អ្នកនាំពាក្យ​ក្រសួង​អប់រំ​៖​សាលារៀន​ចំនួន​៦​ពាក់ព័ន្ធ​នឹង​គណៈប្រតិភូ​ការបរទេស​ប្រទេស​ហុង​គ្រី​

AKP ភ្នំពេញ ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២០–
​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បញ្ជាក់ថា មកដល់​យប់​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​បាន​រកឃើញ​សាលារៀន​ពាក់ព័ន្ធ​នឹង​គណៈប្រតិភូ​ការបរទេស​ប្រទេស​ហុង​គ្រី​ចំនួន​៦​។​
​ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង កីឡា​បានឱ្យដឹង​នៅ​ថ្ងៃទី​៧​វិច្ឆិកា​ឆ្នាំ​២០២០​ថា​
​គិត​ត្រឹម​យប់​ថ្ងៃទី​០៦ វិច្ឆិកា ២០២០ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​រកឃើញថា គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​២​ទៀត (​សរុប​មាន​ចំនួន​០៦​គ្រឹះស្ថានសិក្សា​) ពាក់ព័ន្ធ​នឹង​ករណី​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។

​ឯកឧត្តម បាន​បន្តថា​គណ​:​គ្រប់គ្រង​នៃ​គ្រឹះស្ថានសិក្សា​ទាំងនេះ បាន​ចាត់ចែង​អនុវត្ត​វិធានការ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​យ៉ាង​ខ្ជាប់​ខ្ជាន់ រួច​បាន​ផ្អាក​ដំណើរការ​សិក្សា​ក្នុង​ថ្នាក់រៀន​តាម​ការចាំបាច់ និង​បន្ត​ការសិក្សា​តាម​អន​ឡាញ​រយ​:​ពេល​១៤​ថ្ងៃ​។ ឯកឧត្តម​បន្ថែមថា លទ្ធផល​តេស្ត​កូ​វីដ​-១៩ របស់​អ្នកពាក់ព័ន្ធ​ស្ថិតក្នុង​ការផ្សព្វផ្សាយរ​បស់​ក្រសួងសុខាភិបាល​។

​ជាមួយគ្នា​នោះដែរ​អ្នកនាំពាក្យ​ក៏បាន​ឱ្យដឹងថា​ស្ថានភាព​នៃ​គ្រឹះស្ថានសិក្សា​គិត​ត្រឹម​យប់​ថ្ងៃទី​០៦ វិច្ឆិកា ឆ្នាំ​២០២០÷
-​គ្រឹះស្ថានសិក្សា​ទី​៦÷ សិស្ស​២​រូប​មាន​មាតាបិតា​ដែល​បានទទួល​ទាន​អាហារ​ជាមួយ​អ្នក​ដែល​បាន​ប៉ះពាល់​ជាមួយ​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។​
-​គ្រឹះស្ថានសិក្សា​ទី​៥÷ សិស្ស​២​រូប​ដែលមាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។

​ស្ថានភាព​នៃ​គ្រឹះស្ថានសិក្សា​គិត​ត្រឹម​យប់​ថ្ងៃទី​០៥ វិច្ឆិកា ឆ្នាំ​២០២០÷
-​គ្រឹះស្ថានសិក្សា​ទី​៤÷ សិស្ស​២​រូប ដែលមាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។​
-​គ្រឹះស្ថានសិក្សា​ទី​៣÷ សិស្ស​២​រូប ដែលមាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។
-​គ្រឹះស្ថានសិក្សា​ទី​២÷ សិស្ស​២​រូប​ដែលមាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។​
-​គ្រឹះស្ថានសិក្សា​ទី​១÷ បុគ្គលិក​១​រូប​បាន​ប៉ះពាល់​ជាមួយ​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។ ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង​កីឡា​ទាំងអស់​មេត្តា​បន្ត​រាយការណ៍​ជូន​ក្រសួង​តាមរយ​:​លេខ​ទូរស័ព្ទ​០១២៣៣៥៩៩៩​។ ចំពោះមុខ​នេះ គណ​:​គ្រប់គ្រង​គ្រឹះស្ថានសិក្សា លោកគ្រូ​-​អ្នកគ្រូ បុគ្គលិក​អប់រំ សិស្សានុសិស្ស មាតាបិតា និង​គ្រប់ភាគី​ពាក់ព័ន្ធ ត្រូវ​បន្ត​ការអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុវត្ថិភាព​សុខភាព​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។

​ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​គោរព​ថ្លែងអំណរគុណ​ជូន​គ្រប់ភាគី​ពាក់ព័ន្ធ​ដែល​បានផ្តល់​កិច្ចសហការ​ទាន់ពេលវេលា​៕ ដោយ​៖ ប៊ុន រិ​ទ្ធ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​