ភ្ញៀវទេសចរដែលចង់ជិះក្បូនកម្សាន្តតាមផ្ទៃទឹក កុំភ្លេចទៅលេងទំនប់ខ្សាកស្រុកជីក្រែង ខេត្តសៀមរាប ប

វិទ្យុជាតិកម្ពុជា លោកអេង យូ

សៀមរាប៖.ទំនប់ខ្សាក ស្ថិតនៅក្នុងឃុំខ្វាវ ស្រុកជីក្រែងខេត្ត សៀមរាប មានចម្ងាយប្រមាណ៤០គីឡូ​ម៉ែត្រពីទីរួម​ស្រុកជីក្រែង ក្រោយពេលធ្វើការស្តាឡើងវិញដើម្បីបម្រើឱ្យវិស័យកសិកម្ម ទំនប់ខ្សាកក៏បានក្លាយជា​​តំបន់ទេស​ចរ​ណ៍​មួយ ដ៏គួរឱ្យទាក់ទាញខ្លាំង។
លោក អ៊ូ បុត្រ ប្រធានសហគមន៍ប្រព័ន្ធធារាសាស្ត្រទំនប់ខ្សាក ស្រុកជីក្រែងបានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិ​កម្ពុជា​ថា ក្រៅពីការដោះស្រាយបញ្ហាទឹកសម្រាប់ធ្វើកសិកម្ម ដល់ប្រជាពលរដ្ឋនៅក្នុងឃុំខ្វាវទាំងមូល ទំនប់ខ្សាក​​មានតួនាទីមួយទៀតគឺ បម្រើឱ្យវិស័យទេសចរណ៍ ព្រោះទីនោះមានទេសភាពស្រស់ស្អាត អមទៅដោយជួរ​​ភ្នំព័ទ្ធជុំវិញ ផ្ទៃទឹកធំល្វឹងល្វើយ អាចឱ្យភ្ញៀវហែលទឹកលេងកម្សាន្ត និងជាពិសេសការជិះក្បូនធ្វើពីឬស្សី ឬកាណូតទស្សនាជុំវិញបឹងទៀតផង។

លោកបន្តថា ភ្ញៀវទេសចរក្រៅពីទទួលបានភាពសប្បាយរីករាយហើយនោះ ទីក៏ទទួលបាននូវការបម្រើ​សេវាកម្មម្ហូប​អាហារ​របស់អ្នកស្រុកក្នុងតំបន់ ដើម្បីបំពេញភាពហត់នឿយក្រោយពេលហែលទឹកកម្សាន្តផងដែរ ដែលម្ហូបអាហារទាំងនោះលក់ជូនក្នុងតម្លៃសមរម្យ។

ប្រធានសហគមន៍ប្រព័ន្ធធា រាសាស្ត្រទំនប់ខ្សាកបញ្ជាក់ថា ទំនប់ខ្សាក មានភ្នំព័ទ្ធជុំវិញដែលអាចឱ្យយើងរៀប​ចំជាកន្លែងទេសចរណ៍ ជាខ្ចុស បណ្តែតទឹកសម្រាប់បងប្អូនទៅកម្សាន្តនៅខែបុណ្យទានមានទឹកហែល មានក្បូន​សម្រាប់ជិះកម្សាន្តលេង ក្បូនធ្វើពីឬស្សីចងបាច់ ប្រកដំបូល ហើយមានទូក កាណូតតូចៗសម្រាប់ដឹកភ្ញៀវ​ដើរលេង​ក្នុងបឹង មានអ្នកលក់ដូរនៅទីនោះ លក់ក្នុងទឹកក៏មាន លើគោកក៏មាន មានម្ហូបអាហារ នំចំណី ម្ហូបកម្មង់ ចង់បានអ្វីក៏បាន ហើយមានតម្លៃសមរម្យដូចជានៅផ្សារតាមភូមិដែរ។

គួរជម្រាបដែរថា ទំនប់ខ្សាកស្ថិតនៅក្នុងភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែងខេត្តសៀម រាប ដំបូងឡើយទំនប់នេះ ជា ប្រព័ន្ធ​ធារាសាស្ត្រពីសម័យបុរាណ ក្រោយមន្ទីរធនធាន ទឹកនិងឧតុនិយមខេត្តសៀម រាប បានធ្វើការស្តារ​ឡើងវិញ​រួចរាល់ក្នុងឆ្នាំ២០១៨មក ទីនេះក៏ក្លាយជាទីចាប់ អារម្មណ៍មកកម្សាន្តពីសំណាក់ភ្ញៀវទេសចរជាហូរហែ៕