មន្ត្រីនិងក្រុមទីប្រឹក្សា ADB ប្រចាំក្រសួងធនធានទឹក ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង

AKP កំពង់ធំ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ —

ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM អមដោយសហការីជាច្រើនរូប មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ សហគមន៍កសិករប្រើប្រាស់ទឹក សកបទ ប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ក្នុងស្រុកសន្ទុក របស់ខេត្តកំពង់ធំ ក្រុមទីប្រឹក្សា ADB ប្រចាំក្រសួងធនធានទឹក និងឧតុនិយម ជាច្រើនរូបទៀត និងលោកមេឃុំគ្រប់ឃុំ បានអញ្ជើញចុះពិនិត្យប្រព័ន្ធធារាសាស្ត្រតាំងក្រសាំងនៅថ្ងៃសុក្រ ៦រោច ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើតាមផេកក្រសួងធនធានទឹក និងឧតុនិយម។

ប្រភពដដែលបញ្ជាក់ថា ឯកឧត្ដមអនុរដ្ឋលេខាធិការ និងគណ:ប្រតិភូទាំងមូលចុះទៅកាន់ភូមិសាស្រ្តប្រព័ន្ធធារាសាស្រ្តខាងលើនេះគឺ ធ្វើការត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF និងធនាគាអភិវឌ្ឍន៍អាស៊ី ADB ក្នុងវិស័យធនធានទឹក និងឧតុនិយម នាពេលកន្លងមក នៅលើទឹកដីក្នុងខេត្តកំពង់ធំនេះ។

អញ្ជើញចូលរួមនាពេលនេះ រួមមាន៖  តំណាងជាន់ខ្ពស់របស់ក្រសួង MEF តំណាងលោកជំទាវ Sunnya Durani Jamal នាយកស្ថានតំណាង ADB ប្រចាំនៅប្រទេសកម្ពុជា និងមន្ត្រីរបស់ ADB ជាច្រើនរូបទៀត។

លទ្ធផលសម្រេចបាន ៖ការអនុវត្តក្នុងពេលកន្លងមកលើគម្រោង ADB No. 3289 នៅតំបន់តាំងក្រសាំង បានសម្រេចនូវលទ្ធផលជោគជ័យយ៉ាងសម្បើម លើការកែប្រែមុខមាត់តំបន់នេះពីតំបន់ប្រទាញប្រទុងដោយសារសង្គ្រាម ធ្វើការផលិតមិនកើត ឱ្យក្លាយមកជាតំបន់ដែលមានសក្តានុពលខ្ពស់ជាអតិបរិមា ធ្វើស្រែបាន៣ដងក្នុង១ឆ្នាំ ហើយទិន្នផលបានពី ៥តោនក្នុង ១ ហិកតាឡើងទៅ ហើយមានទឹកគ្រប់គ្រាន់សម្រាប់ជាសុវត្ថិភាពដល់គ្រប់វិស័យទាំងអស់ និងមានផ្លូវគមនាគមន៍ធ្វើដំណើរពីភូមិមួយទៅភូមិមួយទៀតមានប្រព័ន្ធប្រឡាយឆ្វាត់ឆ្វែងរហូតដល់ប្រព័ន្ធប្រឡាយជើងក្អែបធ្វើឡើងពីបេតុងទៀតផងនិងមានការបំពាក់ដោយកម្មវិធីពង្រាបដីដោយបំពាក់នូវកម្មវិធីទំនើបបង្កលក្ខណ:ងាយស្រួលដល់ការចែកចាយទឹកបានដោយសមធម៌ទៀតផង។

ADB បានសម្តែងនូវការសប្បាយចិត្តពេញចិត្តពេញថ្លើមលើលទ្ធផលដែលសម្រេចបាន ដោយប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយនឹងក្រសួងធនធានទឹក និងឧតុនិយម ដើម្បីបន្តកិច្ចអភិវឌ្ឍន៍លើវិស័យធនធានទឹកឈានទៅធានាលើសុវត្ថិភាពទឹកជាបន្តបន្ទាប់។

ADB បានកោតសរសើរដល់ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានសហការល្អនឹងក្រសួង MEF និងADB ធ្វើការដឹកនាំកិច្ចអភិវឌ្ឍន៍លើ ប្រព័ន្ធធារាសាស្រ្តតាំងក្រសាំងខាងលើនេះ បានធ្វើឱ្យប្រព័ន្ធនេះក្លាយជាប្រព័ន្ធធារាសាស្ត្រមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានប្រភពទឹករស់ខួបប្រាំងខួបវស្សាសម្រាប់បម្រើឱ្យលើគ្រប់វិស័យប្រកបដោយនិរន្តរភាព ៕

ដោយៈ គង់ សិរីរ័ត្ន, រូបថតៈ ក្រសួងធនធានទឹក និងឧតុនិយម