ក្រសួងអប់រំផ្អាកបណ្តោះអាសន្នសាលារៀនឯកជនចំនួន០៤ បន្ទាប់ពីមានជាប់ពាក់ព័ន្ធនឹងករណីគណៈប្រតិភូប្រទេសហុងគ្រី

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី 

ភ្នំពេញ៖ ក្រសួងអប់រំបានតម្រូវឱ្យគ្រឹះស្ថានសិក្សាឯកជនចំនួន០៤ ផ្អាកដំណើរការសិក្សារយៈពេល១៤ថ្ងៃ បន្ទាប់ពីបាន រកឃើញថា មានពាក់ព័ន្ធនឹងករណីប៉ះពាល់ និងជួបប្រាស្រ័យជាមួយគណៈប្រតិភូប្រទេសហុងគ្រី ដែលមកបំពេញ ទស្សនកិច្ចផ្លូវការនៅកម្ពុជា។

ការផ្អាកការសិក្សារបស់សាលារៀនឯកជនចំនួន៤នេះ ធ្វើឡើងបន្ទាប់ពីប្រទេសថៃ បានប្រកាសរកឃើញថា ឯកឧត្តម រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មប្រទេសហុងគ្រី មានវិជ្ជមានកូវីដ-១៩ ក្រោយពេលដែលឯកឧត្តមបញ្ចប់ដំណើរ ទស្សនកិច្ចនៅកម្ពុជាកន្លងមកនេះ។ 

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់វិទ្យុជាតិកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា គ្រឹះស្ថានសិក្សាឯកជនទំាង០៤នេះ ក្រសួងតម្រូវឱ្យផ្អាកការសិក្សាបណ្តោះអាសន្នចាប់ពីថ្ងៃទី៥ ខែវិច្ឆិកា បន្ទាប់ពីបានរកឃើញថា មានពាក់ព័ន្ធនឹងករណីប៉ះពាល់ជាមួយ គណៈប្រតិភូប្រទេសហុងគ្រី។ 

ឯកឧត្តមបានបញ្ជាក់ថា ក្រសួងអប់រំចាំបាច់ណាស់ត្រូវតែអនុវត្តដូច្នេះ ដើម្បីការពារសុវត្ថិភាពផ្នែកសុខភាពកុំឱ្យឆ្លងរីករាល ដាលជំងឺកូវីដ-១៩ ហើយសិស្សានុសិស្សត្រូវបន្តការសិក្សាតាមអនឡាញរយ:ពេល១៤ថ្ងៃសិន។

ឯកឧត្តម​បញ្ជាក់​ថា​ «គិតត្រឹមយប់ថ្ងៃទី០៥ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានប្រមូលព័ត៌មានពីគ្រឹះស្ថានសិក្សា ហើយបានរកឃើញថា មានគ្រឹះស្ថានសិក្សាឯកជនចំនួន០៤ ពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី។ គណ:គ្រប់គ្រងនៃគ្រឹះស្ថានសិក្សាទាំងនេះ បានចាត់ចែងអនុវត្តវិធានការតាមការណែនាំ របស់ក្រសួងសុខាភិបាល យ៉ាងខ្ជាប់ខ្ជួន រួចបានផ្អាកដំណើរការសិក្សា ក្នុងថ្នាក់រៀនតាមការចាំបាច់ និងបន្តការសិក្សាតាមអនឡាញរយ:ពេល១៤ថ្ងៃ។ លទ្ធផលតេស្តកូវីដ-១៩ របស់អ្នកពាក់ព័ន្ធ ស្ថិតក្នុងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល»។

អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់បន្ថែមថា សម្រាប់គ្រឹះស្ថានសិក្សាឯកជនចំនួន០៤ដែលត្រូវផ្អាកនោះ ដោយសារគ្រឹះស្ថាន សិក្សាទី១ មានបុគ្គលិក១រូបបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។គ្រឹះស្ថានសិក្សាទី២ មានសិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។ គ្រឹះស្ថានសិក្សាទី៣ មានសិស្ស២រូបដែលមាន មាតាបិតា បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី និងគ្រឹះស្ថានសិក្សាទី៤ ក៏មានសិស្ស២រូប ដែលមានមាតាបិតា បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រីដែរ៕​