រដ្ឋមន្រ្ដីក្រសួងអប់រំ៖ ក្រសួងអប់រំយកចិត្តទុកដាក់ខ្ពស់នៅក្នុងការលើកកម្ពស់សហគ្រិនភាពនៅកម្ពុជា ជាពិសេសចង់លើកកម្ពស់តួនាទីរបស់សហគ្រិនវ័យក្មេង

AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា ក្រសួងអប់រំបានយកចិត្តទុកដាក់ខ្ពស់នៅក្នុងការលើកកម្ពស់សហគ្រិនភាពនៅកម្ពុជា ជាពិសេសក្រសួងចង់លើកកម្ពស់តួនាទីរបស់សហគ្រិនវ័យក្មេង។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងការអញ្ជើញចូលរួមពីធីបើកការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីផែនការអាជីវកម្ម ក្រោមប្រធានបទ “អាជីវកម្មខ្ញុំ Our Business” ដល់យុវជនយុវជនក្នុង និងក្រៅសាលា ដែលបានរៀបចំឡើងដោយនាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌល របស់ក្រសួងអប់រំយុវជន និងកីឡា នៅសាលប្រជុំសាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។ នេះបើយោងតាមក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា កម្មវិធីប្រកួតប្រជែងផែនការអាជីវកម្ម “អាជីវកម្មខ្ញុំ” ពិតជាបានឆ្លើយតបតាមកំណែទម្រង់ការអភិវឌ្ឍយុវជន របស់ក្រសួងអប់រំ យុវជន និងកីឡា ស្របទៅតាមការវិវត្តរបស់ពិភពលោក និងតម្រូវការជាក់ស្ដែងក្នុងសង្គមកម្ពុជា។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានបញ្ជាក់ថា ជាការពិតយុវជន ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ហើយតួនាទីរបស់វិស័យអប់រំ គឺត្រូវបណ្តុះបណ្តាលយុវជនឱ្យមានចំណេះដឹង បំណិន ជាពិសេសបំណិនទន់ បំណិនបច្ចេកទេស បំណិនវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ បន្ថែមពីលើនេះទៀត ក្រសួងបានបញ្ចូលមុខវិជ្ជានេះ នៅក្នុងមុខវិជ្ជាបំណិនជីវិត ដើម្បីលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងវិស័យឯកជន ក៏ដូចជាសហគ្រិនភាព នៅក្នុងចំណោមប្អូនៗជាសិស្សនិស្សិត។
ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្ថែមថា តាមរយៈការអនុវត្តគម្រោងសាកល្បងនេះ ក៏បានផ្សព្វផ្សាយ និងលើកកម្ពស់នៅក្នុងគំនិតសហគ្រិនភាពនេះផងដែរ។

សូមជម្រាបជូនផងដែរថា ការប្រកួតប្រជែងផែនការអាជីវកម្មដែលនាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌលរបស់ក្រសួងអប់រំយុវជន និងកីឡា បានរៀបចំឡើងនេះ មានគោលបំណងដើម្បីអភិវឌ្ឍន៍សមត្ថភាព ជំនាញ និងបំណិនផ្នែកសហគ្រិនភាពដល់យុវជនក្នុង និងក្រៅសាលា។ សម្រួចសមត្ថភាព និងបណ្តុះបណ្តាលបំណិនសហគ្រិនភាពបែបអនុវត្តន៍ជាក់ស្តែងដល់យុវជន ដើម្បីអាចក្លាយជា “សហគ្រិនជោគជ័យ” ក្នុងយុគសម័យឌីជីថល។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសង្កត់ធ្ងន់ថា ចំពោះសារៈប្រយោជន៍ដែលយុវជនទទួលបានពីកម្មវិធីនេះ គឺការបណ្តុះបណ្តាល ការតម្រង់ទិស និងវិធីសាស្រ្តនៃការសរសេរគម្រោងអាជីវកម្ម ម៉ូដែលអាជីវកម្មថ្មីៗពីវាគ្មិនជាសហគ្រិនជោគជ័យ និងចុះកម្មសិក្សាក្នុងស្ថានភាពពិតនៅតាមក្រុមហ៊ុន។ ជាមួយគ្នានេះ ជំនាញទំនាក់ទំនង បទពិសោធន៍ និងការបង្កើតបណ្តាញជាមួយសហគ្រិនជោគជ័យក្នុងយុគសម័យឌីជីថល បំណិនការងារជាក្រុម មានភាពជាអ្នកដឹកនាំ និងគំនិតនវានុវត្តន៍ក្នុងការរៀបចំផែនការអាជីវកម្ម៕ដោយ៖រិទ្ធ

សម្រួលផ្សាយ៖ កន ចំណាន