ឯកឧត្តមប្រធានាធិបតីចិន៖ ព្រះរាជវង្សានុវង្សកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ និងមិនអាចជំនួសបានក្នុងចំណងមិត្តភាពចិន-កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០

ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិនបានគូសបញ្ជាក់ថា ព្រះរាជវង្សានុវង្សកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ និងមិនអាចជំនួសបានក្នុងចំណង​មិត្ត​ភាព​​ចិន-កម្ពុជា ក្នុងនោះសម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតា​ជាតិ​ខ្មែរ ដែលព្រះអង្គបានបំពេញ​ព្រះរាជតួនាទីយ៉ាង​សំខាន់បំផុត ក្នុងបុព្វហេតុនៃចំណង​មិត្តភាព​រវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាង ៦០ឆ្នាំកន្លងមកនេះ ហើយសម្រាប់ប្រទេសចិន ព្រះអង្គ គឺជាសាក្សីដ៏សំខាន់ចំពោះភាពរីកចម្រើនទាំងឡាយក្នុងសង្គមចិនបច្ចុប្បន្ន។ ការគូស​បញ្ជាក់របស់ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិននេះ ក្នុង​ព្រះរាជ​ពិធីថ្វាយគ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ថ្វាយ​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលពី​រសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។

ឯកឧត្តម Xi JinPing បានលើកឡើងថា សម្តេចព្រះមហាក្សត្រី ព្រះអង្គគឺជាសាក្សី​ដ៏សំខាន់ និងជាអ្នកជំរុញនូវចំណងមិត្តភាពចិន-កម្ពុជា។ ឯកឧត្ដមបានបន្ដថា ព្រះអង្គ បាន​ចាប់ផ្តើមបង្កើតចំណងមិត្តភាពយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ចាប់តាំងពីពេលដែលទ្រង់​បានដង្ហែព្រះរាជដំណើរទស្សនកិច្ច នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ អតីត​ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាលើកដំបូងមកកាន់ប្រទេសចិន នៅក្នុងឆ្នាំ ១៩៥៨ ។

ឯកឧត្ដមប្រធានាធិបតីបានថ្លែងថា សម្តេចព្រះមហាក្សត្រី ព្រះអង្គមានព្រះរាជហ​ឫទ័យ​យ៉ាងពិសេស​ចំពោះប្រជាជនចិន ហើយបានគាំទ្រយ៉ាងសកម្មដល់ការផ្លាស់ប្តូរ និងកិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ។ ឯកឧត្ដមបានថ្លែងបញ្ជាក់ថា “ខ្ញុំកត់​សម្គាល់ថា សម្តេចព្រះមហាក្សត្រី ព្រះអង្គបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការជំរុញការ​អភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី និងការលើកកម្ពស់មិត្តភាពរវាងប្រជាជនទាំងពីរ”។ ឯកឧត្តម​ប្រធានាធិបតីបានគូសបញ្ចាក់ទៀតថា ចាប់តាំងពីការបង្កើតឡើងនូវទំនាក់ទំនងការទូតរវាង​ប្រទេសទាំងពីរ ក្នុងរយៈពេលជាង ៦២ ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរតែងតែគាំទ្រគ្នា និង​ជួយគ្នាបង្កើតចំណងមិត្តភាពដែកថែប ដែលមិនអាចបំបែកបាន និងក្លាយជាសហគមន៍យុទ្ធ​សាស្រ្ត​មួយដែលមានអនាគតរួមគ្នា ។

ឯកឧត្តម Xi JinPing បានសង្កត់ធ្ងន់ថា សាធារណរដ្ឋប្រជាមានិតចិន បានត្រៀមខ្លួន​រួចជា​ស្រេចក្នុងការសហការជាមួយព្រះរាជាណាចក្រកម្ពុជា ដើម្បីការឆ្ពោះទៅមុខ ឆ្ពោះទៅរក​ចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងដោយថ្នាក់ដឹកនាំ​ចិន​ជំនាន់មុន ជាមួយនឹង សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចព្រះមហាក្សត្រី និងបញ្ចូល​កម្លាំងជំរុញថ្មីដល់ទំនាក់ទំនងទ្វេភាគី ក្នុងសម័យកាលប្រវត្តិសាស្រ្តថ្មីដើម្បីនាំមកនូវផល​ប្រយោជន៍​ដល់ប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្ដមប្រធានាធិបតីបានបន្ថែមថា “គ្រឿងឥស្សរិយយស ដែលខ្ញុំមាន​កិត្តិយសថ្វាយ​ជូន សម្តេចព្រះមហាក្សត្រី នៅពេលនេះ គឺតំណាងឱ្យការគោរពរបស់ប្រជាជនចិន ចំពោះ សម្តេចព្រះមហាក្សត្រី និងមិត្តភាពដ៏ជ្រាលជ្រៅរបស់ពួកគេចំពោះប្រជាជនកម្ពុជា ហើយខ្ញុំ​សូមជូនពរប្រជាជនចិន និងកម្ពុជា ឱ្យមានវិបុលភាព និងមិត្តភាពជារៀងរហូត”៕

ដោយ ​រិទ្ធី ប្រភព៖ Royal du Cambodge