ពិធីបើកការប្រកួតជាផ្លូវការ កីឡាប៉េតង់ពានរង្វាន់ «គរុគុណ» លើកទី១ ឆ្នាំ២០២០

AKP ភ្នំពេញ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០–

ការប្រកួតកីឡាប៉េតង់ ពានរង្វាន់ «គរុគុណ» លើកទី១ ឆ្នាំ២០២០ ត្រូវបានបើកការប្រកួតជាផ្លូវការ ហើយ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលសហព័ន្ធនៃពហុកីឡដ្ឋានជាតិអូឡាំពិក។

ថ្លែងក្នុងឱកាសបើកការប្រកួតនេះ, ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា លើកឡើងថា ព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ពានរង្វាន់ «គរុគុណ» លើកទី១ ឆ្នាំ២០២០ ដែលចាប់ផ្តើមពីថ្ងៃទី០៦ ខែវិច្ឆិកា នេះ រហូតដល់ថ្ងៃទី០៨ ខែវិច្ឆិកា ត្រូវបានប្រារព្ធធ្វើឡើងក្នុងគោលបំណងរម្លឹកដល់កិច្ចខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃរបស់សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន ដែលបានដឹកនាំប្រភេទកីឡាប៊ូល និងប៉េតង់ រហូតទទួលបានភាពល្បីល្បាញ និងការកោតសរសើរទាំងថ្នាក់ជាតិ និងពិភពលោក។ ដ្បិតយើងបានបាត់បង់ស្ថាបនិក សម្តេចវិបុលបញ្ញា សុខ អាន ដែលជាបុគ្គលដ៏ឆ្នើមអស់ រយៈពេល៣ឆ្នាំមកហើយក្តី ប៉ុន្តែក្នុងនាមអ្នកបន្តវេន និងក្រោមការចង្អុលបង្ហាញពីសម្តេចប្រធានកិត្តិយស គឺសម្តេចក្រឡាហោម ស ខេង ឯកឧត្តម និងថ្នាក់ដឹកនាំសហព័ន្ធកំពុងខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស មានមន្ត្រីអាជ្ញាកណ្តាល ចៅក្រម អ្នកបច្ចេកទេស និងផលិតកីឡាករ-កីឡាការិនីឱ្យមានគុណភាពបន្ថែមទៀត ដើម្បីចូលរួមប្រកួតដណ្តើមយកមេដាយជូនជាតិមាតុភូមិ។ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចវិបុលបញ្ញា សុខ អាន សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានលេចចេញជារូបរាងនៅឆ្នាំ១៩៩១ ហើយបន្ទាប់ពីដំណើរការ២៩ឆ្នាំ មកនេះ ប៉េតង់កម្ពុជាបានសាងស្នាដៃ ជាច្រើននៅឆាកអន្តរជាតិ តាមរយៈការឈ្នះមេដាយរហូតដល់ ៣០៦ គ្រឿង (មាស ៨៨គ្រឿង, ប្រាក់១០៨គ្រឿង និងសំរឹទ្ធិ១១០គ្រឿង)។

ឯកឧត្តម ស សុខា ថ្លែងទៀតថា ជាមួយគ្នានេះ ការប្រកួតពានរង្វាន់ «គរុគុណ» ដែលសហព័ន្ធរៀបចំនៅពេលនេះ គឺដើម្បីផ្តល់ឱកាសឱ្យកីឡាករ កីឡាកាវិនី មកពីតាមបណ្តាខេត្តនានា ឬបណ្តាក្លិបបានបង្ហាញ និងបញ្ចេញសមត្ថភាព ក្នុងការសម្រេចគោលបំណង ឬក្តីស្រមៃ ដែលចង់ក្លាយជាកីឡាករជម្រើសជាតិ នាពេលអនាគត។ ម្យ៉ាងវិញទៀត ពានរង្វាន់នេះ នឹងជួយដុសខាត់សមត្ថភាពរបស់កីឡាករ កីឡាការីនី ដែលបានហ្វឹកហាត់កន្លងមក ប៉ុន្តែអត់មានឱកាសបញ្ចេញសមត្ថភាព។ នេះជាពេលវេលា ដែលត្រូវប្រកួតប្រជែងយកឈ្នះចាញ់ផង និងដកស្រង់បទពិសោធន៍ផង ដើម្បីបំពេញចន្លោះខ្វះខាត ក្នុងបេសកកម្មត្រៀមទៅប្រកួតពានរង្វាន់ថ្នាក់ជាតិម្តងទៀត នៅខែធ្នូ ខាងមុខ ក៏ដូចជា ការត្រៀមលក្ខណៈទៅប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាម ឆ្នាំ២០២១ និងត្រៀមយកមេដាយឱ្យបានច្រើនបំផុត យ៉ាងហោចឈរលេខ៣ ក្នុងតារាងលើប្រភេទកីឡាប៊ូល និងប៉េ តង់ ជូនជាតិនៅឆ្នាំ២០២៣ ពេលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូង។

យោងតាមគណៈកម្មការបច្ចេកទេសរៀបចំការប្រកួតបានឱ្យដឹងថា ចំពោះវិញ្ញាសាដាក់ឱ្យប្រកួតមានចំនួន៨ ដោយមានប្រកួតសរុបចំនួន ៣១៨ប្រកួត និងមានប្រតិភូ គ្រូបង្វឹកកីឡាករ កីឡាការិនីចូលរួមសរុបចំនួន ៤៧៨នាក់៕ ដោយ ហេង ណាលីន