រដ្ឋបាលខេត្តបន្ទាយមានជ័យ ​រៀបចំ​វេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២១​-២០២៣

AKP បន្ទាយមានជ័យ​ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០–

រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំវេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្ម វិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ២០២១-២០២៣ របស់ខ្លួនកាលពីព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ សាលាខេត្ត ដែលមានការចូលរួមពីស្ថាប័ន មន្ទីរ អង្គភាព អង្គការជាតិ អន្តរជាតិ វិស័យឯកជនជាច្រើនរយនាក់ ដែលបង្ហាញពីកិច្ចសហការល្អក្នុងគោលដៅបន្តជំរុញការងារ អភិវឌ្ឍន៍ ខេត្តឱ្យបានលឿនថែមទៀតនោះ។

នៅក្នុងវេទិកានេះ លោក អោម ចន្ថា អភិបាលស្តីទីខេត្តបន្ទាយមានជ័យបានមាន ប្រសាសន៍បញ្ជាក់ថា ជាការពិតណាស់ការអភិវឌ្ឍមិនមែនជាការងារ ដែលយើងអាចសម្រេច បានក្នុងរយៈពេល១ឆ្នាំ ឬ២ឆ្នាំ ឬក៏ខ្វះការចូលរួមបាននោះទេ ហើយការងារ ក៏ទាមទារនូវ ពេលវេលាយូរអង្វែងផងដែរ ក្នុងនោះត្រូវមានផែនការអនុវត្តច្បាស់លាស់ និងគ្រប់ជ្រុង ជ្រោយ និងមានកិច្ចសហប្រតិបត្តិការល្អពីស្ថាប័ននានាភាគីពាក់ព័ន្ធ ព្រមទាំងកៀរគរធនធាន ថវិកា និងសម្ភារឱ្យអស់លទ្ធភាព និងមធ្យោបាយ ព្រោះថាការចូលរួមគឺជាកត្តាសំខាន់ដែល មិនអាច ខ្វះបានក្នុងដំណើរការអភិវឌ្ឍប្រកបដោយចីរភាព។ ការងារកសាងផែនការពិតជា មូលដ្ឋានមួយដ៏មានសារៈសំខាន់ណាស់ ក្នុងការធានាធ្វើឱ្យប្រសើរដល់ កិច្ចការអភិវឌ្ឍនោះ​។

លោក អោម ចន្ថា បានបន្តទៀតថា ការរៀបចំវេទិកាពិគ្រោះយោបល់ ស្តីពីកម្ម វិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ខេត្ត គឺចង់បង្ហាញអំពីតម្រូវការអភិវឌ្ឍមូលដ្ឋានទូទាំងខេត្ត និង សម្របសម្រួលការអភិវឌ្ឍជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការ សង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានាដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជា ពលរដ្ឋក្នុងមូលដ្ឋានខេត្តប្រកប​ដោយប្រសិទ្ធភាពខ្ពស់នោះ។

លោកបានបញ្ជាក់ថា ការរៀបចំវេទិកាពិគ្រោះយោបល់នាថ្ងៃនេះរដ្ឋបាល ខេត្តមាន គោលបំណងបង្ហាញអំពីការសម្របសម្រួល រវាងអ្នកពាក់ព័ន្ធ និងការបន្ស៊ីគ្នានូវគម្រោងកម្ម វិធីវិនិយោគក្រុង ស្រុក និងពង្រឹងកិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយ រវាងរដ្ឋបាលខេត្ត ក្រុង ​ស្រុក និងភាគីពាក់ព័ន្ធនានាដែលកំពុងនឹងបន្តកម្មវិធីអភិវឌ្ឍនានាក្នុងខេត្ត សំដៅដើម្បី កៀរគរធនធានសម្រាប់អនុវត្តន៍ គម្រោងវិនិយោគនានា ដែលស្នើឡើង និងដែលមានក្នុង ផែនការអភិវឌ្ឍ​របស់រដ្ឋបាល​ខេត្ត ក្រុង ស្រុក ម្យ៉ាងទៀតគឺដើម្បីពិនិត្យមើល គម្រោងដូចគ្នា​ជាន់គ្នាដែលបានរៀបចំដោយអង្គការសង្គមស៊ីវិល វិស័យឯកជន និងដៃគូអភិវឌ្ឍ សំដៅធ្វើយ៉ាងណាជំរុញល្បឿនការអភិវឌ្ឍខេត្ត ឱ្យកាន់តែមានការរីកចម្រើនថែមទៀត ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ។

លោក អោម ចន្ថា ក៏បានក្រើនរម្លឹកដល់អង្គវេទិកាពិគ្រោះយោបល់ ស្តីពីកម្មវិធី វិនិយោគបីឆ្នាំរំកិលខេត្ត រដ្ឋបាលខេត្ត ក្រុង ស្រុកត្រូវព្យាយាមត្រង់ត្រាប់ ស្ដាប់ និងកត់ត្រា នូវព័ត៌មានសំខាន់ៗ ពិសេសពាក់ព័ន្ធទៅនឹងឈ្មោះមន្ទីរ អង្គភាព ដៃគូអភិវឌ្ឍ អង្គការ សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីអនុវត្តគម្រោងក្នុងដែនដីរបស់ខ្លួន ព្រមទាំងឈ្មោះ គម្រោង ទីតាំងគម្រោងដែលត្រូវអនុវត្តន៍ដោយតម្លាភាពសង្ឃឹមថា នឹងអាចឈានទៅដល់ ការសម្រប​សម្រួលគ្នាដើម្បីឱ្យការវិនិយោគ និងការអភិវឌ្ឍនៅមូលដ្ឋានប្រព្រឹត្តទៅប្រកប ដោយរលូននិង​ឱ្យមានប្រសិទ្ធភាពខ្ពស់​៕​

ដោយ៖ឈុនសារ៉ាត