ចិននិងកម្ពុជា គឺជាប្រទេសជិតខាងល្អ មិត្តល្អ និងដៃគូយុទ្ធសាស្រ្តអនុវត្តសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ

 

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត 

  ភ្នំពេញ៖ ប្រទេសចិន និងកម្ពុជា គឺជាប្រទេសជិតខាងល្អ មិត្តល្អ និងដៃគូយុទ្ធសាស្រ្តអនុវត្តសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ ក្នុងពេលដែលទំនាក់ទំនងប្រទេសទាំងពីរត្រូវបានពង្រឹងពង្រីកលើគ្រប់វិស័យ។

  ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលមន្រ្តីគណបក្សប្រជាជនកម្ពុជា រៀបចំឡើងដោយក្រសួងទំនាក់ទំនងអន្តរជាតិនៃមជ្ឈិមបក្សកុម្មុយនិស្តចិន តាមប្រព័ន្ធVideo Conferenceកាលពីថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២០ ឯកឧត្តម Wang Yajun អនុរដ្ឋមន្រ្តីនៃក្រសួងទំនាក់ទំនងអន្តរជាតិនៃមជ្ឈិមបក្សកុម្មុយនិស្តចិនបានលើកឡើងថា ក្រោយពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក ភាគីទាំងពីរបានជួយយកអាសាគ្នាទៅវិញទៅមក រួមសុខរួមទុក្ខលើក្បូនតែមួយ ជំរុញនិងចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសមួយនេះ រួមគ្នារក្សាការពារយុត្តិធម៌សច្ចធម៌លើឆាកអន្តរជាតិ។ ភាគីចិនរីករាយពង្រឹងកិច្ចទំនាក់ទំនងជាមួយភាគីកម្ពុជា ជំរុញការកសាងសហគមន៍ជោគវាសនារួមរវាងចិននិងកម្ពុជា ផ្តល់ផលប្រយោជន៍កាន់តែល្អប្រសើរជូនដល់ប្រទេសទាំងពីរនិងប្រជាជនទាំងពីរ រួមចំណែករឹតតែធំធេងក្នុងការជំរុញសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់និងនៅលើពិភពលោក។

ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ជាក់ស្តែង វគ្គបណ្ដុះបណ្ដាលមន្រ្តីនៃគណបក្សប្រជាជនកម្ពុជាតាមប្រព័ន្ធអ៊ីនធើណេតលើកនេះ ជាការអនុវត្តយ៉ាងរស់រវើកដើម្បីអនុវត្តកុងសង់ស៊ីសសំខាន់ៗរបស់ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ ពង្រឹងកិច្ចទំនាក់ទំនងយុទ្ធសាស្រ្តរវាងគណបក្សទាំងពីរដោយស្ថិតក្រោមស្ថានភាពនៃជំងឺវីរុស និងធ្វើឱ្យកាន់តែស៊ីជម្រៅនៃការផ្លាស់ប្តូរបទពិសោធន៍អភិបាលកិច្ច និងលើកកម្ពស់កាន់តែប្រសើរឡើងនូវសមត្ថភាពនិងកម្រិតអភិបាលកិច្ចរបស់គណបក្សទាំងពីរក្រោមស្ថានភាពថ្មី ជួយសម្របសម្រួលក្នុងការជំរុញកិច្ចការពារជំងឺវីរុសនិងផ្តល់បទពិសោធន៍ដែលមានអត្ថប្រយោជន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។

ឯកឧត្តមបន្តថា ស្ថានទូតចិនប្រចាំកម្ពុជានឹងបន្តចូលរួមជំរុញរៀបចំកិច្ចសហប្រតិបត្តិការទំនាក់ទំនងរវាងគណបក្សទាំងពីរកាន់តែសម្បូរបែប ជំរុញទំនាក់ទំនងគណបក្សទាំងពីរនិងប្រទេសទាំងពីរអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរ។

លោកជំទាវ មាន សំអាន សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា បានវាយតម្លៃ

ខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗរបស់ប្រទេសចិនក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសនិងដំណើរការសារជាថ្មីនៃផលិតកម្ម។ លោកជំទាវបានអបអរសាទរចំពោះការបើកកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី១៩បានយ៉ាងជោគជ័យ និងបានថ្លែងអំណរគុណដល់ប្រទេសចិនដែលបានផ្តល់ការគាំទ្រដ៏មានតម្លៃជូនដល់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសនិងការស្តារអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ 

លោកជំទាវបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជារីករាយបន្តដំណើរជាមួយគណបក្សកុម្មុយនិស្តចិន ដើម្បីជំរុញការអភិវឌ្ឍស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការមិត្តភាពគ្រប់វិស័យរវាងកម្ពុជានិងចិនក្នុង“យុគសម័យក្រោយជំងឺវីរុសកូវីដ-១៩”នេះ៕